ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់៖ មានគោលនយោបាយឈ្នះឈ្នះ ទើបកម្ពុជាមានឯករាជ្យ និងឯកភាពជាតិពេញលេញ
29-08-2019 15:30
(ស្រីលង្កា)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានថ្លែងថា ប្រទេសកម្ពុជា ជាប្រទេសដែលធ្លាប់បានញាំញី ដោយសង្រ្គាមរ៉ាំរ៉ៃអស់រយៈពេលជាច្រើនឆ្នាំ ហើយបានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ជាច្រើនអន្លើ។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែរ ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ផ្តល់បទសម្ភាសន៍ផ្តាច់មុខដល់ ស្ថានីយ៍ទូរទស្សន៍ជាតិស្រីលង្កា Rupavahini TV ស្តីពីស្ថានភាពទូទៅនៃព្រះរាជាណាចក្រកម្ពុជា។
លោកទេសរដ្ឋមន្ដ្រី បានលើកឡើងទៀតថា កម្ពុជាបានឆ្លងកាត់របបមួយដ៏សាហាវយង់ឃ្នង គឺរបបប្រល័យពូជសាសន៍ ប៉ុល ពត របបនេះបានកាប់សម្លាប់ប្រជាជនកម្ពុជា ស្លាប់អស់ជិត៣លាននាក់ យ៉ាងរង្គាលជាទីបំផុត ក៏ប៉ុន្តែជាភ័ព្វសំណាង ដោយការតស៊ូលះបង់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឥស្សរជនមួយចំនួនទៀត បានវាយផ្ដួលរំលំរបបនេះ នៅក្នុងឆ្នាំ១៩៧៩ និងបានទប់ស្កាត់មិនឲ្យរបបនេះ វិលត្រឡប់មកកម្ពុជាជាថ្មីម្ដងទៀត ក៏ប៉ុន្តែពេលនោះប្រទេសកម្ពុជា ពុំទាន់មានសុខសន្តិភាពពេញលេញនៅឡើយទេ ពេលនោះកម្ពុជានៅមានតំបន់ត្រួតត្រា ដោយកម្លាំងប្រដាប់អាវុធច្រើនផ្សេងៗគ្នា។
ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានបន្តថា លុះមកដល់ឆ្នាំ១៩៩៨ ក្រោមគោលនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិ មានការបង្រួបបង្រួម ទទួលបានឯករាជ្យ និងឯកភាពជាតិពេញលេញ។
លោកបានគូសបញ្ជាក់ទៀតថា រាប់ចាប់ពីឆ្នាំ១៩៩៨ មកទល់ពេលនេះ គឺមានរយៈពេល២១ឆ្នាំប៉ុណ្ណោះ ដែលកម្ពុជាបានរើបម្រាស់ខ្លួនពីប្រទេសដែលក្រីក្រ មកជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់រីកចម្រើន និងមានការអភិវឌ្ឍលើគ្រប់វិស័យ ដែលបានកាត់បន្ថយជាច្រើន នូវអត្រាប្រជាជនដែលមានភាពក្រីក្រ មិនតែប៉ុណ្ណោះ កម្ពុជាអាចរាប់ជាប្រទេសគំរូនៅក្នុងតំបន់និងលើពិភពលោក ដែលបានធ្វើឲ្យមានសុខដុមបនីយកម្មជាតិសាសន៍ និងសាសនាផងដែរ៕