(អេហ្គល, ស្វីស)៖ ក្នុងដំណើរបំពេញទស្សនកិច្ចនៅទីក្រុងអេហ្គល ប្រទេសស្វីសក្នុងសប្តាហ៍នេះ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន បានដឹកនាំគណៈប្រតិភូកម្ពុជា ទស្សនកិច្ចនៅសហភាពអន្តរជាតិកីឡាទោចក្រយាន (Union Cycliste Internationale – UCI) ដែលជាសហព័ន្ធពិភពលោកទទួលបន្ទុកកីឡាទោចក្រយាន។
ការបំពេញទស្សនកិច្ចនេះ ដើម្បីពិភាក្សាការងារក្នុងគោលបំណងអភិវឌ្ឍន៍វិស័យកីឡាទោចក្រយាននៅកម្ពុជា។ លោក ប៉ាន សូរស័ក្តិ និងគណៈប្រតិភូ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកស្រី អាមីណា ឡានណាយ៉ា (Amina Lanaya) អគ្គនាយករបស់ UCI និងមន្ត្រី UCI មួយចំនួនទៀត។
ក្នុងជំនួបពិភាក្សានោះ លោក ប៉ាន ស័រស័ក្តិ បានជម្រាបលោកស្រី Amina Lanaya ថា កីឡាទោចក្រយាន ជាកីឡាមួយមានប្រជាប្រិយភាពនៅក្នុងស្រទាប់មហាជននៅកម្ពុជា ប៉ុន្តែសម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍នានា សមត្ថភាពរបស់កម្ពុជា នៅមានកម្រិតនៅឡើយ។ ទោះជាយ៉ាងណា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ក្នុងឆ្នាំ២០២៣ (SEA Games 2023) ហើយនោះជាចក្ខុវិស័យរបស់សហព័ន្ធក្នុងការពង្រឹងសមត្ថភាព ដើម្បីដណ្ដើមមេដាយក្នុងព្រឹត្តិការណ៍នោះ។
លោករដ្ឋមន្ត្រី បានស្នើសុំឲ្យ UCI ជួយដល់ការអភិវឌ្ឍសមត្ថភាពមន្ត្រីសហព័ន្ធកីឡាករ អាជ្ញាកណ្ដាល ក៏ដូចជាជំនួយជាកង់ និងឧបករណ៍ដទៃទៀត។
ជាកិច្ចឆ្លើយតប លោកស្រី Amina Lanaya បានថ្លែងអំណរគុណចំពោះការអញ្ជើញមករបស់លោករដ្ឋមន្ត្រី ដោយនេះជាលើកទីមួយហើយ ដែលគណៈប្រតិភូកម្ពុជា បានមកបំពេញទស្សនកិច្ចនៅ UCI។ លោកស្រី បានកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះការប្តេជ្ញាចិត្តរបស់លោករដ្ឋមន្ត្រី ក្នុងការអភិវឌ្ឍវិស័យទោចក្រយាននៅកម្ពុជា ជាពិសេសចំពោះចក្ខុវិស័យដ៏ហ្មត់ចត់ ដើម្បីដណ្ដើមយកមេដាយក្នុងព្រឹត្តិការណ៍ SEA Games 2023។
លោកស្រីអគ្គនាយក បានជម្រាបជូនបន្ថែមថា UCI ទទួលភារកិច្ចគ្រប់គ្រងលើកីឡាប្រណាំងកង់ច្រើនប្រភេទ ដូចជា ការប្រណាំងលើដងវិថី លើផ្លូវកង់ កង់ប្រណាំងលើភ្នំ កង់ BMX ។ល។ លោកស្រី ក៏បានជម្រាបជូនអំពីកម្មវិធីមួយចំនួនរបស់ UCI ដែលកម្ពុជាអាចស្នើមក UCI ក្នុងគោលបំណងពង្រឹងស្ថាប័ន សមត្ថភាពកីឡាករ ចំណេះដឹងគ្រូបង្វឹក និងអាជ្ញាកណ្ដាល ក៏ដូចជាឧបករណ៍មួយចំនួនទៀត ក្នុងគោលបំណងជួយដល់កម្ពុជាសម្រេចបានចក្ខុវិស័យរបស់ខ្លួន។
លោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណចំពោះការណែនាំរបស់លោកស្រីអគ្គនាយក ដោយការមកជួបលើកនេះ នឹងបង្កើតជាទំនាក់ទំនងយូរអង្វែងរវាងសហព័ន្ធខ្មែរកីឡាទោចក្រយាន និងសហព័ន្ធពិភពលោក UCI។ ចំពោះសំណើនានា សហព័ន្ធខ្មែរកីឡាទោចក្រយាន នឹងពិនិត្យលើកម្មវិធីដែល UCI ជម្រាបជូន ដើម្បីលើកសំណើនានា សំដៅពង្រឹងបន្ថែមការអភិវឌ្ឍកីឡាទោចក្រយាន ដើម្បីអាចប្រកួតប្រជែងបានក្នុងព្រឹត្តិការណ៍ពិភពលោក និងតំបន់៕