(ក្រចេះ)៖ កម្លាំងចម្រុះដឹកនាំដោយលោក ធីម ស៊ាងឡេង អភិបាលរងស្រុកឆ្លូង នៅល្ងាចថ្ងៃទី២៩ ខែសីហាឆ្នាំ២០១៩ បានចុះបង្រ្កាបបទល្មើសជលផល នៅបឹងប្រាំងបឹងប្រា និងបឹងកូនសត្វ ស្ថិតនៅក្នុងឃុំកញ្ជរ និងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ដោយរឹបអូសវត្ថុតាងជាច្រើនដុតបំផ្លាញចោល។
លោក ម៉ុក ពន្លក នាយរងខណ្ឌជលផល បានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែសីហានេះថា កម្លាំងចម្រុះដែលចូលរួមបង្រ្កាបរួមមាន៖ អាជ្ញាធរស្រុកឆ្លូង អាវុធហត្ថស្រុក ប្រជាកាពារភូមិ សហគមន៍នេសាទ ក្រុមប្រឹក្សាឃុំ និងប៉ុស្ដិ៍រដ្ឋបាល បានរួមគ្នាបង្រ្កាបបទល្មើសជលផលដោយរឹបអូសវត្ថុតាងបានដូចជា៖ របាំងសាច់អួនតឡុងចំនួន២៤ខ្សែ ប្រវែង២៦០០ម៉ែត្រ, របាំងស្បៃម៉ុងចំនួន១៨ខ្សែ ប្រវែង១៧០០ម៉ែត្រ, លបសាច់អួននីឡុង៤៣គ្រឿង ក្រឡា ៣ស ម, លូស្បៃម៉ុងចំនួន២៣មាត់លូ, បង្គោលចម្រឹងឬស្សីចំនួន១១០០ដើម, លបម៉ាឡេ (លបប្រើស១០០) ចំនួន៦៥លប និងចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិវិញជាង ៣០០គីឡូក្រាម។
ក្នុងនាមរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តក្រចេះ, លោកនាយរងខណ្ឌជលផល បានលើកឡើងថា បងប្អូនប្រជានេសាទទាំងអស់ ជាពិសេសប្រជានេសាទ នៅឃុំព្រែកសាម៉ាន់ ឃុំកញ្ជរ ស្រុកឆ្លូង ដែលជានិច្ចជាកាលជារៀងរាល់ឆ្នាំតែងតែឃើញថា បងប្អូនបានប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដូចជា ឧបករណ៍នេសាទស្បៃម៉ុង ឧករណ៍លបណរ៉ាវ ដែលច្បាប់ហាមឃាត់ និងប្រើឧបករណ៍ឆកត្រី នៅក្នុងប័ងប្រា និងបឹងកូនសត្វ ដែលស្ថិតនៅឃុំកញ្ជរ។
លោកសំណូមពរឲ្យបងប្អូនឈប់ជាបន្ទាន់ ព្រោះបឹងប្រាំងជាតំបន់អភិរក្ស ហើយត្រីដែលចេញទៅដល់បឹងប្រា និងប័ងកូនសត្វ គឺជាត្រីនៅតំបន់អភិរក្សធ្វើចារាចរណ៍ចេញទៅ ហើយបើសិនជាបង ប្អូនប្រើប្រាស់សុទ្ធតែឧបករណ៍ឆក់ ឧបករណ៍នេសាទស្បៃមុង ឧបករណ៍លប រាប់សិបគ្រឿង រាប់ពាន់ម៉ែត្រ ជាពិសេសប្រើឧបករណ៍នេសាទអួននីឡុងក្រលារឹង ដែលហៅថា លបណរ៉ាវក្រៅតំបន់កំណត់នោះ យកទៅហ៊ុព័ទ្ធចាប់ត្រីក្នុងបឹងធម្មជាតិរបស់យើងនៅទីនោះ ជាការបង្កមហន្តរាយដ៏ធ្ងន់ធ្ងរដល់ធនធានជលផលនៅក្នុងតំបន់ ជាពិសេស ត្រីចម្រុះគ្រប់ប្រភេទដែលនៅតូចៗ កំពុងតែធ្វើការបង្កកំណើត និងធ្វើការបន្តពូជន៍នៅក្នុងបឹងនោះ។
ពូជត្រីទាំងនោះ ត្រូវអ្នកនេសាទចាប់មួយថ្ងៃៗ រាប់តោន ដើម្បីបំពេញតម្រូវការរបស់បងប្អូនចិញ្ចឹមត្រីនៅភូមិឈើទាល់ភ្លោះ ឃុំព្រែកសាម៉ាន់ ដូចជា៖ ត្រីឆ្ដោ ត្រីរស ត្រីប្រា ត្រីប៉ូជាដើម មិនតែប៉ុណ្ណោះ ត្រីដែលចាប់បានជាប្រភេទត្រីចម្រុះតូចៗ ដែលបានមកពីស្បៃម៉ុង គឺលក់ឲ្យអ្នកចិញ្ចឹមត្រី នៅតំបន់ផ្សេងទៀតដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ធនធានជលផល ដែលនៅឃុំព្រែកសាម៉ាន់ និងឃុំកញ្ជរ ដែលកំពុងធ្វើការអភិរក្សនៅបច្ចប្បន្ននេះ ហើយប្រសិនបងប្អូនមិនបញ្ឈប់សកម្មភាពនេសាទខុសច្បាប់ទាំងនេះ ថ្ងៃណាមួយបងប្អូន នឹងទទួលទោសទៅច្បាប់តាមរយៈការឃាត់ចាប់ របស់មន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ។
ជាមួយគ្នានេះដែរ លោកនាយរងខណ្ឌជលផល បានសំណូមពរដល់សហគមន៍នេសាទនៅតំបន់ទាំងពីរនោះ គីឃុំព្រែកសាម៉ាន់ និងឃុំកញ្ជរ ធ្វើយ៉ាងណាត្រូវសហការយ៉ាងស្អិតរមួតជាមួយ ប៉ុស្តិ៍រដ្ឋបាលឃុំ ជាមួយអាជ្ញាធរឃុំ ភូមិ ព្រមទាំងប្រជាការពារ សូមឲ្យកិច្ចសហការរវាងគ្នា និងគាឲ្យខ្ជាប់ខ្ជួន ជានិច្ចជាកាលដើម្បីចុះជួយទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល៕