(ភ្នំពេញ)៖ ដោយសារតែមានទេពកោសល្យដ៏អស្ចារ្យ ដែលអាចចងចាំលេខរាប់រយ រាប់ពាន់ខ្ទង់ និងអាចចងចាំប្រតិទិនជាច្រើនឆ្នាំទៀតនោះ បានធ្វើឱ្យយុវជនខ្មែរ ហុង ភារិន ដែលជានិស្សិតអាហារូបករណ៍សិក្សា នៅសាកលវិទ្យាល័យក្នុងប្រទេសថៃ បានបញ្ចេញសមត្ថភាពរបស់ខ្លួន នៅក្នុងកម្មវិធីដ៏ល្បីមួយក្នុងកម្មវិធី «Super100» របស់ស្ថានីយ៍ទូរទស្សន៍ថៃឈ្មោះ Workpoint Enterntainment បានធ្វើឱ្យមហាជនជាច្រើន មានការកោតសរសើរជាខ្លាំង។
ដោយសារតែមជ្ឈដ្ឋានមហាជនខ្មែរទូទាំងប្រទេស និងជុំវិញពិភពលោក មានការភ្ញាក់ផ្អើល និងកោតសរសើរ ចំពោះយុវជនខ្មែរម្នាក់ ឈ្មោះហុង ភារិន ជាច្រើននោះ លោកឧកញ៉ា នួន អក ដែលជាអ្នកជោគជ័យ ក្នុងវិស័យអចលនទ្រព្យម្នាក់ ក៏បានកោតសរសើរជាខ្លាំងផងដែរ ជាមួយនឹងការលើកទឹកចិត្ត ដោយបានប្រកាស ឧបត្ថម្ភថវិកាចំនួន១,០០០ដុល្លារផងដែរ។
យោងទៅតាម Page Facebook ផ្លូវការរបស់ឧកញ៉ា នួន អក បានឱ្យដឹង «កូនខ្មែរពិតជាអាស្ចារ្យ! ខ្ញុំពិតជាមានមោទកភាពជាខ្មែរដូចគ្នា សម្រាប់រូបខ្ញុំផ្ទាល់ ពិតជាអស្ចារ្យ រំភើប និងមានមោទកភាពណាស់ សម្រាប់ប្អូនប្រុស ហុង ភារិន អាយុត្រឹមតែ២២ឆ្នាំ ដែលកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យ ជ័យ ភូមិ ប្រទេសថៃ បានចូលរួមបង្ហាញសមត្ថភាពពិសេស នៃការធ្វើតេស្តសមត្ថភាពនៃការចងចាំ ក្នុងកម្មវិធី Super100 របស់ស្ថានីយ៍ទូរទស្សន៍ថៃមួយ ឈ្មោះ Workpoint Enterntainment ។ ដើម្បីជាការលើកទឹកចិត្តដល់រូបប្អូន ហុង ភារិន ផ្ទាល់ ខ្ញុំសូមចូលរួមជួយជាថវិកាជូនប្អូនចំនួន ១,០០០ដុល្លារផងដែរ សម្រាប់ជួយសម្រួលដល់ការសិក្សារបស់ប្អូនបន្តទៀត»។
សម្រាប់ប្រាក់ឧបត្ថម្ភនេះ យុវជន ហុង ភារិន អាចទាក់ទង Facebook page ឧកញ៉ា នួន អក oknha nourn ork ឬទំនាក់ទំនងលេខទូរស័ព្ទ៖ 010 999 658, 077 999 658 ដើម្បីទទួលថវិកានេះ៕