(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ បានប្រាប់មន្ត្រីរបស់ខ្លួនទាំងអស់ ហាមដាច់ខាតប្រើប្រាស់របស់ក្លែងក្លាយ។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល នាយឧត្តមសេនីយ៍ មៀច សុផាន់ណា អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសសមាសភាព គ.ប.ផ.ក ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ពាក់ព័ន្ធ ជាអនុរដ្ឋលេខាធិការ អគ្គនាយករង ប្រធាននាយកដ្ឋាន សមាជិក សមាជិកានៃ គ.ប.ផ.ក និងតំណាងស្ថានទូតនានា ប្រចាំនៅកម្ពុជា អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ។
នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានបញ្ជាក់យ៉ាងដូច្នេះថា «ហាមដាច់ខាត ចំពោះសមាជិក របស់គណៈកម្មាធិការ ក៏ដូចជាមន្ដ្រីនៅក្នុងគណៈកម្មាធិការ...បើសិនជាយើងធ្វើការ នៅក្នុងគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ គួរណាស់តែកុំប្រើរបស់ក្លែងក្លាយ ព្រោះបើយើងប្រើរបស់ក្លែងក្លាយខ្លួនឯងទៅហើយ យើងទៅបង្ក្រាបរបស់ក្លែងក្លាយយ៉ាងដូចម្ដេច»។
ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ បន្ដថា «យើងត្រូវតែប្រើរបស់ពិត ដើម្បីជាការគោរពដល់កម្មសិទ្ធិបញ្ញា ក៏ដូចជាគោរពទៅដល់អ្នក ដែលប្រើគំនិតប្រាជ្ញាច្នៃប្រឌិត វិនិយោគទាំងពេលវេលា ទាំងថវិកា ដើម្បីឲ្យចេញជាផលិត ដែលមានម៉ាកមានយីហោ»។
លោកក៏បានគូសបញ្ជាក់ថា ការផលិត និងការចរាចរផលិតផលក្លែងក្លាយ ដែលកំពុងតែរីករាលដាល ពីមួយថ្ងៃទៅមួយថ្ងៃស្ទើរគ្រប់ទីកន្លែង នាពេលបច្ចុប្បន្ននេះ ត្រូវបានពិភពលោក ចាត់ទុកជាបទល្មើស ដែលមានអង្គការចាត់តាំង និងជាបទល្មើសឆ្លងដែន ហើយបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព សាធារណៈ និងបង្កគ្រោះថ្នាក់ដល់មនុស្សជាតិ។
លោក មៀច សុផាន់ណា បានលើកទ្បើងអំពីចំណុច៣សំខាន់ៗ ដើម្បីចូលរួមតម្រង់ទិសគោលនយោបាយ និងសកម្មភាពប្រឆាំងផលិតផលក្លែងក្លាយរួមមាន៖
១៖ ត្រូវបន្តចាត់វិធានការ ក្នុងការប្រយុទ្ធប្រឆាំងនឹងការផលិត ការចែកចាយផលិតផលក្លែងក្លាយ ឲ្យបានខ្លាំងក្លាបន្ថែមទៀត ពីព្រោះថា ការងារនេះគឺជាអាទិភាពមួយ ក្នុងចំណោមអាទិភាពនានា របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបេសកកម្មទ្រទ្រង់សុខុមាលភាព និងជីវិតរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា គ្រប់ៗរូប។
២៖ គន្លឹះនៃភាពជោគជ័យក្នុងការទប់ស្កាត់ និងការបង្ក្រាបបទល្មើស ផ្តើមចេញពីការយល់ដឹង អំពីផលវិបាកគ្រោះថ្នាក់ពាក់ព័ន្ធនឹងផលិតផលក្លែងក្លាយ ក្នុងចំណោមកងកម្លាំងអនុវត្តច្បាប់ អាជ្ញាធរ មានសមត្ថកិច្ច និងប្រជាពលរដ្ឋ ។
លោកថា ក្នុងន័យនេះ ការបណ្តុះបណ្តាល ការអប់រំផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវយុទ្ធនាការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ជាកត្តាមិនអាចខ្វះបាន ដើម្បីធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋបានយល់ច្បាស់ អំពីផលប៉ះពាល់ នៃការប្រើប្រាស់ផលិតផលក្លែងក្លាយ និងចូលរួមផ្តល់ព័ត៌មាននានា មកគណៈកម្មាធិការ។
៣៖ ក្នុងការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយនេះ គ្មានស្ថាប័នណាមួយ ឬអង្គភាពណាមួយ ឬប្រទេសណាមួយ អាចអនុវត្តការងារនេះ បានជោគជ័យតែឯកឯងទេ ទាល់តែមានកិច្ចសហការគ្នាល្អ ទាំងក្នុងប្រទេស ក្នុងតំបន់ និងសកលលោក ទើបទទួលបានជោគជ័យ និងមានប្រសិទ្ធភាព។
លោកក៏សូមសំណូមពរ ដល់លោក-លោកស្រី ជាអនុប្រធាន សមាជិកគណៈកម្មាធិការទាំងអស់ សូមបន្តកិច្ចសហប្រតិបត្តិការល្អ គ្រប់សកម្មភាព គ្រប់ស្ថានភាព ដែលឈានទៅធ្វើឲ្យសង្គមកម្ពុជា អាចលុបបំបាត់ នូវផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មាន ហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ដោយជោគជ័យ។
លោកបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំនានា ដែលគណៈកម្មាធិការសម្រេចបាន ក្នុងរយៈកាលកន្លងមក ដែលបង្រ្កាប និងរឹបអូសបាន ផលិតផលក្លែងក្លាយជាច្រើនប្រភេទ រាប់រយតោន ទៅធ្វើការបំផ្លាញចោល និងបានបញ្ជូនខ្លួនជនសង្ស័យទៅតុលាការ ដើម្បីផ្តន្ទាទោសដាក់ពន្ធនាគារ បានមួយចំនួនផងដែរ។
លោកថា នៅក្នុងលទ្ធផលជាច្រើន ដែលសម្រេចបាន ក៏មិនភ្លេចអំពីព្រឹត្តិការណ៍ដ៏សំខាន់មួយ គឺការប្រារព្ធនូវសន្និសីទថ្នាក់តំបន់ ស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព» កាលពីចុងឆ្នាំ២០១៨ កន្លងមក ក្រោមវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលទទួលបានការគាំទ្រ និងអញ្ជើញចូលរួមពីបណ្តាប្រតិភូ និងឥស្សរជន អន្តរជាតិនានា មកពីប្រទេសបារាំង ចិន មីយ៉ាន់ម៉ា ថៃ ឡាវ និងវៀតណាម។
ក្នុងនោះ ក៏មានវត្តមានតំណាង មកពីក្រសួង ស្ថាប័ន របស់រាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនពាក់ព័ន្ធ ចូលរួមសរុបប្រមាណ៤៥០នាក់ បានរួមគ្នាជជែកពិភាក្សា ចែករំលែកបទពិសោធន៍ អំពីការប្រយុទ្ធប្រឆាំង ឱសថក្លែងក្លាយ និងអន់គុណភាព ដែលបានជួបប្រទះ នៅតាមប្រទេសរៀងៗខ្លួន ធ្វើយ៉ាងណារកដំណោះស្រាយធ្វើការទប់ស្កាត់ និងលុបបំបាត់ឲ្យមានប្រសិទ្ធភាព៕