(កណ្ដាល)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតែបន្តយុទ្ធនាការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសិប្បកម្មផលិតឥដ្ឋជាបន្តបន្ទាប់ ដើម្បីផ្សព្វផ្សាយ និងទប់ស្កាត់ការប្រើប្រាស់កម្លាំងពលកម្មកុមារក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ និងតាមដានការអនុវត្តលក្ខខណ្ឌការងារក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ នៅទីតាំងសិប្បកម្មផលិតឥដ្ឋនានាក្នុងខេត្តកណ្តាល។
ថ្នាក់ដឹកនាំក្រសួងបានបញ្ជាក់ថា វិធានការលើកនេះ គឺជាវិធានការក្ដៅគគុកចំពោះម្ចាស់សិប្បកម្មណា ដែលនៅតែគគ្លើនប្រើប្រាស់ពលកម្មកុមារនៅក្នុងសិប្បកម្មខ្លួន ដោយមិនលើកលែង និងគ្មានការយោគយល់ឡើយ។
យុទ្ធនាការនេះបានចាប់ផ្ដើមឡើងចាប់ពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់លោក វ៉េង ហៀង ប្រធាននាយកដ្ឋានការងារកុមារ នៃក្រសួងការងារ និងលោក ធុល នាង ប្រធានមន្ទីរការងារខេត្តកណ្តាល អមដោយមន្ត្រីអធិការការងារថ្នាក់ជាតិ និងខេត្តកណ្តាល។
លោក វ៉េង ហៀង បានបញ្ជាក់ថា ស្ថានភាពទូទៅនៃលក្ខខណ្ឌការងារនៅសិប្បកម្មផលិតឥដ្ឋនៅស្រុកមុខកំពូល ដែលមានចំនួន២០សិប្បកម្មនោះ ឃើញថាមានវឌ្ឍនភាពគួរកត់សម្គាល់។
លោកបានបន្តថា លក្ខខណ្ឌការងារនៅក្នុងសិប្បកម្មឥដ្ឋទាំងនោះមានភាពល្អប្រសើរ ដោយសារការប្រើប្រាស់ម៉ាស៊ីនពាក់កណ្តាលស្វ័យប្រវត្តិ និងស្វ័យប្រវត្តិដែលកាត់បន្ថយគ្រោះថ្នាក់ការងារ ទំហំផលិតកម្មមានការកើនឡើង ២-៣ដង បើធៀបនឹងឆ្នាំ២០១៦ គ្មានការបំពុលបរិស្ថានដោយផ្សែង ដោយសារដុតឧស និងអង្គាមនៅក្នុងឡកម្ដៅ ដែលកន្លងមកមានឡកម្ដៅឥដ្ឋខ្លះដុតក្រណាត់ដូចកាលពីឆ្នាំ២០១៦ និងការអនុវត្តច្បាប់ស្តីពីការងារមានលក្ខណៈកាន់តែល្អប្រសើរ កំណើនប្រាក់ឈ្នួល និងការបង់របបបេឡាជាតិសន្តិសុខសង្គមដោយនិយោជក។
ក្រុមការងារក៏បានជួបសម្ភាសន៍ជាមួយនិយោជក និយោជិត និងក្រុមគ្រួសាររស់នៅបរិវេណសិប្បកម្មផលិតឥដ្ឋ ដើម្បីតាមដានការយល់ដឹងស្តីពីការទប់ស្កាត់ពលកម្មកុមារ ការលើកកម្ពស់ឱកាសអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់កុមារងាយរងគ្រោះ និងកម្មករនិយោជិតវ័យក្មេង ជាពិសេសការវាយតម្លៃស្ថានភាពបំណុលនៃក្រុមគ្រួសារ ដែលចូលរួមសកម្មភាពផលិតឥដ្ឋ។
សូមជម្រាបថា ក្រសួងការងារ បានកំណត់ទិសដៅលុបបំបាត់ពលកម្មកុមារនៅតាមសិប្បកម្មផលិតឥដ្ឋឱ្យបានត្រឹមឆ្នាំ២០២០ ហើយយុទ្ធនាការខាងលើនេះ គឺជាការចូលរួមជំរុញទិសដៅនេះផងដែរ៕