(ភ្នំពេញ)៖ ក្រោយជួបពិភាក្សាជាមួយគ្នាពេញមួយព្រឹក នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ រួចមក ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី១ លើកទី១ បានចេញសេចក្តីថ្លែងការណ៍អំពី ការពិភាក្សាប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង។

កិច្ចពិភាក្សានេះធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមអធិបតីភាពលោករដ្ឋមន្ត្រី អ៉ិត សំហេង ដោយក្នុងនោះអង្គប្រជុំសម្រេចបានលទ្ធផលដូចខាងក្រោម៖

*ទី១៖ បានផ្សព្វផ្សាយពីអនុក្រឹត្យស្តីពីសមាសភាព ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
*ទី២៖ បានប្រកាសជាផ្លូវការសមាសភាពក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី១
*ទី៣៖ បានបោះឆ្នោតជ្រើសរើសអនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាចំនួន ២(ពីរ)រូប៖ លោក សោម អូន ជាអនុប្រធានតំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត ដែលមានសំឡេងគាំទ្រ ៩ លើ ១៦ និងលោកឧកញ៉ា ណាង សុធី ជាអនុប្រធានតំណាងអង្គការវិជ្ជាជីវៈរបស់និយោជក ដែលមានសំឡេងគាំទ្រ ១៧ លើ ១៧
*ទី៤៖ បានធ្វើបទបង្ហាញអំពីស្ថិតិសំខាន់ៗសម្រាប់ភាគីពាក់ព័ន្ធធ្វើជាមូលដ្ឋានក្នុងការប្រើប្រាស់លក្ខណវិនិច្ឆ័យទាំង៧ ដែលជាធាតុចូលដ៏សំខាន់ក្នុងការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២០
*ទី៥៖ នឹងបន្តប្រជុំពិភាក្សានៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ និងនៅថ្ងៃបន្តបន្ទាប់៕