Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ធនាគារជាតិនៃកម្ពុជា ប្រាប់ពលរដ្ឋប្រយ័ត្នចាញ់បោកក្រុមហ៊ុនផ្ដល់កម្ចីចំនួន៣ ដែលកំពុងប្រតិបត្តិការដោយឥតច្បាប់ (Video inside)

29-08-2019 15:10

(ភ្នំពេញ)៖ មន្រ្ដីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានបង្ហាញឈ្មោះ ក្រុមហ៊ុនផ្ដល់កម្ចីចំនួន៣ ដែលកំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជា ដោយមិនមានច្បាប់អនុញ្ញាត និងស្នើឲ្យពលរដ្ឋប្រយ័ត្នចាញ់បោកគ្រឹះស្ថានទាំង៣នេះ។

លោកឲ្យដឹងទៀតថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខុសច្បាប់ទាំង៣នេះរួមមាន៖ ក្រុមហ៊ុនផ្ដល់កម្ចី សង្កាត់មីក្រូហិរញ្ញវត្ថុ, ក្រុមហ៊ុនផ្ដល់កម្ចី ឥណទានភ្នំពេញ និងក្រុមហ៊ុនផ្ដល់កម្ចី Boost Capital។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ មន្រ្ដីជាន់ខ្ពស់រូបនេះបញ្ជាក់ថា ក្រុមហ៊ុនផ្ដល់កម្ចីតាមប្រព័ន្ធអនឡាញខាងលើ ជាក្រុមហ៊ុនផ្ដល់កម្ចី មិនមានច្បាប់អនុញ្ញតត្រឹមត្រូវ ពីធនាគារជាតិនៃកម្ពុជានោះឡើយ ដូច្នេះសូមបងប្អូនពលរដ្ឋប្រុងប្រយ័ត្ន ចំពោះក្រុមហ៊ុនទាំង៣ខាងលើនេះ។

សូមជម្រាបថា ថ្មីៗនេះលោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានស្នើដល់អ្នកពាក់ព័ន្ធ ពិសេសអាជ្ញាធរមានសមត្ថកិច្ចក្នុងខេត្តនីមួយៗ ត្រូវបន្តចូលរួមសហការទប់ស្កាត់ ឲ្យបានរាល់សកម្មភាព ដើរបោកប្រាស់របស់ជនខិលខូចដែលចងការ ឬឲ្យខ្ចីប្រាក់ក្រៅប្រព័ន្ធ ដែលគ្មានច្បាប់ឲ្យជាបានដាច់ខាត។

ការស្នើបែបនេះរបស់លោក ជា ចាន់តូ ធ្វើឡើងក្នុងកម្មវិធីសិក្ខាសាលាស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាខេត្តប៉ៃលិន» កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩កន្លងទៅ។

លោកអគ្គទេសាភិបាលក៏ បន្ដស្នើរឲ្យអ្នកពាក់ព័ន្ធទាំងអស់ផ្សព្វផ្សាយ និងអប់រំពលរដ្ឋឲ្យយល់ដឹងពី ច្បាប់នៃការខ្ចីប្រាក់, ការប្រើប្រាស់ប្រាក់កម្ចីឲ្យចំគោលដៅ និងកាតព្វកិច្ចសងប្រាក់វិញ ដើម្បីបញ្ជៀសពលរដ្ឋឲ្យចាកចេញផុតពី កូនបំណុលវ័ណ្ឌ.ក។

លោក ជា ចាន់តូ បានបញ្ជាក់ថា ដើម្បីឲ្យសកម្មភាពផ្ដល់កម្ចី របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កាន់តែប្រសើរអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តចូលរួម និងសហការគ្នាឲ្យបានល្អថែមទៀត។ កត្តាសំខាន់ត្រូវមានការយោគយល់គ្នា ដោយឈរលើស្មារតីស្មោះត្រង់រវាងអ្នកឲ្យខ្ចី និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ្នកផ្ដល់ឲ្យគេខ្ចីទើបទទួលបាន ផលប្រយោជន៍ទាំងអស់។

លោកបានបញ្ជាក់ថា ជាកត្តាសំខាន់គឺអ្នកខ្ចី ត្រូវសងត្រឡប់មកវិញព្រោះថា បើវិស័យនេះមានដំណើរការល្អ ជាផ្នែកមួយដ៏សំខាន់ ក្នុងលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ក្នុងនោះរួមទាំងភាពរីកលូតលាស់ របស់រដ្ឋបាលដែនដីនីមួយៗ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕