(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកបណ្ឌិត មហាធា មហាម៉ាត់ និងភរិយា នៅសប្តាហ៍ក្រោយនេះនឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩។ ការអញ្ជើញបំពេញទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅកម្ពុជា តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីម៉ាឡាស៊ី នឹងចូលជួបសំដែងការគួរសមដាច់ដោយឡែកពីគ្នាចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
លោកបណ្ឌិត មហាធា មហាម៉ាត់ នឹងជួបប្រជុំទ្វេភាគីជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលនៅក្នុងឱកាសនោះ នាយករដ្ឋមន្រ្តីទាំងពីរ នឹងពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។
សម្តេចតេជោ និងលោក មហាធា ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍រួមផងដែរ។ បន្ទាប់មកនាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន និងធ្វើការប្រកាសព័ត៌មានរួមគ្នា។
ក្នុងកំលុងពេលស្នាក់នៅរាជធានីភ្នំពេញ លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធនៅមណ្ឌបព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ដំណើរទស្សនកិច្ចផ្លូវការរបស់លោកបណ្ឌិតមហាធា មហាម៉ាត់ នៅកម្ពុជា នឹងរួមចំណែកកាន់តែប្រសើរក្នុងការពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជិតស្និទ្ធដ៏ល្អរវាងកម្ពុជានិងម៉ាឡេស៊ី ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ៕