(ភ្នំពេញ)៖ កិច្ចប្រជុំគណៈរដ្ឋមន្រ្តីក្រោមអធិ តីភាព សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ បានបន្តអនុម័តទាំងស្រុង លើសេចក្តីព្រាង «របាយការណ៍ស្វ័យវាយតម្លៃស្តីពីការត្រួតពិនិត្យឡើងវិញនៃការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងអំពើពុករលួយ (អ៊ុនកាក់ ឬ UNCAC) ជុំទី២ នៅកម្ពុជា»។ នេះបើតាម លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ។

សេចក្តីព្រាងរបាយការណ៍នេះ រៀបចំឡើងសម្រាប់យន្តការរបស់អង្គការសហប្រជាជាតិ នៅពេលខាងមុខ។ កម្ពុជាត្រូវបំពេញកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនជូន អង្គការសហប្រជាជាតិ (អ.ស.ប) ក្នុងវិស័យប្រឆាំងអំពើពុករលួយ តាមរយៈការរៀបចំនូវរបាយការណ៍ថ្នាក់ជាតិ ស្តីពីការត្រួតពិនិត្យឡើងវិញ នៃការអនុវត្តអ៊ុនកាក់ (ជុំទី២) នៅកម្ពុជា ដើម្បីដាក់ជូន អ.ស.ប ពិនិត្យ វាយតម្លៃនិងផ្តល់អនុសាសន៍ ដើម្បីកម្ពុជាអនុវត្តបន្ត។

សេចក្តីព្រាងរបាយការណ៍ ដែលរៀបចំឡើងតាំងពីដើមឆ្នាំ២០១៨ ចំនួន៦០០ទំព័រ គឺជាផ្លែផ្កាពីការសម្របសម្រួលរៀបចំពីសំណាក់អ ង្គភាពប្រឆាំងអំពើពុលរលួយ ដែលជាអង្គភាពបង្គោលទទួលការងារនេះ និងពីការចូលរួមពីសំណាកើគ្រប់ភាគីពាក់ព័ន្ធរួមមាន ស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា ក្រសួងស្ថាប័នពាក់ព័ន្ធ តុលាការ វិស័យឯកជន សង្គមស៊ីវិល ផ្នែកសិក្សាធិការ និងសារព័ត៌មាន ដោយឆ្លងកាត់នូវការឆ្លើយសំណួរប្រមាណ២០០០សំណួរ ជុំវិញប្រធានបទ២សំខាន់ នៃអ៊ុនកាក់ គឺជំពូកទី២ វិធានការបង្ការទប់ស្កាត់អំពើពុករលួយ និងជំពូកទី៥ ការបញ្ជូនមកវិញនូវផលនៃបទល្មើស។

ជំពូកទាំង២នេះ គ្របដណ្ដប់លើមូលបទនានាមានដូចជា គោលនយោបាយ វិធានការប្រឆាំងអំពើពុករលួយ និងស្ថាប័នប្រឆាំងអំពើពុលរលួយ កាតព្វកិច្ចនៃស្ថាប័នសាធារណៈ និងវិស័យឯកជន ក្រមប្រតិបត្តិមន្រ្តីសាធារណៈ លទ្ធកម្មសាធារណៈ និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការរាយការណ៍និងការចូលរួមពីសង្គម ការទប់ស្កាត់ការសំអាតប្រាក់ ការផ្តល់ជំនួយផ្នែកច្បាប់ទៅវិញទៅមក និងដំណើរការរឹបអូសផលនៃបទល្មើស។

ដោយឆ្លងកាត់សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ កិច្ចប្រជុំ និងការពិនិត្យ សិក្សាស្រាវជ្រាវលើលិខិតបទដ្ឋានគតិយុត្តជាច្រើន របាយការណ៍បានបង្ហាញឱ្យឃើញថា កាតព្វកិច្ច និងស្ដង់ដារជាច្រើនលើសលប់ ដែលត្រូវបានកំណត់ក្នុងអ៊ុនកាក់ ត្រូវបានកម្ពុជាបំពេញ និងឆ្លើយតបបានរួចរាល់ ហើយក្នុងនេះក៏រួមមាននូវការដ្ឋានខ្លះ ដែលរបាយការណ៍បានរំលេចពីបទពិសោធកម្រិតអន្តរជាតិល្អៗរបស់កម្ពុជា សម្រាប់ជាមេរៀនដល់រដ្ឋភាគីអ៊ុនកាក់ឯទៀតផងដែរ។ ក្រៅពីក្របខ័ណ្ឌច្បាប់ និងបទដ្ឋានគតិយុត្ត យុទ្ធសាស្ត្រ និងចក្ខុវិស័យដែលរាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្ត និងដែលបានចូលជាធរមាន របាយការណ៍ក៏បង្ហាញពីកំណែរទម្រង់ពាក់ព័ន្ធនឹងវិស័យនានារបស់រដ្ឋ ដែលតម្រង់ទៅលើការពង្រឹងអភិបាលកិច្ចល្អ-ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងរដ្ឋបាលសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព-កំណែរទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌- ការធ្វើវិមជ្ឈិការ និងវិសហមជ្ឈការ-ក៏ដូចជាការដាក់ចេញ និងអនុវត្តនូវអភិក្រមទាំង៥របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី រួមមាន ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ ដែលជាប្រទីបបង្ហាញផ្លូវ និងជាការចូលរួមចំណែកយ៉ាងសំខាន់បំផុត ទៅដល់បុព្វហេតុរួម គឺការប្រយុទ្ធប្រឆាំងអំពើរពុករលួយផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ដោយគិតពីបរិបទ និងភាពជាក់ស្ដែងរបស់ប្រទេសនោះ ក្នុងក្របខណ្ឌបច្ចេកទេស និងក្នុងបំណងបំពេញអោយបានពេញលេញ និងសមស្របតាមស្ដង់ដារអ៊ុនកាក់របាយការណ៍ក៏រួមមាននូវចំណុចសំខាន់ៗចំនួន ៥ប្រភេទ៖

១៖ ការស្ទង់មតិ/វាស់វែង
២៖ ចំណាត់ការនិងក្របខ័ណ្ឌច្បាប់ដែលគាំទ្រដល់អភិបាលកិច្ចល្អ និងការអនុវត្តច្បាប់
៣៖ សិក្សា វាយតម្លៃ ចេញរបាយការណ៍ របស់ស្ថាប័នសាធារណៈ
៤៖ ការបង្កើត ដាក់ចេញ
៥៖ ការវាយតម្លៃរបស់ស្ថាប័ននីតិបញ្ញត្តិ។

ដំណាក់កាលបន្ត ក្រោយពីរបាយការណ៍ត្រូវបានអនុម័ត ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ នឹងរៀបចំបកប្រែរបាយការណ៍នេះ រួចបញ្ជូនទៅ អ.ស.ប និងអ្នកជំនាញពាក់ព័ន្ធដើម្បីពិនិត្យ សិក្សា និងវាយតម្លៃ មុនដំណើរទស្សនកិច្ចផ្ទាល់មកកម្ពុជា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធនានា។ បន្ទាប់ពីការងារទាំងនេះត្រូវបានបញ្ចប់ អ្នកជំនាញ អ.ស.ប ដោយពិគ្រោះយោបល់ជាមួយកម្ពុជា នឹងរៀបចំរបាយការណ៍ប្រចាំប្រទេសកម្ពុជា ដើម្បីប្រគល់ជូនរាជរដ្ឋាភិបាល ហើយរាជរដ្ឋាភិបាលមានសិទ្ធផ្ដាច់មុខក្នុងការរក្សាទុក ឬចែករំលែកជាសាធារណៈនូវរបាយការណ៍ប្រចាំប្រទេសនេះ។ របាយការណ៍នេះ គប្បីជាឯកសារវាយតម្លៃ និងឆ្លុះបញ្ចាំងកម្រិតអន្តរជាតិតែមួយគត់ស្ដីពីការប្រឆាំងអំពើពុករលួយនៅកម្ពុជា៕