(ភ្នំពេញ)៖ អេសស៊ីជី (SCG) ចែករំលែកក្តីសុបិន ជាកម្មវិធីដែលជួយដល់កម្ពុជា ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស និងបង្កើនឱកាស ដើម្បីទទួលបានការអប់រំ ដោយផ្តល់អាហារូបករណ៍ ដល់ថ្នាក់វិទ្យាល័យ និងថ្នាក់មហាវិទ្យាល័យ។ មានសិស្សជាច្រើនរូប ដែលទទួលបានជោគជ័យ ក្នុងការសិក្សាបន្ទាប់ពីទទួល បានអាហារូបករណ៍ពីកម្មវិធីនេះ។
ប្អូនស្រី ឆន សុខអាយ ជានិស្សិតអាហារូបករណ៍ អេសស៊ីជី ទទួលបានឱកាសច្រើន ក្នុងវិស័យអប់រំបន្ទាប់ពីទទួលបានអាហារូបករណ៍ ហើយប្អូនស្រី បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ថាតើអាហារូបករណ៍នេះ បានធ្វើឲ្យជិវិតប្អូនស្រីមានភាពល្អប្រសើរ ដូចម្តេចខ្លះ?។
កញ្ញា ឆន សុខអាយ ជានិស្សិតឆ្នាំទី៣ ជំនាញវេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យន័រតុន បាននិយាយថា «ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលអាចក្លាយជានិស្សិតបញ្ញវន្តមួយរូបក្នុងថ្ងៃនេះ ពីព្រោះកាលពីប្រាំឆ្នាំមុន ខ្ញុំមិនគិតថា ខ្ញុំអាចមានឱកាសអាចបន្តការសិក្សាមកដល់ថ្ងៃនេះទេ។ ដោយស្ថិតក្នុងស្ថានភាពលំបាកខ្ញុំ មានឱកាសតិចបំផុត ដើម្បីទទួលបានការអប់រំឲ្យបានទូលំទូលាយ នេះក៏ដោយសារតែខ្ញុំមកពីគ្រួសារក្រីក្រ ប៉ុន្តែខ្ញុំជឿជាក់ លើក្តីសុបិនរបស់ខ្ញុំ ហើយទោះបីជាយ៉ាងណាក៏ខ្ញុំ ត្រូវសម្រេចក្តីសុបិនរបស់ខ្ញុំឲ្យបាន»។
កញ្ញាបន្តថា «តាមរយៈកម្មវិធី អេសស៊ីជី ចែករំលែកក្តីសុបិននេះ ក្តីសុបិនរបស់ខ្ញុំបានក្លាយជាកាពិត។ ខ្ញុំបានជាប់អាហារូបករណ៍នេះ តាំងពីខ្ញុំរៀននៅវិទ្យាល័យ ដែលជួយឲ្យខ្ញុំអាចផ្តោតអារម្មណ៍លើការសិក្សាបានកាន់តែខ្លាំង។ វាជាស្ពានជួយចម្លងខ្ញុំទៅកាន់ភាពជោគជ័យ។ អាហារូបករណ៍នេះ បានជួយឲ្យខ្ញុំអាចបន្តការសិក្សាជំនាញ វេជ្ជបណ្ឌិត នៅសាកលវិទ្យាល័យន័រតុន។ ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយខ្ញុំអាចជួយខ្លួនឯង ក្រុមគ្រួសារ និងសង្គមរបស់ខ្ញុំ ឲ្យមានជីវិតកាន់តែប្រសើរ។ កម្មវិធី អេសស៊ីជី ចែករំលែកក្តីសុបិន បាននឹងកំពុងធ្វើឲ្យក្តីសុបិនរបស់ខ្ញុំក្លាយជាការពិត និងឈានទៅរកភាពជោគជ័យដែលលើសពីក្តីសុបិនទៅទៀត»។
មិនត្រឹមតែអាហារូបករណ៍សម្រាប់ជំនាញវេជ្ជបណ្ឌិតប៉ុណ្ណោះទេ ប៉ុន្តែ អេស៊ីជី ដែលជាក្រុមហ៊ុនឈានមុខគេក្នុងតំបន់ដឹងថា ធនធានមនុស្ស គឺជាគន្លឹះនៃការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព បានផ្តល់អាហារូបករណ៍ដល់សិស្ស និងនិស្សិតសម្រាប់ជំនាញផ្សេងៗជាច្រើនទៀតដូចជា ជំនាញសង្គម ភាសាទំនាក់ទំនងអន្តរជាតិ វិស្វកម្ម និងជំនាញផ្សេងៗទៀត។ ហើយនេះ ជានិស្សិតអាហារូបករណ៍ អេសស៊ីជីម្នាក់ទៀត ដែលកំពុងសិក្សា ជំនាញវិស្វកម្មសំណង់ស៊ីវិល។
និស្សិត ខាន់ សំណាង ជានិស្សិតឆ្នាំទី ៣ ជំនាញវិស្វកម្មសំណង់ស៊ីវិល នៅសាកលវិទ្យាល័យន័រតុន បានលើកឡើងថា «ខ្ញុំពិតជាមានមោទនភាពចំពោះខ្លួនឯងណាស់ ដែលអាចឈានមកដល់ចំណុចនេះ ទោះបីជាខ្ញុំមកពីគ្រួសារក្រីក្រ ដែលមិនសូវមានឱកាសក្នុងការសិក្សាក៏ដោយ។ មុននឹងជាប់អាហារូបករណ៍ អេសស៊ីជី ចែករំលែកក្តីសុបិននេះ ខ្ញុំមិនមានអ្វីទាំងអស់ ប៉ុន្តែខ្ញុំមានកម្លាំងចិត្តសម្រាប់ខ្លួនខ្ញុំ ហើយខ្ញុំមានគំនិត សុទិដ្ឋិនិយមថា ការខិតខំប្រឹងប្រែងរបស់ខ្ញុំ អាចយកឈ្នះនូវភាពលំបាកក្នុងជីវិតរបស់ខ្ញុំ»។
ខាន់ សំណាង បន្ថែមថា «មុននឹងខ្ញុំ ដាក់ពាក្យស្នើសុំអាហារូបករណ៍នេះ វីដេអូរបស់អាហារូបករណ៍ អេសស៊ីជី ចែករំលែកក្តីសុបិន បានធ្វើឲ្យខ្ញុំកាន់តែមានកម្លាំងចិត្ត។ បុគ្គលិក អេសស៊ីជី បានទៅសួរសុខទុក្ខដល់សាលា និងផ្ទះរបស់ខ្ញុំមុននឹងផ្តល់ អាហារូបករណ៍ខ្ញុំ ដែលវាបញ្ជាក់ឲ្យឃើញពីការស្រលាញ់ និងការយកចិត្តទុកដាក់ដល់ពួកយើង។ វាបានជំរុញឲ្យខ្ញុំមិនបោះបង់ក្តីសុបិន និងតែងតែរកវិធីជម្នះរាល់ឧបសគ្គ ដើម្បីឈានទៅកាន់ភាពជោគជ័យ។ ព្រោះតែ អេសស៊ីជី តែងតែជួយជ្រុំជ្រែងដល់ខ្ញុំ ដែលជាស្ពានជួយចម្លងខ្ញុំទៅកាន់គោលដៅ»។
នៅខែតុលានេះ ជាឆ្នាំទី៣ សម្រាប់កម្មវិធី អេសស៊ីជី ចែករំលែកក្តីសុបិន។ ចាប់តាំងពីការបង្កើតកម្មវិធីនេះ មកអេសស៊ីជី បានផ្តល់អាហារូបករណ៍លើសពី១,០០០នាក់ សម្រាប់ថ្នាក់វិទ្យាល័យ និងមហាវិទ្យាល័យ ហើយអេសស៊ីជី ក៏នៅតែបន្តធ្វើវា ក៏ដូចជាបន្តជួយសហគមន៍ ក្នុងតំបន់កាន់តែច្រើនបន្ថែមទៀត ក្នុងគោលបំណងដើម្បីជួយដល់យុវជនកម្ពុជា ឲ្យមានឱកាសក្នុងការទទួលការអប់រំទូលំទូលាយ និងទទួលបាន អនាគតដ៏ល្អប្រសើរ៕