(ភ្នំពេញ)៖ ស្រ្តីវ័យចំណាស់ម្នាក់ ដែលត្រូវបានប្តីជាអតីតនគរបាលមួយរូប ចុះចោលជិត ១០ឆ្នាំ ចាប់តាំងពីឆ្នាំ២០១១ រហូតមកដល់បច្ចុប្បន្នដោយទៅនៅជាមួយស្រីក្មេង។ ស្រាប់តែនៅឆ្នាំ២០១៨ អតីតប្តីរូបនេះ បានមកប្តឹងសុំលែងលះជាមួយគាត់ និងបានទាមទារចែកទ្រព្យសម្បត្តិជាពីរទៀតផង ដោយព្រទ្យសម្បត្តិដែលប្តីទារចែកនោះ គឺជា ដីកប់សពឪពុករបស់ខ្លួន តាំងពីយូរឆ្នាំណាស់ មកហើយ ពោលតាំងពីមុនយកបុរសនោះជាប្តីទៅទៀត ហើយដីមួយទៀត គឺជាដីដែលកូនបានផ្ញើលុយឲ្យគាត់ទិញពេលកូនទៅរៀននៅប្រទេសបារាំង។
អ្នកស្រី វ៉ា សង្វារឿន អាយុ៦៧ឆ្នាំ រស់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ បានរៀបរាប់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ថា គាត់ និងអតីតប្តីរបស់ខ្លួន បានរស់នៅជាមួយគ្នាតាំងឆ្នាំ១៩៦៧ រហូតបានកូនប្រុសស្រី ៦នាក់។
អ្នកស្រីបានបន្តទៀតថា អតីតប្តីរបស់គាត់ឈ្មោះ អ៊ិន សារិន អតីតមន្ត្រីនគរបាលជាតិ ហើយបានលួចលាក់ទៅមាននារីម្នាក់តាំងពី ២០ឆ្នាំមុនមកម្ល៉េះ ហើយបន្ទាប់មក ក៏បានចុះចោលគាត់ចាប់តាំងពីឆ្នាំ២០១១ ស្រាប់តែនៅឆ្នាំ២០១៨ ក៏មានបណ្តឹងសុំលែងលះមួយ និងប្តឹងសុំចែកទ្រព្យជាពីរចំណែកទៅវិញ។
ស្រ្តីរូបនេះ បានរៀបរាប់ទៀតថា ក្រោយពេលប្តីប្តឹងសុំលែងលះទៅតុលាការ ក៏ត្រូវបានតុលាការកាត់ឲ្យគាត់ចាញ់ទាំង២លើក ទាំងនៅសាលាដំបូងរាជធានីភ្នំពេញ និងនៅសាលាឧទ្ធរណ៍ ពោលខាងតុលាការ បានកាត់ក្តីឲ្យអតីតប្តីឈ្នះ ឈ្នះទាំងលែងលះ និងឈ្នះទាំងការចែកទ្រព្យដែលជាដីកេរ្តិ៍កប់សពឪពុក និងដីរបស់កូនផងដែរ។
ដោយមិនអស់ចិត្តស្រ្តីរូបនេះ ក៏បានប្តឹងសារទុកទៅកាន់តុលាការកំពូលឲ្យជួយរកយុត្តិធម៌ជូន។ ចុងក្រោយអ្នកស្រី វ៉ា សហ្វារឿន សូមលើកម្រាមដៃ ១០ទទូចសុំដល់ថ្នាក់ដឹកនាំ និងតុលាការកំពូល ជួយរកយុត្តិធម៌ឲ្យគាត់ផង។
បើតាមអ្នកស្រី តុលាការកំពូលនឹងបើកសវនាការនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ។ ស្រ្តីវ័យចំណាស់រូបនេះ បានបន្ថែមថា ជីវិតគាត់ ដីផ្នូរឪពុកគាត់ សុទ្ធតែបានមកពីកម្លាំងញើស ឈាមកូនរៀនផង ធ្វើការស៊ីឈ្នួលគេផង រកលុយទិញដីនៅស្រុកខ្មែរឲ្យម្តាយ គ្រាន់បានធ្វើផ្ទះស្លឹក ឬខ្ទមគ្រាន់បានស្នាក់នៅ ដូច្នេះគាត់សង្ឃឹមថា នឹងទទួលបានយុត្តិធម៌យ៉ាងពិតប្រាកដ។
យ៉ាងណាក៏ដោយភ្នាក់ងារព័ត៌មាន Fresh News មិនទាន់អាចសុំការបកស្រាយពីលោក អ៊ិន សារិន ដែលរងការចោទប្រកាន់ខាងលើនេះនៅឡើយទេ៕