(ភ្នំពេញ)៖ លោក នោ ហ្យន់ជូន (Rho Hyun-Jun) ប្រធានតំណាង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) ប្រចាំការិយាល័យប្រទេសកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ បានចូលរួមក្នុងពិធី លៀងសាយភោជន៍ នៅ Palace Gate Hotel & Resort ជាមួយភ្ញៀវជាតិ និងអន្តរជាតិ ដែលចូលរួម ក្នុងសន្និសីទអន្តរជាតិលើកទី១ ដែលមិនធ្លាប់មានពីមុន ក្រោមប្រធានបទ «អំពើប្រល័យពូជសាសន៍ ការចងចាំ និងសន្តិភាព» នៅក្នុងប្រទេសកម្ពុជា។
ថ្លែងនៅក្នុងពិធីលៀងសាយភោជន៍ លោក នោ ហ្យន់ជូន បានថ្លែងថា «តាងនាមឲ្យក្រុមការងារ ទីភ្នាក់ងារកយកាទាំងមូល ដែលរួមមានទាំង ទីស្នាក់ការកណ្តាលកយកា និង ការិយាល័យប្រចាំប្រទេសកម្ពុជា ខ្ញុំមានកិត្តិយស និងមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានមកចូលរួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់គ្នា ក្នុងការទទួលទានអាហារពេលល្ងាចនៃសន្និសីទអន្តរជាតិស្តីពី អំពើប្រល័យពូជសាសន៍ ការចងចាំ និងសន្តិភាព»។
ក្នុងឱកាសនោះដែរ លោក នោ ហ្យន់ជូន ក៏បានលើកឡើងផងដែរថា «គម្រោងស្តីពី ការអភិរក្សនិងបញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងទៅក្នុងប្រព័ន្ធកុំព្យូទ័រ» មានអត្ថន័យពិសេស មិនត្រឹមតែចំពោះទស្សនវិស័យ របស់ទីភ្នាក់ងារកយកាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ស្តិតនៅក្នុងទស្សនវិស៍យរបស់រដ្ឋាភិបាលកូរ៉េផងដែរ ពីព្រោះគម្រោងនេះមានអត្ថន័យពិសេស ចំពោះប្រវត្តិសាស្រ្តដ៏ជូរចត់របស់ប្រទេសកម្ពុជា»។
លោក នោ ហ្យន់ជូន បានកត់សម្គាល់ថា វាមិនត្រឹមតែជា ទុក្ខសោក និង បន្ទុក របស់ប្រជាជនកម្ពុជា តែម្នាក់ឯងនោះទេ រដ្ឋាភិបាលនិងប្រជាជនកូរ៉េ សូមចែករំលែក ទុក្ខសោក និង ការឈឺចាប់នេះ ជាមួយប្រជាជនកម្ពុជា តាមរយៈគម្រោងនេះ ហើយប្រទេសកូរ៉េ នឹងតែងតែជួយដល់ប្រទេសកម្ពុជា ក្នុងការជំនះការលំបាក និងឆ្ពោះទៅមុខ នៅជាមួយគ្នានៅថ្ងៃអនាគត។
លោកបានបញ្ជាក់ថា គម្រោងនេះ ក៏មានអត្ថន័យដ៏ពិសេសផងដែរថា វាអាចជាមូលដ្ឋានគ្រឹះមួយ សម្រាប់ការអប់រំមនុស្សជំនាន់ក្រោយ ឲ្យចងចាំអំពីប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត និងដើម្បីការពារប្រទេសកម្ពុជា ពីសោកនាដកម្មប្រភេទនេះ៕