(ភ្នំពេញ)៖ នៅថ្ងៃនេះ ចៅក្រមអនុវត្តនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រចលុបចោលនីតិវិធីអនុវត្តដោយបង្ខំ លើសំណុំរឿង អនុវត្តដោយបង្ខំលេខ៨៥ ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ របស់សាលាដំបូងរាជធានីភ្នំពេញ ដែលដីការអនុវត្តដោយបង្ខំនេះ គឺសម្រេចលក់ឡាយឡុងនូវទ្រព្យសម្បត្តិជាអចលនវត្ថុរបស់ក្រុមហ៊ុន កែវ ម៉ាលី គ្រុប ចំនួន២៦បណ្ណ ក្នុងតម្លៃទឹកប្រាក់ចំនួន៧លាន២សែនដុល្លារ។
យោងតាមដីកាសម្រេចលុបចោលនីតិវិធីអនុវត្តដោយបង្ខំ លេខ៤១៧ "ព"ដពស ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ចេញដោយចៅក្រមអនុវត្ត ម៉ៅ ស៊ីណា ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាន បានអោយដឹងថា តុលាការសម្រេចលុបចោលនីតិវិធីអនុវត្តដោយបង្ខំលើសំណុំរឿង អនុវត្តដោយបង្ខំលេខ៨៥ ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ របស់សាលាដំបូងរាជធានីភ្នំពេញ ។
ការសម្រេចលុបចោលវិញនេះ បន្ទាប់ពីចៅក្រមបានពិនិត្យឃើញថា ភាគីនៃកូនបំណុលបានសងប្រាក់ទៅភាគីម្ចាស់បំណុលជាបន្តបន្ទាប់ និងចុងក្រោយ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ភាគីកូនបំណុលបានសងប្រាក់ចុងក្រោយ ចំនួន២.៧៧១.៥៣៦,៧៤ដុល្លារ ជាសរុបទឹកប្រាក់កូនបំណុលដាក់តម្កល់នៅតុលាការអនុវត្ត ៤.០៧១.៥៣៦,៧៤ដុល្លារ ឯណោះ ឃើញថា លើសពីប្រាក់ដែលម្ចាស់បំណុលបានសុំអនុវត្តរហូតដល់ទៅ ៧២០.៧៩២,០១ដុល្លារ។ ការដាក់ប្រាតិភោគរបស់កូនបំណុល សម្រាប់សងទៅម្ចាស់បំណុលនៃការអនុវត្ត មានគ្រប់គ្រាន់ ហេតុនេះ ពុំមានភាពចាំបាច់ណាមួយត្រូវអនុវត្តលក់ទ្រព្យ សម្បត្តិកូនបំណុលបន្តទៀតទេ ដូច្នេះតុលាការគប្បីលុបចោលការអនុវត្តដោយបង្ខំ។
សូមបញ្ជាក់ថា បន្ទាប់ពីធនាគារវៀតណាម BIDC បានប្តឹងទៅតុលាការឈ្នះក្ដី និងប្ដឹងសុំរឹបអូសលក់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនកែវ ម៉ាលី គ្រុប ដើម្បីយកលុយសំណងមកវិញទាំងការទាំងដើម តែខណះតុលាការកំពុងអនុវត្តតាមនីតិវិធី ក្រុមហ៊ុនកែវ ម៉ាលី គ្រុបក៏បានយកលុយទៅសងធនាគារ វិញជាបន្តបន្ទាប់ រហូតនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ នេះ ក្រុមហ៊ុនបានយកលុយទៅតម្កល់ នៅតុលាការដើម្បីសងធនាគារទាំងដើមទាំងការ គ្មានអោយខ្វះមួយសេនឡើយ តែនៅថ្ងៃទី២៧ ខែសីហា បែរជាខាងធនាគារវៀតណាម BIDC បានចេញសេចក្តីថ្លែងការណ៏ថា ពុំទាន់បានទទួល លុយនោះទៅវិញ ដែលជាហេតុធ្វើអោយខាងតុលាការរាជធានីភ្នំពេញ មានការងឿងឆ្ងល់ជាខ្លាំង ព្រោះខាងតុលាការបានហៅខាងធនាគារទៅ ទទួលលុយគ្រប់ចំនួនទាំងការប្រាក់ ទាំងដើមដែលក្រុមហ៊ុនយកមកតម្កល់ នៅចំពោះមុខតុលាការសម្រាប់សង។
ដោយសារតែការប្រកាសរបស់ ធនាគារវៀតណាម BIDC ពីការរឹបអូសលក់ឡាយឡុងទ្រព្យសម្បត្តិដោយបង្ខំ នូវអចលនទ្រព្យរបស់ក្រុមហ៊ុន កែវ ម៉ាលី គ្រុប បានធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អតិថិជន ជាពិសេស អ្នកដែលបានទិញខុនដូ វិមានកែវចរណៃ ពេលបានឮនូវពាក្យចចាមអារ៉ាមពីមួយទៅមួយនេះថា ប្លង់ខុនដូ របស់ពួកគាត់ត្រូវបានធនាគាររឹបអូសអស់ទៅហើយ ដោយសារតែម្ចាស់ខុនដូ បានយកប្លង់ទៅដាក់បញ្ចាំនៅធនាគារ។
ការពិតទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន កែវ ម៉ាលី គ្រុប ជាពិសេសអាគារខុនដូវិមានចរណៃ តែម្ដងមិនត្រូវបានខាងតុលាការរឹបអូសយកទៅលក់ ឡាយឡុងនោះឡើយ គឺក្រុមហ៊ុនបានយកលុយទៅតម្កល់នៅតុលាការ ដើម្បីសងធនាគារវិញទាំងដើមទាំងការ គ្រប់ចំនួនតាមនីតិវិធីច្បាប់អស់ហើយ។ ចំណែកការទៅទទួល ឬមិនទៅទទួលលុយសំណងនៅតុលាការ វាជាកិច្ចការរបស់ធនាគារខ្លួនឯង វាគ្មានពាក់ព័ន្ធអ្វីជាមួយក្រុមហ៊ុនទៀតទេ៕