(ភ្នំពេញ)៖ ក្រោយស្តាប់ការពន្យល់ផ្នែកច្បាប់ និងជំហរដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ពីសំណាក់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទរួចមកនោះ លោកឧត្តមនាវី ដេវីត សុន មេបញ្ជាការឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិក បានសម្តែងការសប្បាយត្រេកអរ ដែលបានស្តាប់អំពីដំណើររឿងនេះ ធ្វើឱ្យអាមេរិកអស់ក្តីកង្វល់ដែលមានទាំងអម្បារម៉ានកន្លងមកនេះ។
ការបញ្ជាក់បែបនេះរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ បន្ទាប់ពីនាយឧត្តមសេនីយ៍ បានដឹកនាំគណៈប្រតិភូអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិកម្ពុជា ត្រឡប់ពីចូលរួមសន្និសីទអគ្គបញ្ជាការ នៃការការពារជាតិតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នៅទីក្រុងបាងកក ប្រទេសថៃ រយៈ៣ថ្ងៃ ក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការដោយសេរី និងបើកទូលាយនូវឥណ្ឌូ-ប៉ាស៊ីហ្វិក» ដែលមានប្រទេសចំនួន៣២ បានចូលរួម។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា ពាក់ព័ន្ធព័ត៌មានមិនពិតដែលថា កម្ពុជាបានចុះហត្ថលេខាឱ្យមូលដ្ឋានទ័ពសមុទ្ររាមទៅឱ្យកងទ័ពរំដោះប្រជាជនចិនជាអ្នកគ្រប់គ្រងនោះ ត្រូវបានលោកឧត្តមនាវី ដេវីត សុន ព្រមទាំងថ្នាក់ដឹកនាំកងទ័ព ប្រទេសអង់គ្លេស និងអូស្ត្រាលី សប្បាយចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានស្តាប់ការពន្យល់របស់ថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ដោយផ្ទាល់ផងដែរ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាយ៉ាងដូច្នេះថា៖ «បញ្ហានេះ ក្រោយពីយើងបានជជែកគ្នា ហើយក៏បានជម្រាបជូនទៅភាគីអាមេរិកទាំងអស់ ជាពិសេសលោកឧត្តមនាវី ដេវីត សុន គាត់បានសម្តែងការត្រេកអរ ហើយសប្បាយរីករាយថា តាំងពីគាត់បានឮដំណឹងនេះ គាត់អត់ដែលបានជួបជាមួយថ្នាក់ដឹកនាំ កងយោធពលខេមរភូមិន្ទ ដើម្បីនិយាយ ពិភាក្សាគ្នាដោយផ្ទាល់ អំពីបញ្ហានេះ ថ្ងៃនេះគាត់បានជួប ហើយក៏បានឮដោយផ្ទាល់ ហើយគាត់ក៏សម្តែងនូវការរីករាយសប្បាយចិត្តចំពោះបញ្ហាដែលកម្ពុជា បានបញ្ជាក់ជូនគាត់ លើកង្វល់ទី១ ទី២ ទី៣នេះ»។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា នៅក្នុងទីក្រុងបាងកក ប្រទេសថៃ ក្រៅពីចូលរួមក្នុងសន្និសីទអគ្គបញ្ជាការឥណ្ឌូចិន-ប៉ាស៊ីហ្វិក, នាយឧត្តមសេនីយ៍ ក៏បានជួបទ្វេភាគីជាមួយមន្ត្រីយោធាជាន់ខ្ពស់អាមេរិកផងដែរ ដើម្បីពិភាក្សាទាក់ទងនឹងលំហាត់រួមគ្នា និងប្រទេសផ្សេងៗទៀត ខណៈអាមេរិកមានការអន់ចិត្តចំពោះកម្ពុជា មិនព្រមធ្វើសមយុទ្ធជាមួយខ្លួន ហើយបែរទៅធ្វើជាមួយចិននោះ។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ប្រាប់ ទៅភាគីអាមេរិកថា កម្ពុជាស្វាគមន៍ជានិច្ច ជាមួយមិត្តបរទេសក្នុងការធ្វើសមយុទ្ធរួមគ្នា ដើម្បីពង្រឹងសមត្ថភាព កងទ័ព និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងការការពារ និងប្រយុទ្ធប្រឆាំង អំពើភេរវកម្ម និងបញ្ហាផ្សេងៗ នោះប៉ុន្តែកម្ពុជាគ្មានសមត្ថភាព ក្នុងការចំណាយ ដូច្នេះ ប្រទេសដែលចង់ធ្វើនោះត្រូវតែចំណាយគ្រប់បែបយ៉ាង ជាពិសេសគឺគ្រាប់ និងរំសេវជាដើម។
នៅក្នុងសន្និសីទអគ្គបញ្ជាការឥណ្ឌូចិន-ប៉ាស៊ីហ្វិក នៅប្រទេសថៃ ដែលបានរៀបចំរយៈពេលបីថ្ងៃនោះ គឺមានប្រទេសមហាអំណាច និងក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក ជាង៣២ប្រទេស បានចូលរួម ហើយគោលបំណង នៃសន្និសីទនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការការពារសន្តិសុខ លម្ហសមុទ្រ ភេរវកម្ម និងបញ្ហា ជាច្រើនទៀត ដែលកំពុងកើតឡើងទាំងក្នុងតំបន់ និងពិភពលោក។
គួរជម្រាបថា ការបង្ហាញក្តីព្រួយបារម្ភរបស់បណ្តាប្រទេសមួយចំនួននោះ បង្កឡើងដោយសារព័ត៌មានសហរដ្ឋអាមេរិក The Wall Street Journal ដែលបានចុះផ្សាយបំភ្លៃការពិតថា កម្ពុជាបានចុះកិច្ចព្រមព្រៀងឱ្យចិនបោះមូលដ្ឋានទ័ព នៅមូលដ្ឋានកងទ័ពជើងទឹករាមខេត្តព្រះសីហនុ។
ដូច្នេះដើម្បីឱ្យអស់មន្ទិលសង្ស័យអំពីមូលដ្ឋានកងទ័ពជើងទឹករាមនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ បានអនុញ្ញាតឱ្យ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ៧០នាក់ ដឹកនាំដោយនាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ ចុះពិនិត្យដោយផ្ទាល់ នៅមូលដ្ឋានកងទ័ពជើងទឹករាម ខេត្តព្រះសីហនុ។
ក្រុមអ្នកសារព័ត៌មាន ដែលបានចុះពិនិត្យផ្ទាល់ នៅមូលដ្ឋានកងទ័ពជើងទឹករាមនេះ បានអះអាងថា នៅទីនោះមិនមានមូលដ្ឋានទ័ពចិន ដូចការចុះផ្សាយឡើយ និងអះអាងទៀតថា ចិនមិនត្រូវការកម្ពុជា ធ្វើជាមូលដ្ឋានទ័ពខ្លួនឡើយ ព្រោះនៅសមុទ្រចិនខាងត្បួង ជាមូលដ្ឋានទ័ពចិនដ៏ធំនៅក្បែរអាស៊ីអាគ្នេយ៍ស្រាប់ហើយ៕