(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ជាសេធិការ បានចាត់ទុកវិស័យសន្តិសុខឯកជន ជាវិស័យដ៏សំខាន់មួយ ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក៏ដូចជាការពារផលប្រយោជន៍ជាតិ និងការអភិវឌ្ឍន៍ប្រទេសជាតិ។

នេះជាការលើកឡើងរបស់ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៅល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ នាឱកាសអញ្ជើញតំណាងលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី២០ ដែលមានសិក្ខាកាមចូលរួមប្រមាណ២០០នាក់។

ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជនរូបនេះ បានគូសបញ្ជាក់ទៀតថា កិច្ចការពារសន្តិសុខ សុវត្ថិភាពសង្គម គឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋទាំងអស់គ្នា ដែលត្រូវរួមគ្នាបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសនានាតាមគ្រប់គ្រប់រូបភាព ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសជាតិ
និងអន្តរជាតិ ដែលកំពុងស្ថិតនៅប្រទេសកម្ពុជាផងដែរ។

ត្រង់ចំណុចនេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានបញ្ជាក់ជូនសិក្ខាកាមទាំងអស់ថា ភ្នាក់ងារសន្តិសុខឯកជន ពុំមែនមានតួនាទី ត្រឹមតែជាអ្នកការពារទ្រព្យសម្បត្តិឯកជន ឬសហគ្រាសគ្រឹះស្ថានឯកជនប៉ុណ្ណោះទេ តែក៏មានកាតព្វកិច្ច ចូលរួមការពារទ្រព្យសម្បត្តិសាធារណៈ សន្តិសុខ
សង្គម និងអាយុជីវិតរបស់ប្រជាពលរដ្ឋផងដែរ ជាពិសេសមានតួនាទីជា កម្លាំងជំនួយដ៏សំខាន់ដល់អាជ្ញាធរមានសមត្ថកិច្ច។

លោកបានអះអាងថា ប្រសិនបើភ្នាក់ងារសន្ដិសុខ ឯកជន បានឃើញ ឬសង្ស័យលើសកម្មភាពល្មើសច្បាប់ណាមួយ មិនថាស្ថិតនៅក្នុងទីតាំងខ្លួនឈរជើង ឬទីណានោះទេ ត្រូវរាយការណ៍ភ្លាមដល់អាជ្ញាធរមានសមត្ថកិច្ច ដែលនៅជិតបំផុត ឬមកនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជនផ្ទាល់ក៏បាន
តាមរយៈលេខទូរស័ព្ទដែលបានផ្ដល់ជូន។

ក្នុងករណីបទល្មើសជាក់ស្តែង ភ្នាក់ងារសន្តិសុខ ក៏មានសិទ្ធិជួយជាកម្លាំងជំនួយក្នុងការជួយឃាត់ជនល្មើស ត្រូវរាយការណ៍ភ្លាមដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីប្រគល់ជននោះឲ្យសមត្ថកិច្ចចាត់កាត់តាមច្បាប់។ ហេតុនេះហើយដើម្បីឲ្យភ្នាក់ងារសន្តិសុខឯកជន ពោពេញទៅដោយសមត្ថភាពពេញ
លេញ អគ្គស្នងការដ្ឋាននគរបាលជាតិ បាននិងកំពុងខិតខំធ្វើយ៉ាងណា ឲ្យភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវតែមានសមត្ថភាព ចំណេះដឹង វិជ្ជាជីវៈ ក្រមសីលធម៌ ដើម្បីលើកកម្ពស់ដល់វិស័យនេះឲ្យមានភាពរីកចម្រើនជាបន្តបន្ទាប់៕