(ភ្នំពេញ)៖ បន្ទាប់ពីបានធ្វើការពិនិត្យ តាមដានលើស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងថា ព្យុះទី ១២ ឈ្មោះប៉ូឌុល ( PODUL ) ដែលបានកើតឡើង នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក កាលពីព្រឹកថ្ងៃទី២៧ ខែសីហា បានរំកិលខ្លួនឆ្លងកាត់ប្រទេសហ្វីលីពីន ចូលមកក្នុងសមុទ្រចិនខាងត្បូង ហើយនៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០១៩នេះ ព្យុះប៉ូឌុល បានធ្វើដំណើរមកដល់តំបន់ឆ្នេរប្រទេសវៀតណាមភាគកណ្តាល។
យោងតាមសេចក្តីជូនដំណឹងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ជូនថា ព្យុះប៉ូឌុល នឹងបង្កឲ្យធាតុអាកាសនៅកម្ពុជាចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩។
បើតាមក្រសួងធនធានទឹក ឥទ្ធិពលរបស់ព្យុះទី១២នេះ ដែលគ្រប់ដណ្តប់លើកម្ពុជាមានដូចខាងក្រោម៖
*បណ្តាខេត្តនៅតំបន់ឆ្នេរ នឹងមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់
*នៅលើលំហសមុទ្រ ផ្ទៃមេឃមានសភាពអាប់អួ មានភ្លៀង និងខ្យល់បក់បោកខ្លាំង រលកសមុទ្រមានកម្ពស់ខ្ពស់ៗ
*តំបន់ជួរភ្នំ តំបន់ខ្ពង់រាប និងបណ្តាខេត្ត ស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន
*រាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនទៀត មានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ។
ក្រសួងបានបន្តទៀតថា ឥទ្ធិពលរបស់ព្យុះ ប៉ូឌុល នឹងបង្កឲ្យមានភ្លៀងធ្លាក់ច្រើនផងដែរ នៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ នឹងបង្កឲ្យទឹកទន្លេហក់ឡើងជាថ្មីម្តងទៀត។ យោងតាមការព្យាករ ទឹកទន្លេមេគង្គ អាចនឹងហក់ឡើងដល់៖
*ស្ថានីយជលសាស្ត្រខេត្តស្ទឹងត្រែង៖ ទឹកអាចកើនឡើងដល់កម្ពស់ ១០,៥០ ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០,៧០ម៉ែត្រ)
*ស្ថានីយជលសាស្ត្រខេត្តក្រចេះ៖ ទឹកអាចកើនឡើងដល់កម្ពស់ ២១,០០ ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ២២,០០ម៉ែត្រ)
*ស្ថានីយជលសាស្ត្រខេត្តកំពង់ចាម៖ ទឹកអាចកើនឡើងដល់កម្ពស់ ១៣,៥០ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១៥,២០ម៉ែត្រ)
*ស្ថានីយជលសាស្ត្រ បាសាក់ ចតុមុខ នៅរាជធានីភ្នំពេញ៖ ទឹកអាចកើនឡើងដល់កម្ពស់ ៨,០០ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន១០,៥០ម៉ែត្រ)។
ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងបន្តតាមដានលើស្ថានភាពអាកាសធាតុនេះ និងស្ថានភាពទឹកទន្លេជាប់ជាប្រចាំ ហើយនឹងធ្វើការជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀតក្នុងករណីចាំបាច់ ។ យោងលើស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ពិសេសបងប្អូនប្រជានេសាទសមុទ្រ ជ្រាបជាព័ត៌មាន និងសូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕