(បាត់ដំបង)៖ នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជួបសំណេះសំណាល និងចែកសម្លៀកបំពាក់ជូនកងកម្លាំងប្រជាការពារឃុំ ចំនួន១០៨នាក់ នៅសាលាឃុំកកោះ។
ពីធីធ្វើឡើង ដោយមានការចូលរួម ពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពរដ្ឋនានា ក្នុងខេត្ត និងក្រុមប្រឹក្សាឃុំកកោះ កម្លាំងប្រជាការពារទាំងអស់សម្រាប់ការពារសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ ក្នុងឱកាសមុនបុណ្យកាន់បិណ្ឌ និងភ្ជំបិណ្ឌខាងមុខនេះ។
លោក អ៊ុយ រី បានឲ្យដឹងថា ដើម្បីចូលរួមការពារផលប្រយោជន៍ និងសន្តិសុខជាតិ ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានបានរស់នៅ ដោយសុខសប្បាយទាំងអស់គ្នាក្រុមការងារបាននាំយកសម្លៀកបំពាក់ ឯកសណ្ឋានប្រជាការពារមកចែកជូននាពេលនេះ មាន១០៨នាក់។
លោកប្រធានក្រុមប្រឹក្សាខេត្ត បានធ្វើការផ្តាំផ្ញើដល់កងកម្លាំងប្រជាការពារទាំងអស់ បន្ទាប់ពីបានបំពាក់ឯកសណ្ឋានហើយ ត្រូវចេះស្រលាញ់គ្នា មានសាមគ្គីភាពផ្ទៃក្នុងល្អ ត្រូវសហការជាមួយកងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំដើម្បីការងារសន្តិសុខ សុវត្តិភាពរស់នៅដោយសុខសប្បាយបានគ្រប់ៗគ្នា។
កម្លាំងប្រជាការពារដែលទើបបានទទួល ឯកសណ្ឋានប្រជាការពារទាំងអស់ បានថ្លែងអំណរគុណ ដល់លោកប្រធានក្រុមប្រឹក្សាខេត្ត ដែលបានគិតគូតដល់សុខទុក្ខ ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ និងបានជួយដោះស្រាយ បញ្ហាប្រឈមនានា បានទាន់ពេលវេលា រហូតមកព្រមទាំងបាន ជួយអភិវឌ្ឍន៍មូលដ្ឋាន ឲ្យមានការរីកចម្រើន កាន់តែប្រសើរឡើងជាងមុន៕