(ទីក្រុងគួយយ័ង-ចិន)៖ ក្រសួងទេសចរណ៍កម្ពុជា បានចូលរួមក្នុងវេទិកា «សប្តាហ៍នៃការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍ក្នុងក្របខណ្ឌខ្សែក្រវាត់ និងផ្លូវ លើកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ឆ្នាំ២០១៩ ឬ 2019 ASEAN-CHINA Belt and Road Culture and Tourism Exchange Week» ក្រោមប្រធានបទ៖ រួមគ្នាអភិវឌ្ឍន៍ជំរុញកិច្ចសហប្រតិបត្តិការជាសកល (The Integration and Development Openness and Cooperation)។
វេទិកានេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦-៣១ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងគួយយ័ង ខេត្តគួយចូវ ដែលពិធីបើកជាផ្លូវការនៃវេទិកានេះ ធ្វើឡើងក្រោមវត្តមានរបស់លោក Wei Guonan អភិបាលរងខេត្តគួយចូវ លោក Chen Yan អភិបាលក្រុងគួយយ៉ាង និងលោក Chen Dehai អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ចិន។
វេទិកានេះផ្តោតសំខាន់លើការផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍របស់អ្នកជំនាញ សាស្រ្តាចារ្យ អ្នកសិក្សាស្រាវជ្រាវអភិវឌ្ឍន៍វិស័យទេសចរណ៍ លើផ្នែកវប្បធម៌ បេតិកភណ្ឌ បរិស្ថាន និងបច្ចេកវិជ្ជាក្នុងបរិបទឧស្សាហកម្ម ៤.០។
ប្រទេសមួយចំនួនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងវេទិកានេះ ក្នុងនោះរួមមាន៖ កម្ពុជា ឡាវ ម៉ាឡេស៊ី ភូមា ថៃ ឡាវ វៀតណាម (ក្នុងតំបន់អាស៊ាន) និងបណ្តាប្រទេសនានាក្នុងពិភពលោកសរុបចំនួន ១៣ប្រទេស ដែលមានស្តង់សរុបចំនួន ២០០ស្តង់ ក្នុងនោះរួមមានស្តង់របស់ប្រទេសកម្ពុជាផងដែរ ដែលមានទំហំ ១៨ម៉ែត្រការ៉េ។
តបតាមការអញ្ជើញរបស់រដ្ឋបាលខេត្តគួយចូវ ទីក្រុងគួយយ័ង ដែលសហការរៀបចំជាមួយមជ្ឈណ្ឌលអាស៊ាន-ចិន ប្រតិភូកម្ពុជាត្រូវបានដឹកនាំដោយលោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិឱ្យបានជ្រាបផងដែរ។
គូរបញ្ជាក់ថា ឆ្នាំ២០១៩នេះ គឺជាខួបទំនាក់ទំនងការទូត ៤៥ឆ្នាំ រវាងម៉ាឡេស៊ី និងចិន ដូច្នេះម៉ាឡេស៊ីត្រូវផ្តល់ជាប្រទេសកិត្តិយស (Malaysia Guest Country of Honor)។ កាលពីឆ្នាំ២០១៨កន្លងទៅ កម្ពុជាបានធ្វើជាប្រទេសកិត្តិយសនៅក្នុងវេទិកាលើកទី១ 2018 ASEAN Belt and Road Tourism and Culture Exchange Week ហើយឆ្នាំ២០១៩នេះ គឺជាឆ្នាំកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន លើវិស័យវប្បធម៌ និងទេសចរណ៍៕