(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ លោក សាន់ សារ៉ន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារលេខាធិការដ្ឋានកិច្ចការហាឡាលកម្ពុជា នៃក្រសួងពាណិជ្ជកម្ម និងគណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា ចុះត្រួតពិនិត្យចង្វាក់ផលិតកម្មផលិតទឹកបរិសុទ្ធ ជីង ឡុង របស់ក្រុមហ៊ុន ជេ អិល ជីងឡុង ឌ្រីងឃីងវ៉ធើរ អេនធើប្រាយ ដើម្បីវាយតម្លៃលក្ខណៈបច្ចេកទេសស្តង់ដារផលិតផលហាឡាលកម្ពុជា។

ក្នុងពេលត្រួតពិនិត្យ ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រសួងពាណិជ្ជកម្ម ក៏ដូចជា គណៈដឹកនាំសាសនាឥស្លាមកម្ពុជា បានវាយតម្លៃខ្ពស់ អំពីសមទ្ធិផលដែលក្រុមហ៊ុន បានអនុវត្តន៍នាពេលបច្ចុប្បន្ន និង បានផ្តល់នូវបទពិសោធន៍ពីភាពជោគជ័យ និងផលប្រយោជន៍នៃការប្រើប្រាស់ផ្លាក់សញ្ញាហាឡាលកម្ពុជា។

តំណាងក្រុមហ៊ុន ជីង ឡុង សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសាសនា និងសហការី ដែលបានចុះមកពិនិត្យដល់ទីតាំងផលិតទឹកបរិសុទ្ធ និងបានផ្តល់នូវដំបូន្មានអនុសាសន៍ល្អៗសម្រាប់ក្រុមហ៊ុន យកទៅអនុវត្តន៍ ដើម្បីពង្រឹងអាជីវកម្មបន្តទៀត៕