(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ ស្ថានទូតជប៉ុន មានរៀបចំធ្វើសន្និសីទសារព័ត៌មាន ស្តីពី «អង្គការសកម្មភាពកំចាត់មីន JMAS» ដែលជាអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា។
JMAS ដែលជាអង្គការក្រៅរដ្ឋាភិបាលជប៉ុន ដែលបានបង្កើតឡើងដោយនិវត្តនជននៃកងស្វ័យការពារជប៉ុន ក្នុងគោលបំណងចែករំលែកបទពិសោធន៍ និងវិធីសាស្ត្រនៃការដោះមីនជាមួយកម្ពុជា។ អង្គការនេះ បានចាប់ផ្តើមសកម្មភាពនៅកម្ពុជា ចាប់ពីឆ្នាំ២០០២ ហើយបានពង្រីកសកម្មភាពរបស់ខ្លួន ដើម្បីអភិវឌ្ឍន៍សហគមន៍ នៅតំបន់ដែលសម្អាតគ្រាប់មីន រួចហើយ។
ក្នុងសន្និសីទនេះ លោក Noriyoshi Suenaga ដែលជាតំណាងប្រធានអង្គការ JMAS នឹងធ្វើការណែនាំអំពីសកម្មភាពការងាររបស់អង្គការ និងគម្រោងបច្ចុប្បន្ន ដែលកំពុងអនុវត្តដោយអ្នកជំនាញ ដែលធ្វើការនៅទីតាំង៣ផ្សេងៗគ្នាផងដែរ៕