(ព្រៃវែង)៖ បុរសម្នាក់ ដែលគេស្គាល់ថា ជានាយប៉ុស្តិ៍នគរបាលរដ្ឋព្រះស្តេច បានរងរបួសធ្ងន់ បន្ទាប់ពីត្រូវជនមិនស្គាល់មុខ បើកម៉ូតូកៀរទម្លាក់ពីលើផ្លូវ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងនាវេលាម៉ោង១៩៖០០នាទី ល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិប្រថ្ម ឃុំជៃកំពក ស្រុកព្រះស្ដេច ខេត្តព្រៃវែង លើកំណាត់ផ្លូវខេត្តលេខ ៣១២ (ក្បែរឃ្លោងទ្វារវត្តចាងណាង)។
បើតាមមន្ដ្រីនគរបាល បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ទុយ រ៉ន ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិពានី ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង (នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះស្តេច) ។
ប្រភពពីពលរដ្ឋ ដែលឃើញហេតុការណ៍ បានឲ្យដឹងថា មានម៉ូតូ១គ្រឿងមិនស្គាល់ម៉ាក បើកលឿនដូចហោះ ពីជើងទៅត្បូង លុះមកដល់ចំណុចខាងលើ បានកៀរជាមួយម៉ូតូ១គ្រឿង ម៉ាក ZUSUKI Smash ពណ៌ខ្មៅ ពាក់ផ្លាកលេខនគរបាល1-8800 បើកដោយឈ្មោះ ទុយ រ៉ន ដែលបើកបរបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យខាងម៉ូតូជនរងគ្រោះ ដួលបោកតែម្តង។
ក្រោយកើតហេតុជនរងគ្រោះ ដែលរងរបួសធ្ងន់ត្រូវបានបញ្ជូន ទៅព្យាបាលនៅមន្ទីពេទ្យកាលម៉ែត្ររាជធានីភ្នំពេញ រីឯម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រះស្តេច ចំណែកឯជនបង្ក បើករត់គេចខ្លួនបាត់ស្រមោល៕