(ភ្នំពេញ)៖ លោក ផៃ ស៉ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឱ្យដឹងថា ខាងរាជរដ្ឋាភិបាល នឹងហៅភាគីខាងអង្គការសិទ្ធិមនុស្សលីកាដូ និងសមាគមធាងត្នោត ទៅជជែកគ្នាស្វែងរកការពិត ករណីអង្គការមិនមែនរដ្ឋាភិបាលទាំងពីរនេះ ផ្សព្វផ្សាយរបាយការណ៍ ស្តីពីបំណុលប្រជាពលរដ្ឋ កាលពីពេលថ្មីៗកន្លងទៅនេះ។
លោក ផៃ ស៉ីផាន ដែលជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីផងនោះ បានប្រកាសបែបនេះ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែល អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរៀបចំសន្និសីទសារព័ត៌មានស្តីពី «មីក្រូហិរញ្ញវត្ថុ និងផលប៉ះពាល់»។
បើតាមលោក ផៃ ស៉ីផាន រាជរដ្ឋាភិបាល នឹងហៅភាគីខាងអង្គការសិទ្ធិមនុស្សលីកាដូ និងសមាគមធាងត្នោត ដោយមានការចូលរួមពីអ្នកស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា ខាងធនាគារជាតិកម្ពុជា និងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា ទៅជជែកគ្នាស្វែងរកការពិត បន្ទាប់ពីអង្គការមិនមែនរដ្ឋាភិបាលទាំងពីរនេះ បានផ្សព្វផ្សាយរបាយការណ៍មួយ ស្តីពីបំណុលប្រជាពលរដ្ឋ ធ្វើឱ្យមានការយល់ច្រឡំ និងមានលក្ខណៈនយោបាយ។
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឆ្លើយតងនឹងសំណួរ វីអូអេ តើយើងធ្វើយ៉ាងម៉េចចំពោះរបាយការណ៍ អង្គការមិនមែនរដ្ឋាភិបាលទាំងពីរនោះ? ចំពោះខ្ញុំយើងមានវិធានការ ក៏ប៉ុន្តែវិធានការយ៉ាងណា យើងផ្តល់ព័ត៌មាននៅក្នុងសេរីភាព នៅក្នុងការបញ្ចេញយោបល់។ ខ្ញុំចាត់ទុកថា អ្វីដែលជា Report (របាយការណ៍) របស់អង្គការមិនមែនរដ្ឋាភិបាលទាំងពីរហ្នឹង ថាជាការបញ្ចេញយោបល់តែប៉ុណ្ណឹង ហើយទាំងអស់គ្នា ទាំងអ្នកស្រាវជ្រាវមិនអាចទទួលយកបាន ខាងធនាគារក៏មិនអាចទទួលយកបាន»។
លោកបន្តថា «ខ្ញុំនឹងត្រៀមលក្ខណៈ អញ្ជើញគាត់មកចូលរួមដើម្បីជជែកគ្នា តើការលើកឡើងរបស់គាត់ត្រឹមត្រូវដែរឬទេ? គាត់លើកឡើងមក មានទឡ្ហីករណ៍អ្វីខ្លះ? ខ្ញុំនឹងរៀបចំវេទិកាមួយបិទទ្វារ អញ្ជើញខាងធនាគារ អញ្ជើញផ្នែកស្រាវជ្រាវទាំងអស់គ្នា សមភាពទាំងអស់គ្នា មកអង្គុយជជែកគ្នា។ យើងអត់ឈរលើស្ថានភាព ឬជំហរ ច្រានចោលថ្កោលទោសនោះទេ យើងមកស្រាវជ្រាវ»។
លោក ផៃ ស៉ីផាន ក៏បានថ្លែងអរគុណដល់អង្គការលីកាដូ និងសមាគមធាងត្នោត ដែលបានលើកឡើងរបាយការណ៍ របស់ខ្លួនកន្លងមក ប៉ុន្តែខាងរាជរដ្ឋាភិបាល មិនទាន់ជឿជាក់របាយការណ៍ របស់អង្គការសង្គមស៉ីវិលទាំងពីរនោះទេ។ លោកថ្លែងថា រាជរដ្ឋាភិបាល មានបំណងចង់ទប់ស្កាត់របាយការណ៍ណា ដែលមាននិន្នាការនយោបាយ ដែលត្រូវបានបង្កើតឡើងមក មានតម្លៃអាក្រក់មកលើកម្ពុជា។
ជាមួយគ្នានេះ លោក ផៃ ស៉ីផាន ក៏បានហៅរបាយការណ៍ ដែលត្រូវបានផ្សព្វផ្សាយ ដោយអង្គការលីកាដូ និងសមាគមធាងត្នោតនោះ ថាជាព័ត៌មានក្លែងក្លាយ។ លោកសង្ឈឹមថា អង្គការទាំងពីរនេះ នឹងមានភាពក្លាហាន ចូលទៅជជែករកខុសត្រូវ តបតាមការអញ្ជើញរបស់រាជរដ្ឋាភិបាលផងដែរ។
លោកបញ្ជាក់បន្ថែមថា៖ «យើងខ្ញុំផ្ទាល់នឹងអញ្ជើញអង្គការទាំងពីរនោះមកជជែកគ្នា ពីព្រោះវាជា Fake News (ព័ត៌មានក្លែងក្លាយ)។ យើងអញ្ជើញមកផ្ទាល់ដើម្បីជជែកគ្នា ហើយសង្ឈឹមថា អង្គការទាំងពីរនោះនឹងមានសេចក្តីក្លាហានមកពន្យល់ ពីព្រោះនេះជាព័ត៌មានសម្រាប់មហាជនរបស់យើង។ យើងខ្ញុំការពារ ការដឹង ការយល់របស់មហាជនយើង ទោះជាព័ត៌មានហ្នឹងអាក្រក់យ៉ាងម៉េច យើងធ្វើអាហ្នឹងឲ្យដឹងទាំងអស់គ្នា»។
សូមបញ្ជាក់ថា អង្គការលីកាដូ និងសមាគមធាងត្នោត បានចេញផ្សាយរបាយការណ៍មួយ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ដោយបានបង្ហាញថា កម្រិតបំណុលរបស់ប្រជាពលរដ្ឋខ្មែរ បានកើនឡើងកាន់តែខ្លាំងឡើងៗ។ នេះបើយោងតាមរបាយការណ៍ ដែលមានចំណងជើងថា «ការធ្វើឲ្យខូចខាតទ្រព្យបញ្ចាំ»។
អង្គសង្គមស៉ីវិលទាំងពីរ បានរកឃើញថា ប្រជាពលរដ្ឋកម្ពុជាចំនួន ២.៣៨២លាននាក់ បានខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួនជាង ៨ពាន់លានដុល្លារ ហើយការសិក្សានេះបានធ្វើនៅក្នុងឃុំចំនួន១០ ក្នុងខេត្តចំនួន ៤ រួមទាំងទីក្រុងភ្នំពេញ ផងដែរ។ ប្រការនេះ អាចបណ្តាលឲ្យកើតមានការរំលោភសិទ្ធិមនុស្សជាច្រើន រួមមាន ការលក់ដីដោយបង្ខំចិត្ត ការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ ការធ្វើចំណាកស្រុកដោយសារបំណុល៕