(ភ្នំពេញ)៖ យោងទៅតាមរបាយការណ៍របស់ក្រសួងបរិស្ថាន រាជធានីភ្នំពេញ ប្រើប្រាស់ថង់ប្លាស្ទិកជាង ១០លានថង់ រៀងរាល់ថ្ងៃ និងមានកាកសំណល់ជាង ៤លានតោនជារៀងរាល់ឆ្នាំ។ នេះបើតាមការបញ្ជាក់របស់នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen ក្នុងសិក្ខាសាលាបរិស្ថាន ដើម្បីអនាគតប្រកបដោយនិរន្តរភាព។
សិក្ខាសាលានេះ បានរៀបចំដោយក្រុមការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ សហការជាមួយអង្គការ Plastic Free Cambodia នាពេលថ្មីៗនេះ។ សិក្ខាកាមដែលចូលរួម គឺជាលោកគ្រូ-អ្នកគ្រូ មកពីអនុវិទ្យាល័យ ក្នុងរាជធានីភ្នំពេញ និងបុគ្គលិកណាហ្គាវើលដ៍។
សិក្ខាសាលានេះ មានគោលបំណងចែករំលែក អំពីការអនុវត្តល្អបំផុត ក្នុងការកាត់បន្ថយកាកសំណល់ប្លាស្ទិក។ បន្ទាប់ពីសិក្ខាសាលា សិក្ខាកាមទាំងអស់ នឹងក្លាយជាអ្នកអភិរក្សបរិស្ថានគំរូ ដែលពួកគេនឹងទៅផ្តល់ចំណេះដឹង បន្តទៅដល់សិស្សានុសិស្ស និងសហគមន៍។
នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បានថ្លែងថា ការប្រើប្រាស់ផលិតផលប្លាស្ទិក គឺជារឿងដែលមិនអាចគេចផុត នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ហើយវាផ្តល់ផលប៉ះពាល់គួរ ឲ្យព្រួយបារម្ភ ដល់បរិស្ថានរបស់យើង។ ទម្រាំរលាយ ប្លាស្ទិកចំណាយពេលរហូតដល់រាប់រយឆ្នាំ។
លោកថា ប្លាស្ទិក បញ្ចេញជាតិពុលគីមី ទៅក្នុងបរិស្ថានដែលផ្តល់ហានិភ័យ យ៉ាងគ្រោះថ្នាក់ដល់មនុស្សជាតិ។ មានកាកសំណល់ប្លាស្ទិក យ៉ាងច្រើនសន្ធឹកសន្ធាប់ ត្រូវបានរកឃើញនៅក្នុងសមុទ្ររបស់យើង ដែលវាប៉ះពាល់យ៉ាងខ្លាំង ដល់ប្រព័ន្ធអេកូឡូស៊ី ភាវរស់ និងរុក្ខជាតិនៅក្នុងសមុទ្រ។
លោក Pern Chen បានបន្ថែមថា «យោងទៅតាមរបាយការណ៍ របស់ក្រសួងបរិស្ថាន ទីក្រុងភ្នំពេញប្រើប្រាស់ថង់ប្លាស្ទិក ជាង១០លានថង់ រៀងរាល់ថ្ងៃ និងមានកាកសំណល់ ជាង៤លានតោន ជារៀងរាល់ឆ្នាំ។ យើងត្រូវធ្វើចំណាត់ការ ជាបន្ទាន់ចំពោះស្ថានភាពដ៏អាក្រក់នេះ»។
លោកបន្ដថា «យើងសង្ឃឹមថា ការសហការជាមួយអង្គការ Plastic Free Cambodia មិនត្រឹមតែ នឹងជួយអប់រំដល់លោកគ្រូ-អ្នកគ្រូ និងបុគ្គលិករបស់យើង ឲ្យយល់ដឹងអំពីផលប៉ះពាល់អវិជ្ជមាន នៃការបំពុលដោយប្លាស្ទិក ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយល់ដឹង អំពីវិធីកាត់បន្ថយកាកសំណល់ប្លាស្ទិកទៀតផង។ ដោយអនុវត្តទាំងអស់គ្នា យើងនឹងអាចការពារបរិស្ថានរបស់យើង និងធ្វើឲ្យប្រទេសកម្ពុជាកាន់តែស្រស់បំព្រង និងបៃតង។ រួមគ្នាដើម្បីក្លាយជាផ្នែកមួយ នៃដំណោះស្រាយជាជាងក្លាយ ជាផ្នែកមួយនៃការបំពុលបរិស្ថាន»។
ដោយឡែក ស្ថាបនិកអង្គការ Plastic Free Cambodia អ្នកស្រី Sarah Rhodes បានថ្លែងថា «បេសកកម្មរបស់យើង គឺបញ្ឈប់ការបំពុលដោយប្លាស្ទិក។ យើងចែករំលែកគំនិតផ្តួចផ្តើម ដ៏មានសារសំខាន់នេះ ដើម្បីលើកកម្ពស់ការយល់ដឹង និងលើកទឹកចិត្តឲ្យអ្នករាល់គ្នា ចូលរួមកាត់បន្ថយការប្រើប្រាស់ ប្លាស្ទិកនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ យើងក៏មានមោទនភាពផងដែរ ដែលបានធ្វើការជាមួយក្រុមការងារ សង្គមណាហ្គាវើលដ៍បេះដូង សប្បុរសចំពោះគំនិតផ្តួចផ្តើមនេះ»។
សូមបញ្ជាក់ថា ណាហ្គាវើលដ៍បេះដូងសប្បុរស មានគំនិតផ្តួចផ្តើមជាច្រើនទៀត ពាក់ព័ន្ធនឹងបរិស្ថាន រួមមាន៖ ការដាំកូនឈើជាង៣,៣០០ដើម នៅតាមសាលារៀនទូទាំងប្រទេសកម្ពុជា ការដើរប្រមូលសំរាម នៅក្នុងទីក្រុងយ៉ាងទៀងទាត់ ការគាំទ្រដល់ទិវាមួយម៉ោង សម្រាប់ភពផែនដី ការលើកកម្ពស់យុទ្ធសាស្ត្រ ៣R (កាត់បន្ថយ ប្រើប្រាស់ឡើងវិញ និងកែច្នៃឡើងវិញ) និងយុទ្ធនាការបញ្ឈប់ការប្រើប្រាស់ បំពង់បឺតប្លាស្ទិកទូទាំងក្រុមហ៊ុនណាហ្គាវើលដ៍៕