(ភ្នំពេញ)៖ ដើម្បីកាត់បន្ថយកំហុសឆ្គងក្នុងការសរសេរឈ្មោះមុខម្ហូបអាហារនៅតាមភោជនីយដ្ឋាន អាហារដ្ឋាន ដូចដែលបានកើតមានកន្លងមកនោះ ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតចិននៅកម្ពុជា និងចុងភៅកម្ពុជា រួមជាមួយភាគីពាក់ព័ន្ធមួយចំនួន បានពិភាក្សាគ្នាបង្កើតឱ្យមានសន្ទានុក្រមឈ្មោះម្ហូបអាហារមួយ ដោយមានសរសេរជាភាសាខ្មែរ អង់គ្លេស និងភាសាចិន។
ដើម្បីពិភាក្សា និងពិគ្រោះយោបល់លើការបង្កើតសន្ទានុក្រមម្ហូបអាហារត្រឹមត្រូវនេះ នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ក្រសួងទេសចរណ៍ ស្ថានទូតចិននៅកម្ពុជា រួមជាមួយភាគីពាក់ព័ន្ធ បានបើកកិច្ចប្រជុំលើកដំបូងនៅទីស្ដីការក្រសួងទេសចរណ៍ ក្រោមវត្តមានលោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងលោក ជ័ង ជិងហ្វា លេខាទូតទី១ប្រចាំស្ថានទូតចិនប្រចាំកម្ពុជា ដោយមានការចូលរួមពីសមាគមចុងភៅកម្ពុជា សមាគមភោជនីយដ្ឋានកម្ពុជា សាលាទេសចរណ៍ វិទ្យាស្ថានខុងជឺ អ្នកស្រាវជ្រាវក្នុងវិស័យទេសចរណ៍កម្ពុជាផងដែរ។
លោក ណេប សាមុត បានឱ្យដឹងថា ក្រសួងទេសចរណ៍ បានធ្វើសេចក្ដីព្រាងសន្ទានុក្រមមួយឡើង ដើម្បីដាក់ពិភាក្សាជាមួយភាគីពាក់ព័ន្ធខាងលើ ក្នុងនោះមានមុខម្ហូបអាហារចំនួន ២១៨មុខ ចែកជា៣០ផ្នែក ក្នុងនោះមានម្ហូបបែបខ្មែរ បែបចិន និងមុខម្ហូបមួយចំនួនរបស់អឺរ៉ុប ដោយមានការបកប្រែជាភាសាខ្មែរ អង់គ្លេស និងភាសាចិន ប៉ុន្តែក្រសួងនឹងស្រាវជ្រាវរកមុខម្ហូបថ្មីៗបន្ថែមទៀត។
លោកថា ការរៀបចំសន្ទានុក្រមនេះ គឺដើម្បីជាជំនួយម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន និងផ្នែកឯកជននានា ដែលប្រកបអាជីវកម្មសេវាម្ហូបអាហារនៅកម្ពុជា ពិសេសគឺភោជនីយដ្ឋាន អាហារដ្ឋានបែបចិន អាចយកទៅប្រើប្រាស់ក្នុងការកំណត់បញ្ជីមុខម្ហូបក្នុងហាងរបស់ខ្លួន ខណៈបញ្ហាសរសេរឈ្មោះហាង ឈ្មោះមុខម្ហូបខុសឆ្គងនៅតែបន្តមាន។
លោកអគ្គនាយកបានបន្តថា ក្នុងកិច្ចប្រជុំខាងលើនេះ ក្រសួងទេសចរណ៍ ស្ថានទូតចិនប្រចាំកម្ពុជា សមាគមចុងភៅកម្ពុជា សមាគមភោជនីយដ្ឋានកម្ពុជា សាលាទេសចរណ៍ វិទ្យាស្ថានខុងជឺ អ្នកស្រាវជ្រាវក្នុងវិស័យទេសចរណ៍ និងផ្នែកពាក់ព័ន្ធខាងលើ បានឯកភាពគ្នាបង្កើតគណៈកម្មការបច្ចេកទេស ដើម្បីរៀបចំឯកសារសន្ទានុក្រមមួយដែលត្រឹមត្រូវ សំដៅពង្រឹងគុណភាព លើកកម្ពស់វិស័យម្ហូបអាហារនៅកម្ពុជា និងកាត់បន្ថយកំហុសឆ្គងក្នុងការសរសេរបញ្ជីមុខម្ហូបនេះជាដើម។
លោកបានបន្តថា នៅពេលដែលសន្ទានុក្រមនេះសម្រេចជាផ្លូវការហើយ ក្រសួងទេសចរណ៍ នឹងបញ្ជ្រាបទៅដល់ភោជនីយដ្ឋាន អាហារដ្ឋាន តាមរយៈការបណ្ដុះបណ្ដាលជនបង្គោល និងតំណាងមូលដ្ឋានអាជីវកម្មនានាជាបន្តបន្ទាប់ ដើម្បីឱ្យការអនុវត្តកាន់តែមានភាពត្រឹមត្រូវ៕