Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តត្បូងឃ្មុំ៖ ឆ្នាំក្រោយកូនឈើ១ម៉ឺនដើម នឹងត្រូវដាំទូទាំងខេត្ត ដោយរំពឹង៥ឆ្នាំក្រោយ ក្រុងសួង នឹងទទួលបានផ្ការំដួល៣ទង តែត្រូវចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ក្នុងខេត្ត

29-08-2019 12:38

(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ថ្លែងបែបនេះ ក្នុងឱកាសដឹកនាំមន្ទីរអង្គភាព អាជ្ញាធរ សិស្សានុសិស្ស អាជីវករ និងប្រជាពលរដ្ឋ នាំគ្នាដាំកូនឈើចំនួនប្រមាណ៣០០ដើមបន្ថែមទៀត នៅបរិវេណនិងជុំវិញវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន សួង និងតាមដងផ្លូវ ក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ ដើម្បីផ្តល់សោភ័ណភាព និងលើកកម្ពស់បរិស្ថានបៃតងក្រុង។

លោក ជាម ច័ន្ទសោភ័ណ ថ្លែងបញ្ជាក់ថា ដើម្បីទទួលផ្ការំដួល៣ទង នា៥ឆ្នាំខាងមុខនេះ ត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលរស់នៅទីក្រុងសួងនេះ ដែលទាមទារឲ្យមានបេះដូង ស្រលាញ់អនាម័យបរិស្ថានពិតប្រាកដ។

លោក អភិបាលខេត្ត បន្តថា អនាម័យបរិស្ថានសំខាន់ណាស់ ក្នុងការទាក់ទាញភ្ញៀវទេសចរ ត្រូវតែជាទីក្រុងដែលគ្មានសំរាម មានដងផ្លូវស្អាត ពិសេសមានអ្វីដែលទាក់ទាញថ្មីបន្ថែមទៀត។

លោកបន្ថែមថា ជាមួយគ្នានោះ ក្រោមការចង្អុលបង្ហាញពីលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលលោកបានជំរុញឲ្យមានការដាំដើមឈើ ចាប់ពីស្ពានគីហ្សុណា ឆ្ពោះទៅដល់ស្រុកមេមត់។ តាមគម្រោង នាឆ្នាំក្រោយនឹងមានការដាំ លក្ខណៈទ្រង់ទ្រាយធំ ដោយដាំកូនឈើចំនួន ១ម៉ឺនដើមទូទាំងខេត្ត។

លោក ជាម ច័ន្ទសោភ័ណ ក៏បានជំរុញឲ្យអាជ្ញាធរក្រុងសួង និងអ្នកពាក់ព័ន្ធទាំងអស់ រួមគ្នាដាំដើមឈើ និងផ្កាចំរុះតាមដងផ្លូវ ថែរក្សាអនាម័យបរិស្ថាន ថែរក្សាគុណភាពផ្លូវ រក្សាសណ្ដាប់ធ្នាប់តាមដងផ្លូវ សម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះ និងបន្តកសាងសមិទ្ធផលថ្មីៗទាក់ទាញបន្ថែមទៀត។ ហើយការដាំដើមឈើនេះ មិនមែនធ្វើតែនៅក្រុងសួងនោះ គឺរួមគ្នាដាំទូទាំងខេត្ត ដើម្បីជាគម្របបៃតង និងជាសួតនៃខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះផងដែរ លោក ជាម ច័ន្ទសោភ័ណ បញ្ជាក់ឲ្យដឹងដែរថា នៅលើផ្លូវជាតិលេខ៧ ត្រង់កែងផ្លូវចូលរដ្ឋបាលសាលាខេត្ត នឹងកសាងឲ្យមានរង្វង់មូលធំមួយ ដែលមានរូបភាជ តំណាងឲ្យខេត្តត្បូងឃ្មុំ ចំណែកត្រង់រង្វង់មូលបន្ទាប់ នឹងដាក់រូបសំណាក់ស្តេចកនផងដែរ ដែលសុទ្ធសឹងជារូបសំណាក់តំណាងឲ្យខេត្តត្បូងឃ្មុំ សម្រាប់ឲ្យប្រជាពលរដ្ឋក្នុងខេត្ត ពិសេសភ្ញៀវទេសចរ បានឃើញ និងដឹងនៅពេលឆ្លងកាត់ទីនេះ៕