(ភ្នំពេញ)៖ លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ នៃធនាគារជាតិកម្ពុកជា បានថ្លែងថា ធនាគារជាតិ នឹងបន្តចុះត្រួតពិនិត្យតាមគ្រឹះស្ថានហិរញ្ញវត្ថុនានា ហើយអះអាងថា បើរកឃើញគ្រឹះស្ថានហិរញ្ញវត្ថុណាមួយ បំពានច្បាប់របស់ធនាគារជាតិ គ្រឹះស្ថានហិរញ្ញវត្ថុនោះ នឹងត្រូវទទួលពិន័យធ្ងន់ធ្ងរ។
មន្ត្រីជាន់ខ្ពស់នៃធនាគារជាតិកម្ពុជា បានអះអាងបែបនេះ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែល អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរៀបចំសន្និសីទសារព័ត៌មានស្តីពី «មីក្រូហិរញ្ញវត្ថុ និងផលប៉ះពាល់»។
ការថ្លែងរបស់ លោក រ័ត្ន សុវណ្ណនរៈ បានធ្វើឡើងបន្ទាប់ពីមានការលើកឡើងថា គ្រឹះស្ថានហិរញ្ញវត្ថុខ្លះ បាននិងកំពុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដោយមិនបានត្រឹមត្រូវ តាមបទដ្ឋានគតិយុត្ត របស់ធនាគារជាតិកម្ពុជាឡើយ។ ជាមួយគ្នានេះផងដែរ មានគ្រឹះស្ថានហិរញ្ញវត្ថុខ្លះ គឺជាកន្លែងផ្តល់ឥណទាន និងជាកន្លែងបញ្ញើ ដោយមានលក្ខណៈភូតភរ និងកុហកបោកប្រាស់ប្រជាពលរដ្ឋ ដែលរស់នៅតាមមូលដ្ឋានជនបទ។
អគ្គនាយកត្រួតពិនិត្យ នៃធនាគារជាតិកម្ពុកជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងករណីនេះ បើខ្ញុំពិនិត្យថា បើពាក់ព័ន្ធនឹងគ្រឹះស្ថានណាមួយ យើងចុះទៅមូលដ្ឋានហ្នឹង ដើម្បីពិនិត្យមើល តើការអនុវត្តគ្រឹះស្ថានហ្នឹង វាស្របទៅតាមបទបញ្ជា បទបញ្ញត្តិផ្ទៃក្នុង បទបញ្ញត្តិរបស់ធនាគារជាតិនៅកម្ពុជា ឬទេ? អញ្ចឹងបើគាត់អនុវត្តន៍ស្រាវជ្រាវថា បុគ្គលហ្នឹង គ្រឹះស្ថានទៅរឹបអូស ទៅទារប្រាក់ ទៅលក់ទ្រព្យសម្បត្តិ ដោយគ្មានក្រមសីលធម៌វិជ្ជាជីវៈ យើងនឹងមានវិធានការចំពោះគ្រឹះស្ថាននោះ តាមរយៈការពិន័យ តាមរយៈការបណ្តេញបុគ្គលណា ដែលអនុវត្តន៍អត់ក្រមសីលធម៌វិជ្ជាជីវៈ»។
លោកបន្តថា «វិធានការនេះ យើងបានអនុវត្តន៍ ជាបន្តបន្ទាប់ឃើញថា កន្លងមកគ្រឹះស្ថានណា ដែលមានបញ្ហាពាក់ព័ន្ធ នឹងការអនុវត្តន៍តាមក្រមសីលធម៌វិជ្ជាជីវៈ យើងពិន័យច្រើនណាស់តាមច្បាប់ និងបទបញ្ញត្តិរបស់ធនាគារជាតិ។ យើងនឹងមានវិធានការ បើយើងមានភស្តុតាងច្បាស់លាស់ថា អតិថិជននោះ បានទទួលរង នូវការធ្វើបាប ការបំពានពីគ្រឹះស្ថាន ដែលមានអាជ្ញាបណ្ណស្របច្បាប់ ពីធនាគារជាតិនៃកម្ពុជា»។
លើសពីនេះទៅទៀត លោក រ័ត្ន សុវណ្ណនរៈ ក៏បានស្នើដល់អ្នកពាក់ព័ន្ធ ពិសេសអាជ្ញាធរមានសមត្ថកិច្ចក្នុងខេត្តនីមួយៗ ត្រូវបន្តចូលរួមសហការទប់ស្កាត់ ឲ្យបានរាល់សកម្មភាព ដើរបោកប្រាស់របស់ជនខិលខូចដែលចងការ ឬឲ្យខ្ចីប្រាក់ក្រៅប្រព័ន្ធ ដែលគ្មានច្បាប់ឲ្យជាបានដាច់ខាត។ លោកថ្លែងថា សមត្ថកិច្ចដែនដី ត្រូវតែធ្វើជាអ្នកចូលរួមរាយការណ៍ ពីសកម្មភាពល្មើសនានា នៅក្នុងមូលដ្ឋានរបស់ខ្លួន ដល់ធនាគារជាតិផងដែរ ទើបការអនុវត្តន៍ច្បាប់ កាន់តែមានប្រសិទ្ធភាព៕