(ភ្នំពេញ)៖ ស្ត្រីម្នាក់ដែលតែងដើរបោកលុយតាមប្រព័ន្ធបើកប្រាក់វីង (Wing) និង ទ្រូម៉ានី (True Money) ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ឃាត់ខ្លួន និងបញ្ជូនទៅតុលាការថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ ក្រោយការប្រព្រឹត្តបទល្មើសជាក់ស្តែង និងយោងតាមបណ្តឹងជាបន្តបន្ទាប់របស់ប្រជាពលរដ្ឋ។
ស្ត្រីសង្ស័យឈ្មោះ ឃាង ស្រីណា អាយុ៣៦ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅក្រោយវត្តមហាមន្ត្រី កាលពីថ្ងៃទី២៦ ខែសីហា ក្រោមការសម្របសម្រួលរបស់លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា លោកឧត្តមសេនីយ៍ឯក ជា ពៅ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៩ ខែសីហានេះថា ពាក្យបណ្តឹងដែលសមត្ថកិច្ច បានទទួលពាក់ព័ន្ធនឹងអំពើបោកប្រាស់នេះមានចំនួន៤ សារុបចំនួនទឹកប្រាក់ ២០,៩០០ដុល្លារអាមេរិក ដែលករណីនេះបានជំរុញការប្រញាប់ចុះធ្វើការស៊ើបអង្កេតតាមដាន និងបានឃាត់ខ្លួនស្ត្រី សង្ស័យក្បែរកន្លែងផ្ញើប្រាក់វីងមួយកន្លែងនៅជិតវត្តមហាមន្ត្រី ក្នុងខណ្ឌចំការមនរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍បានបញ្ជាក់ថា ស្ត្រីសង្ស័យពេលធ្វើសកម្មភាពបោកបញ្ឆោតក្នុងកន្លែងបើប្រាក់វីង ឬទ្រូម៉ានី នៅកន្លែងណាមួយ គាត់តែងនិយាយបញ្ជាក់ប្រាប់ភ្នាក់ងារដកលុយនោះជាមុនថា គាត់ជាអ្នករស់នៅផ្ទះជិតនេះទេ ដែលការនិយាយនោះ ដើម្បីឲ្យភ្នាក់ងារបើកប្រាក់នោះទុកចិត្ត និងធ្វើប្រតិបត្តិការផ្ទេរប្រាក់ដាក់ទៅលេខទូរស័ព្ទ ០៩៦ ២៣៩ ៣១៨៦ ជាមុនដើម្បីទទួលបានវិក្ក័យប័ត្រ និងលេខកូដសម្ងាត់។
ក្រោយមក ស្ត្រីសង្ស័យធ្វើជានិយាយទៀតថា គាត់ភ្លេចប្រាក់ និងចាំទៅយកប្រាក់ពីផ្ទះមកសិន។ បន្ទាប់ពីបានលេខកូដសម្ងាត់នោះហើយ ស្ត្រីដដែលនោះ គាត់បានហៅម៉ូតូឌុបជិះចេញទៅកន្លែង ផ្សេងធ្វើការដកប្រាក់ហើយគេចខ្លួនបាត់។ អ្នករត់ម៉ូតូឌុបម្នាក់ដែលបានសហការជាមួយសមត្ថកិច្ចបានប្រាប់ សមត្ថកិច្ចជុំវិការឌុបស្ត្រីសង្ស័យនោះ ទៅកន្លែងបើកប្រាក់វីង និងទ្រូម៉ានី តាមការ ហៅជាទម្លាប់របស់គាត់តាមទូរស័ព្ទ។
ស្ត្រីជនសង្ស័យ ឃាង ស្រីណា បានបញ្ជួនទៅតុលាការដើម្បីធ្វើការចោទប្រកាន់តាមផ្លូវច្បាប់។ ប្រធាននាយកដ្ឋានជំនាញប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា លោកឧត្តមសេនីយ៍ឯក ជា ពៅ បានអំពាវនាវថា «ក្នុងនាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងបទបញ្ជាក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រើប្រាស់មីក្រូហិរញ្ញវត្ថុនៅទីផ្សារ បច្ចុប្បន្ន សូមឲ្យមានប្រុងប្រយ័ត្នទាំងអ្នកប្រើប្រាស់ ទាំងអ្នកម្ចាស់មីក្រូហិរញ្ញវត្ថុចំពោះជនខិលខូចដែលឆ្លៀត ឱកាសយកបញ្ហានេះមក ប្រើប្រាស់បង្កឲ្យមានភាពអសន្តិសុខនៅក្នុងសង្គម បាត់ស្ថិរភាព បង្អាក់ការអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលជាពិសេសគឺការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យប្រទេសមានការរីកចម្រើន រុងរឿងនិងស្ថេរភាពដល់បច្ចុប្បន្ននេះ។ មានតែយើងទាំងអស់គ្នាទេ ជាមួយសមត្ថកិច្ចជា បង្អែកដែលត្រូវរួមគ្នាកម្ចាត់ និងបំបាត់ចោលនូវជនខិលខូចទាំងអស់នោះ»៕