(ភ្នំពេញ)៖ ក្រុមហ៊ុនភ្នំពេញ លែន ឃែភីថល ម.ក នៅរសៀលថ្ងៃ២៩ ខែសីហា ឆ្នាំ២០១៩ បានចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយគ្នា ជាមួយក្រុមហ៊ុន ម៉េកស៍ អាយខន ម.ក, ក្រុមហ៊ុន អូរ៉ូរ៉ា ឃែភីថល ម.ក និងក្រុមហ៊ុន ហ្វួរមី រ៉ូសហ្ស ម.ក សម្រាប់ការវិនិយោគរួមគ្នាលើសេវាកម្មសុខាភិបាល និងសេវាកម្មគ្រប់គ្រងអាជីវកម្ម ក្នុងទំហំទឹកប្រាក់ ៥.៦លានដុល្លាសហរដ្ឋអាមេរិក។
ពិធីចុះកិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដាច់ដោយឡែកពីគ្នារវាងលោកស្រី សែ លីលី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនភ្នំពេញ លែន ឃែភីថល ម.ក ជាមួយលោកស្រី អុិន ថៃរ៉ូហ្សាលីន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ម៉េកស៍ អាយខន ម.ក, លោកស្រីវេជ្ជបណ្ឌិត ឃួន លីដា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អូរ៉ូរ៉ា ឃែភីថល ម.ក និងលោក វ៉ាន ច័ន្ទដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហ្វួរមី រ៉ូសហ្ស ម.ក នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។
លោក Rory Cox នាយកវិនិយោគនៃក្រុមហ៊ុនភ្នំពេញ លែន ឃែភីថល បានឱ្យដឹងថា ការបណ្តាក់ទុនរួមគ្នានេះ គឺដើម្បីផ្តល់ឱ្យប្រទេសកម្ពុជានូវគោលដៅមួយ ធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយភាពទាន់សម័យ។ យើងរីករាយក្នុងការបង្កើតទំនាក់ទំនងសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីធានាបាននូវភាពជោគ ជ័យនៃគម្រោងដ៏ធំរបស់យើងគឺទីក្រុង អៃស៊ីធី។
លោកស្រី Lorencia Kumalasari នាយកប្រតិបត្តិក្រុមហ៊ុន ម៉េកស៍ អាយខន បានលើកឡើងថា ក្រុមហ៊ុន ម៉េកស៍ អាយខន ជាក្រុមហ៊ុនមេ ដែលបានបង្កើតក្រុមហ៊ុនបុត្រសម្ពន្ធ័ពីរ ក្នុងការផ្តល់សេវាកម្មផ្នែកទន្តសាស្ត្រ និងរោគសើស្បែក ដោយគោរពតាមបទដ្ឋាន ISO ត្រឹមត្រូវ ហើយនៅក្នុងឆ្នាំខាងមុខនេះ ក្រុមហ៊ុនគ្រោងនឹងបើកសាខា Jordan Petra Dental Clinic ចំនួន ៤បន្ថែមទៀត ដែលអាចធ្វើអតិថិជន មានឱកាសទទួលបានការព្យាបាលប្រកបដោយវិជ្ជាជីវៈ ដោយវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ច្បាស់លាស់ក្នុងតម្លៃសមរម្យផងដែរ។
លោកវេជ្ជបណ្ឌិត វ៉ាន សុខជា នាយកប្រតិបត្តិក្រុមហ៊ុន អូរ៉ូរ៉ា ឃែភីថល បានលើកឡើងថា ក្រុមហ៊ុន អូរ៉ូរ៉ា ឃែភីថល ជាក្រុមហ៊ុនមេ ដែលបានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធពីរគឺ ក្រុមហ៊ុន Maxicare Pedaitric Clinic និងក្រុមហ៊ុន Bright Mind ដែលមានក្រុមគ្រូពេទ្យ មានជំនាញច្បាស់លាស់បញ្ចប់ការសិក្សាមកពីប្រទេសបារាំង អូស្ត្រាលី និងកូរ៉េ។ ក្រុមហ៊ុន Bright Mind ផ្តោតលើការពិនិត្យព្យាបាលកុមារជួបបញ្ហាជំងឺ Autism ដោយក្រុមជំនាញជាជនជាតិបរទេស ហើយចំពោះគ្លីនិក Maxicare Pediatric មានបំរើសេវាកម្ម ២៤ម៉ោងក្នុង១ថ្ងៃ ដល់អតិថិជនផងដែរ។ ក្រុមហ៊ុនក៏បានសម្រេចចិត្តចូលរួមជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្តល់សេវាកម្មថែទាំសុខភាពដល់អ្នករស់នៅក្នុងទីក្រុង អៃ ស៊ីធី ក៏ដូចជាប្រជាពលរដ្ឋនៅជុំវិញនោះផងដែរ។
លោក លីវ បូនីតូ នាយកប្រតិបត្តិក្រុមហ៊ុន ហ្វួរមី រ៉ូសហ្ស បានលើកឡើងដែរថា ដោយបានមើលឃើញនូវកំណើនសេដ្ឋកិច្ច ស្ថេរភាពនយោបាយ និងលំហូរចូលជាវិជ្ជមាននៃវិនិយោគិនពីក្រៅប្រទេសមកក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន ហ្វួរមី រ៉ូសហ្ស បានចាប់ដៃគូសហការជាមួយក្រុមហ៊ុន ភ្នំពេញ លែន ឃែភីថល ក្នុងការផ្តល់សេវាកម្មសវនកម្ម គណនេយ្យ និងពន្ធដារ ដល់សហគ្រាសដែលនឹងមានវត្តមានក្នុងទីក្រុងដ៏មានសក្តានុពលមួយនេះ និងដើម្បីជួយសហគ្រាសគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយតម្លាភាព។ ក្រុមហ៊ុនក៏ជា Xero Gold Partner ដំបូងគេបង្អស់នៅប្រទេសកម្ពុជា។ Xero Accounting Software គឺជាកម្មវិធីគណនេយ្យ ដែលកំពុងទទួលបានចំណែកទីផ្សារធំៗនៅបរទេស និងទទួលបានការចាប់អារម្មណ៍នៅក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ដែរថា ភាពជាដៃគូបែបនេះ នឹងជំរុញឱ្យមានរលកសហការជាដៃគូលក្ខណៈអន្តរជាតិបន្ថែមទៀត ក៏ដូចជាស្រូបទាញគម្រោងអភិវឌ្ឍន៍វិស័យអចលនទ្រព្យលំដាប់ពិភពលោកមកទីផ្សារកម្ពុជាផងដែរ។ ក្រុមហ៊ុនភ្នំពេញ លែន ឃែភីថល ម.ក គ្រោងនឹងរៀបចំឲ្យមានការចូលរួមបណ្តាក់ទុនជាបន្តបន្ទាប់ទៀតនៅឆ្នាំនេះផងដែរ៕