(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងថ្មី អំពីស្ថានភាពទឹកទន្លេមេគង្គ ដោយបានបញ្ជាក់ថា ដោយសារឥទ្ធិពលព្យុះទី១២ Podul ធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំង នៅប្រទេសវៀតណាម ថៃ និងកម្ពុជាផងដែរ ដែលនាំឲ្យទឹកទន្លេមេគង្គបន្តហក់ឡើង ជិតដល់កម្រិតដែលត្រូវប្រុងប្រយ័ត្ន។

តាមការព្យាករបង្ហាញថា៖

* នៅស្ទឹងត្រែង ទឹកអាចឡើងដល់១០.៥០ម៉ែត្រ។
* នៅក្រចេះ ទឹកអាចឡើងដល់ ២១ម៉ែត្រ។
* នៅកំពង់ចាម ទឹកអាចឡើងដល់១៣.៥០ម៉ែត្រ។
* នៅចតុមុខ ទឹកអាចឡើងដល់ ៨ម៉ែត្រ។
* ទន្ទឹមនឹងនេះ ទឹកទន្លេនៅ (3S) ទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក ក៏ហក់ឡើងដែរ។

ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេ សូមមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ជាយថាហេតុ និងសូមមានវិធានការប្រមូល និងថែរក្សាទឹកទុក ដើម្បីប្រើប្រាស់នៅពេលខាងមុខ៕