(បាត់ដំបង)៖ ប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដែលមានលោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត បានដឹកនាំកម្លាំងចម្រុះ រួមមានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត កម្លាំងនគរបាលចរាចរណ៍ខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត ចុះរឹតបន្តឹងច្បាប់ និងផាកពិន័យ លើអ្នកជិះម៉ូតូ ដែលមិនព្រមពាក់មួកសុវត្តិភាព ខណៈថ្ងៃផុតឱសានវាទច្បាប់ ដែលពន្យាពេលកំណត់១ខែនោះ ផុតកំណត់កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ថ្មីៗនេះ ដោយតម្រូវឱ្យអ្នកជិះម៉ូតូ ដែលអត់ពាក់មួកសុវត្ថិភាព ត្រូវយកមួកមកពាក់ភ្លាមៗ បើមិនពាក់មួកនឹងពិន័យប្រាក់១៥,០០០រៀល ក្នុងម៉ូតូមួយគ្រឿងតាមច្បាប់។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ៥ស្ថិត នៅភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
លោកវរសេនីយ៍ទោ អ៊ឹម អង្សា នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត បានឱ្យដឹងថា យោងតាមបទបញ្ជា របស់លោក សឿម ប៊ុនរិទ្ធ បានបញ្ជាក់ថា ដើម្បីអនុវត្តច្បាប់ពង្រឹងច្បាប់ចរាចរណ៍ សណ្តាប់ធ្នាប់សាធារណៈ កម្លាំងចម្រុះបានចុះធ្វើយុទ្ធនាការ ព្រមទាំងផាកពិន័យ ដល់អ្នកធ្វើដំណើរ លើដងផ្លូវដោយម៉ូតូទាំងឡាយណា ដែលមិនព្រមពាក់មួកសុវត្ថិភាព គឺសមត្ថកិច្ចត្រូវឃាត់ពួកគាត់ ដើម្បីយកមួកសុវត្ថិភាព មកពាក់ភ្លាមៗ រួមទាំងពិន័យនៅនឹងកន្លែងជាប្រាក់ចំនួន១៥,០០០រៀល ក្នុងម៉ូតូ១ ព្រមទាំងធ្វើការអប់រំ អំពីច្បាប់ចរាចរណ៍ផងដែរ។
លោកបានបន្តថា កម្លាំងចម្រុះបានចុះធ្វើការមួយចំនួនទៀតដូចជា កាត់តួរថយន្តតវែងខុសបច្ចេកទេស និងបាញ់ល្បឿនដែលយាន្តជំនិះ គ្រប់ប្រភេទបើកលើសលឿនហួសកំណត់ ដើម្បីពិន័យ ហើយការងារនេះ កម្លាំងចម្រុះនឹងចល័តបន្តធ្វើកន្លែងផ្សេងៗ ទៀតផងដែរ៕