(ថៃ)៖ ក្រុមហ៊ុនធំៗរបស់ពិភពលោក មកពីចម្រុះខ្សែសង្វាក់ផលិតកម្ម ក្នុងនោះ រួមទាំងក្រុមហ៊ុនផលិតសារធាតុគីមី និងផ្លាស្ទិក នាពេលថ្មីៗនេះ បានបើកវេទិកា «សម្ព័ន្ធដើម្បីលុបបំបាត់សំណល់ផ្លាស្ទិក (AEPW)» ជាលើកដំបូងរបស់ខ្លួន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
វេទិកានេះ បានធ្វើបទបង្ហាញអំពីសម្ព័ន្ធនេះ ជាអង្គការពិភពលោកមិនរកកម្រៃ ដែលបានបង្កើតឡើងក្នុងគោលដៅលុបបំបាត់សំណល់ផ្លាស្ទិក នៅក្នុងបរិស្ថាន ជាពិសេស នៅក្នុងសមុទ្រសម្រាប់តំបន់អាស៊ីអាគ្នេយ៍ និងប្រទេសថៃ។ វេទិកានេះ ធ្វើនៅទីក្រុងបាងកក ប្រទេសថៃ។
លោក Jim Seward (ជីម ស៊ូវើដ) តំណាងសម្ព័ន្ធ AEPW បានថ្លែងថា «បញ្ហាសំណល់ផ្លាស្ទិក គឺជាបញ្ហាពិភពលោក។ ខ្ញុំសូមទទូចដល់ក្រុមហ៊ុនទាំងអស់ តូចក្ដី ធំក្ដី និងមកពីគ្រប់តំបន់ និងគ្រប់វិស័យ សូមចូលរួម ជាមួយយើង។ យើងជឿជាក់ថា ពេលនេះ គឺជាពេលវេលាដែលយើងត្រូវធ្វើសកម្មភាពហើយ។ ភាពជោគជ័យ គឺទាមទារនូវកិច្ចសហប្រតិបត្តិការ និងកិច្ចប្រឹងប្រែង ដែលមានការសម្របសម្រួលមួយ មកពីគ្រប់វិស័យទាំងអស់ ដើម្បីសម្រេចបានលទ្ធផល និងជោគជ័យដែលមាននិរន្តរភាព» ។
សម្ព័ន្ធដើម្បីលុបបំបាត់សំណល់ផ្លាស្ទិក (AEPW) តំណាងឲ្យក្រុមហ៊ុនចំនួន៤០ ដែលមានមូលដ្ឋាននៅអាមេរិកខាងជើង និងខាងត្បូង, អឺរ៉ុប, អាហ្វ្រិក, មជ្ឈិមបូព៌ា, និងអាស៊ី។ ក្រុមហ៊ុនជាច្រើន ក្នុងចំណោមក្រុមហ៊ុនទាំងនេះ មានប្រតិបត្តិការធំៗ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ សម្ព័ន្ធនេះ គិតមកទល់នឹងបច្ចុប្បន្ន បានសន្យាផ្ដល់មូលនិធិជិត១ប៊ីលានដុល្លារអាមេរិក រួមជាមួយនឹងគោលដៅវិនិយោគទឹកប្រាក់១.៥ប៊ីលានដុល្លារ ក្នុងរយៈពេល៥ឆ្នាំបន្ទាប់ ដើម្បីបង្កើតនូវដំណោះស្រាយនានា ដែលនឹងកាត់បន្ថយ និងគ្រប់គ្រងសំណល់ផ្លាស្ទិក និងជំរុញនូវដំណោះស្រាយ នៅក្រោយពេលប្រើប្រាស់។ កិច្ចប្រឹងប្រែងរបស់សម្ព័ន្ធ នឹងផ្ដោតសំខាន់លើតំបន់អាស៊ីអាគ្នេយ៍។
លោក Brendan Edgerton (ប្រ៊ែនដិន អិជ្ជើថុន) មន្ត្រីតំណាងក្រុមប្រឹក្សាធុរកិច្ចពិភពលោក ដើម្បីការអភិវឌ្ឍដោយចីរភាព (WBCSD) បានថ្លែងថា «ទោះបីជាផ្លាស្ទិកផ្ដល់ផលប្រយោជន៍ជាច្រើន ដល់ប្រជាជននៅទូទាំង ពិភពលោក រាប់ទាំងការជួយធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅ សុខភាព-សុវត្ថិភាព និងនិរន្តរភាពក្ដី សំណល់ផ្លាស្ទិកដែលគ្រប់គ្រងមិនបានត្រឹមត្រូវ បានក្លាយជាភាពប្រឈមរបស់ពិភពលោក។ យើងកំពុងធ្វើការ ដើម្បីធ្វើឲ្យក្ដីសុបិនដែលចង់បានពិភពលោកមួយដែលគ្មានសំណល់ផ្លាស្ទិក ក្លាយជាការពិត»។
សម្ព័ន្ធកម្រិតពិភពលោកនេះ គឺជាអង្គការមិនរកប្រាក់កម្រៃ ដែលរួមមានសមាជិកជាក្រុមហ៊ុនដែលផលិត ប្រើប្រាស់ លក់ កែច្នៃ ប្រមូល និងច្នៃប្រើប្រាស់ឡើងវិញនូវសំណល់ផ្លាស្ទិក ពោលគឺរួមបញ្ចូលទាំងរោងចក្រផលិត សារធាតុគីមីនិងផ្លាស្ទិក ក្រុមហ៊ុនផលិតទំនិញប្រើប្រាស់ ក្រុមហ៊ុនលក់រាយ ក្រុមហ៊ុនកែច្នៃនិងគ្រប់គ្រងសំណល់ ជាដើម ដែលគេហៅថាជាខ្សែសង្វាក់ផលិតកម្មផ្លាស្ទិក។ សម្ព័ន្ធនេះ ក៏ធ្វើការជិតស្និទ្ធជាមួយក្រុមប្រឹក្សា ធុរកិច្ចពិភពលោកដើម្បីការអភិវឌ្ឍដោយចីរភាព (WBCSD) ផងដែរ ក្នុងនាមជាដៃគូយុទ្ធសាស្ត្រស្ថាបនិក។ យុទ្ធសាស្ត្ររបស់សម្ព័ន្ធ គឺផ្ដោតលើការសម្រេច វឌ្ឍនភាពនៅលើវិស័យសំខាន់ៗ ចំនួន ៤ ៖ ហេដ្ឋារចនាសម្ព័ន្ធ, នវានុវត្តន៍, ការអប់រំ, និងការសម្អាត។
តំណាងសម្ព័ន្ធ ក៏បានបង្ហាញពីគម្រោងផ្ដួចផ្ដើមមួយចំនួនផងដែរ ដែលឆ្លុះបញ្ចាំងនូវដំណោះស្រាយចម្រុះ ដើម្បីជួយលុបបំបាត់សំណល់ផ្លាស្ទិក ដូចជា ភាពជាដៃគូជាមួយទីក្រុងនានា ដើម្បីអភិវឌ្ឍប្រព័ន្ធគ្រប់គ្រង សំណល់ចម្រុះ នៅតាមទីក្រុងធំៗ ដែលពុំទាន់មានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ, ជួយជំរុញបច្ចេកវិទ្យា គំរូធុរកិច្ច និងសហគ្រិន ដើម្បីទប់ស្កាត់សំណល់ផ្លាស្ទិកហូរទៅក្នុងសមុទ្រ, បង្កើតប្រព័ន្ធទិន្នន័យសេរី ដើម្បីផ្ដល់ព័ត៌មាន មានតម្លៃអំពីប្រភព ទីកន្លែង និងទម្រង់នៃសំណល់ផ្លាស្ទិក ដើម្បីជួយគាំទ្រដល់គម្រោងគ្រប់គ្រងសំណល់, កសាងកិច្ចសហប្រតិបត្តិការ ជាមួយអង្គការអន្តររដ្ឋាភិបាល ដើម្បីកំណត់រកដំណោះស្រាយ ដែលមានប្រសិទ្ធភាពបំផុត, ព្រមទាំងគាំទ្រការវិនិយោគ និងការចូលរួមនៅក្នុងការប្រមូលសំណល់ផ្លាស្ទិក នៅមុនពេលវាហូរចូលទៅក្នុងសមុទ្រ ។
លោក Cholanat Yanaranop អនុប្រធានប្រតិបត្តិក្រុមហ៊ុន SCG បានថ្លែងថា «៦០% នៃសំណល់ផ្លាស្ទិកនៅក្នុងសមុទ្រ អាចកំណត់ប្រភពចេញមកពីប្រទេសចំនួន៥ នៅក្នុងអាស៊ីអាគ្នេយ៍ ហើយយើងយល់ស្របថា នេះគឺជាបញ្ហាប្រភពដ៏ធ្ងន់ធ្ងររបស់ពិភពលោក ដែលទាមទារឲ្យមានការធ្វើសកម្មភាពបន្ទាន់ និងការដឹកនាំរឹងមាំសម្រាប់សកម្មភាពនេះ»។
លោកបានបន្ថែមថា «យើងមានករណីជោគជ័យ និងគំនិតផ្ដួចផ្ដើមសាកល្បងជាច្រើន ព្រមទាំងគម្រោងគ្រប់គ្រងសំណល់ និងដំណោះស្រាយ ដែលផ្អែកលើយុទ្ធសាស្ត្រសេដ្ឋកិច្ចវិលជុំ រួមជាមួយនឹងគម្រោង សហប្រតិបត្តិការក្នុងស្រុក ដូចជា Smart Litter Trap 4.0 ជាដើម»។
លោក Jonathan Penrice ប្រធានក្រុមហ៊ុន Dow ប្រចាំអាស៊ី-ប៉ាស៊ីហ្វិក បានថ្លែងថា «ឆ្នាំ២០១០ ប្រទេសថៃជាប់ចំណាត់ថ្នាក់លេខ ៦ ដែលមានសំរាមផ្លាស្ទិកនៅក្នុងសមុទ្រច្រើនជាងគេបំផុត នៅលើពិភពលោក។ ដោយមានកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគី យើងអាចបង្កើតបានផែនការមេមួយ ដើម្បីដោះស្រាយបញ្ហាសំណល់នៅក្នុងប្រទេសថៃ ក្នុងលក្ខណៈមួយដែលមាននិរន្តរភាព ។ ហើយក្នុងករណីណាដែលអាចធ្វើទៅបាន យើងនឹងបញ្ជ្រាបផែនការនេះ ទៅប្រទេសផ្សេងៗទៀត នៅអាស៊ីអាគ្នេយ៍នេះផងដែរ»៕