(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា ភីអិលស៊ី ជាគ្រឹះស្ថានមានការទទួលខុសត្រូវលើអតិថិជន និងបានអនុវត្តគោលការណ៍ ការពារអតិថិជនយ៉ាងពេញលេញ និងបានទទួលវិញ្ញាបនបត្រការពារអតិថិជន នៅពេលថ្មីៗនេះពី Smart Campaign ជាស្ថាប័នអន្តរជាតិដែលបានបង្កើត គោលការណ៍ការពារអតិថិជនផងដែរ។
គ្រឹះស្ថានចូលរួមជាមួយនឹង Smart Campaign មានជាង១១៥មកជាង៤០ប្រទេស ដែលត្រូវបានទទួលស្គាល់ដោយ Smart Campaign ដែលចាប់តាំងពីកម្មវិធីនេះត្រូវបង្កើតឡើង ក្នុងខែមករា ឆ្នាំ២០១៣។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា បានផ្តល់សេវាកម្មហិរញ្ញវត្ថុ ជូនអតិថិជនខ្លួនអស់រយៈពេល១៩ឆ្នាំមក ដោយបច្ចុប្បន្នកំពុងបម្រើសេវា ជូនអតិថិជនជាង៦ពាន់នាក់។
លោកស្រី Isabelle Barrès នាយិកាប្រតិបត្តិនៃ Smart Campaign ឲ្យដឹងថា «យើងសូមអបអរសាទរអស់ពីចិត្តចំពោះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា ភីអិលស៊ី ដែលមានឆន្ទៈក្នុងការរៀបចំដំណើរការនៃ ការវាយតម្លៃការអនុវត្តគោលការណ៍ ការពារអតិថិជនដែលជាការបង្ហាញពី ការប្តេជ្ញាចិត្តខ្ពស់ ចំពោះអតិថិជនរបស់ម៉ាក់ស៊ីម៉ា។ ទាំងអស់នេះបញ្ជាក់ថា ម៉ាក់ស៊ីម៉ា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ក្នុងការការពារអតិថិជនរបស់ខ្លួន»។
លោក ប៉ា ប៉ុណ្ណរិទ្ធី អគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា ឲ្យដឹងថា «យើងតែងតែប្តេជ្ញាចិត្តខ្ពស់ ក្នុងការការពារអតិថិជន តាមរយៈការផ្តល់ភាពជឿជាក់ដល់អតិថិជន និងសហគមន៍ដោយបន្តធ្វើការជារៀងរាល់ថ្ងៃ ដើម្បីកែលម្អសេវាកម្ម ហើយនៅតែអនុវត្តឱ្យល្អបំផុតនៃ គោលការណ៍ការពារអតិថិជន ក្នុងវិស័យហិរញ្ញវត្ថុមីក្រូហិរញ្ញវត្ថុ»។
កម្មវិធីផ្តល់វិញ្ញាបនបត្រ ការពារអតិថិជនរបស់ Smart Campaign ទទួលស្គាល់ជាសកល នូវស្ថាប័នណាដែលផ្តល់សេវាហិរញ្ញវត្ថុ ដល់គ្រួសារដែលមានប្រាក់ចំណូលទាប គោរពតាមគោលការណ៍ ការពារអតិថិជនទាំងប្រាំពីររបស់ Smart Campaign។ គោលការណ៍ទាំងរួមមាន៖ ១៖ ការបង្កើត និងចែកចាយផលិតផលសមស្រប, ២៖ ការការពារបំណុលវណ្ឌក, ៣៖ តម្លាភាព, ៤៖ ការកំណត់តម្លៃដែលមានការទទួលខុសត្រូវ, ៥៖ការគោរព និងឱ្យតម្លៃអតិថិជនស្មើៗគ្នា, ៦៖ ការរក្សាព័ត៌មានអតិថិជនជាការសម្ងាត់, ៧៖ យន្តការដោះស្រាយបណ្តឹងតវ៉ាអតិថិជន៕