(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ តំណាងរាស្រ្ត និងលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន អមដំណើរដោយលោក លោកស្រី ជាក្រុមការងារពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ នូវស្ពានភ្ជាប់និស្ស័យបារាយមេបុណ្យ ប្រវែង៨០០ម៉ែត្រទទឹង២ម៉ែត្រ និងប្រគល់ទទួលគ្រឿងចក្រ ជួសជុលប្រាសាទបន្ទាយឆ្មារនៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលមានអ្នកចូលរួមជិត១,៥០០នាក់។

ក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានមតិពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរពីសម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា ជូនចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ពិសេសបងប្អូនប្រជាពលរដ្ឋ អ្នកថ្មពួកទាំងអស់ និងសូមជូនពរដល់ក្មួយៗ ជាសិស្សានុសិស្សទាំងអស់ ដែលទើបប្រលងបាក់ឌុបរួចថ្មីៗ សូមឲ្យប្រលងជាប់ជាមួយនិទ្ទេសល្អគ្រប់គ្នា។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ថែរក្សា លើកតម្កើង អភិរក្ស អភិវឌ្ឍន៍វប្បធម៌ អរិយធម៌ជាតិទាំងវប្បធម៌រូបីយ និងអរូបិយ ហើយកន្លងមក បានសម្រេចដាក់បញ្ចូលនូវប្រាសាទអង្គវត្ត ព្រះវិហារ ប្រាសាទសម្បូរព្រៃគុក ជាសម្បត្តិបេតិកភ័ណ្ឌ ឲ្យពិភពលោកបានស្គាល់ និងប្រាង្គប្រាសាទ និងទីស្ថានបុរាណនានារាប់ពាន់កន្លែង ត្រូវបានចុះបញ្ជីថែរក្សាការពារ ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែង ថា ខេត្តបន្ទាយមានជ័យ ជាខេត្តដែលមានសក្តានុពល ក្នុងវិស័យទេសចរណ៍សម្រាប់ អ្នកទេសចរណ៍ជាតិ អន្តរជាតិ មកទស្សនាបង្កើនចំណូល ប្រជាពលរដ្ឋមូលដ្ឋាន និងជាកន្លែងសម្រាប់អ្នកសិក្សាស្រាវជ្រាវ ដោយមានស្ថានីយប្រវត្តិសាស្រ្តចំនួន៦៨៤កន្លែងមាន៖ ប្រសាទ ៣២កន្លែង ទួលប្រាសាទ ៣៥៨កន្លែង ទួលបុរាណ១៥២កន្លែង ទួលកបសពបុរាណ៥២កន្លែង ស្ពានបុរាណ១០កន្លែង ស្រះបុរាណ៧៣កន្លែង បារាយណ៍៧កន្លែង។

ជាមួយនឹងការថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ប្រជាលរដ្ឋ កងកម្លាំងគ្រប់ប្រភេទ ដែលបានចូលរួមថែរក្សាសន្តិភាព នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ក៏បានសំណូមពរ ឲ្យមានការចូលរួមគាំទ្រពីអាជ្ញាធរពាក់ព័ន្ធ ទាំងថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ សប្បុរសជនទាំងអស់ ឧបត្ថម្ភគាំទ្រគម្រោងជួសជុលឡើងវិញ នូវប្រាង្គចំនួន៧ នៃកំពែងទី១ នៃប្រាង្គប្រាសាទបន្ទាយឆ្មារ ដែលត្រូវការថវិកាចំនួន ជាង៣លានដុល្លាអាមេរិក ។

ជាមួយនឹងទឹកចិត្តសប្បុររស សុទ្ធាជ្រះថ្លា នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានរៀបចំជាពិធីរាប់បាត្រ ដល់ព្រះសង្ឃចំនួន១២០អង្គ បរិភោគនំបញ្ចុកសាមគ្គី និងបាននាំយកអំណោយផ្តល់ និងចែកជូន ១៖ ក្រុមជាងម្នាក់ៗសារ៉ុង១ ថវិកា ២ម៉ឺនរៀល , ២៖ ក្រុមឆ្មាំ សារ៉ុង១ ថវិកា១ម៉ឺនរៀល , ៣៖ ឧបត្ថម្ភឃុំបន្ទាយឆ្មារ ក្រុមកាកបាទក្រហម កាយារិទ្ធ ប៉ុស្តិ៍នគរបាលឃុំ អាវុធហត្ថស្រុក នគរបាលបេតិកភណ្ឌ ប្រជាការពារ ស.ស.យ.ក ពេទ្យ យុវនិស្សិតនៅភ្នំពេញ-សៀមរាប-បាត់ដំបង ក្នុង១អង្គភាព/ក្រុម ថវិការ៥០ម៉ឺនរៀល និង៤៖ ប្រជាលរដ្ឋចំនួន៦០០នាក់ ម្នាក់ទទួលបានសារ៉ុង១៕