(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ រួមជាមួយលោកអភិបាលរង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អជ្ញាធរភូមិ សង្កាត់ បានធ្វើពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងថ្មី ចំនួន០២ខ្សែ ក្នុងសង្កាត់ពងទឹក ព្រមទាំងបានរៀបចំពិធីពិសារនំបញ្ចុកសាមគ្គី ជាមួយបងប្អូនប្រជាពលរដ្ឋផងដែរ។
ផ្លូវបេតុងទាំង០២ខ្សែរួមមាន៖ ប្រវែង៣៦៦ម៉ែត្រ ទទឹង៥ម៉ែត្រ និងប្រវែង៦៧៣ម៉ែត្រ ទទឹង៤ម៉ែត្រ ក្នុងភូមិឃ្លះសណ្តាយ។
ថ្លែងក្នុងឱកាសនោះ លោក នុត ពុធដារ៉ា ក្រៅពីការលើកឡើង ចំពោះការរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជានោះ លោកអភិបាលខណ្ឌ ក៏បានផ្តាំផ្ញើការសួរសុខទុក្ខ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនផងដែរ។
នៅចំពោះមុខប្រជាពលរដ្ឋ ដែលបានចូលរួមជាច្រើនរយនាក់នេះ លោកអភិបាលខណ្ឌដង្កោ បានគូសរំលេចពីសមិទ្ធិផលថ្មីមួយនេះទៀត ជាចំណងដៃជូនបងប្អូនមុនរដូវភ្ជុំបិណ្ឌ ដើម្បីងាយស្រួលធ្វើដំណើរ។ ជាមួយគ្នានេះលោក នុត ពុធដារ៉ា ក៏សុំការយោគយល់ពីបងប្អូន ដែលរស់នៅតាមសងខាងផ្លូវ សូមអធ្រាស្រ័យចំពោះក្រុមការងារជួសជុលផ្លូវផង និងចូលរួមសហការជាមួយមន្រ្តីក្រុមការងារឲ្យបានល្អប្រសើរ ដែលទាំងនេះជាផលប្រយោជន៍រួមរបស់បងប្អូននោះទេ។
បើតាមលោកអភិបាលខណ្ឌ ដែលបានថ្លែងទៅកាន់ប្រជាពលរដ្ឋនោះ ក៏បានលើកឡើងទៀតថា នេះក៏មិនមែនជាសមិទ្ធិផលចុងក្រោយ សម្រាប់បងប្អូននោះឡើយ គឺនៅមានបន្តទៀត ទាំងនេះជាការចូលរួមទាំងផ្ទាល់ និងប្រយ៉ោលលើការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលជាការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាល៕