(ភ្នំពេញ)៖ បន្ទាប់ពីដំណើរការ កម្មវិធីអភិវឌ្ឍន៍និស្សិតសាកលវិទ្យាល័យ SmartEdu (USDP) ជាលើកដំបូងយ៉ាងជោគជ័យកាលពីឆ្នាំមុន កម្មវិធី USDP រដូវកាលទី២ បានបញ្ចប់ហើយកាលពីសប្តាហ៍នេះ ដោយស្វែងរកឃើញនិស្សិតឆ្នើម៨នាក់ ។
ក្នុងព្រឹត្តិការណ៍នេះ ក្រុមនិស្សិតចំនួន៨នាក់ ដែលបង្ហាញនូវដំណោះស្រាយច្នៃប្រឌិតរបស់ពួកគេសម្រាប់ ក្រុមហ៊ុន Thalias Hospitality Group បានឈ្នះរង្វាន់ជាទឹកប្រាក់ ១,៨០០ដុល្លារ និងពានរង្វាន់ជយលាភី CEO Challenge បន្ទាប់ពីបានបង្ហាញគំនិត ដែលជាដំណោះស្រាយរបស់ពួកគេ ទៅកាន់ក្រុមគណៈកម្មការវិនិច្ឆ័យរួមមាន លោកស្រី Kim Tol Am នាយកប្រតិបត្តិក្រុមហ៊ុន BIMA កម្ពុជា លោក Arnaud Darc នាយកប្រតិបត្តិក្រុមហ៊ុន Thalias លោក Hashim Alkaff នាយកក្រុមហ៊ុន Grab កម្ពុជា និងលោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata។
រង្វាន់ផ្សេងទៀត ដែលបានប្រគល់ជូនបេក្ខជន ក្នុងព្រឹត្តការណ៍នេះរួមមាន ពានរង្វាន់ក្រុមធ្វើបានល្អបំផុតលេខរៀងទី២ ដែលទទួលបានរង្វាន់ទឹកប្រាក់ចំនួន ១,០០០ដុល្លា ហើយក្រុមជយលាភីនៃក្រុមធ្វើបានល្អបំផុត ទទួលបានរង្វាន់ទឹកប្រាក់ចំនួន ១,៤០០ដុល្លារ ដល់ការប្ដេជ្ញាចិត្តយ៉ាងផ្ចិតផ្ចង់ កំឡុងសិក្ខាសាលានៅសៀមរាប។ លើសពីនេះទៀត បេក្ខជនឆ្នើមចំនួន៨នាក់ នឹងទទួលបានការហាត់ការ ដែលមានប្រាក់ឧបត្ថម្ភ រយៈពេល២ខែ នៅឯក្រុមហ៊ុនរបស់ Axiata ក្នុងប្រទេសម៉ាឡេស៊ី។ឆ្នាំនេះ ក៏មានបេក្ខជនឆ្នើម មកពីសាកលវិទ្យាល័យអាជីវកម្មអន្ដរជាតិ Hult International Business School នៅឯទីក្រុងឡុង់ ត្រូវបានទទួលស្គាល់ជាម្ចាស់ជយលាភីឆ្នើមបំផុត សម្រាប់ការចូលរួមយ៉ាងសកម្ម។
និស្សិតឆ្នើមមួយរូប កែវ ពិទូ បាននិយាយថា «កម្មវិធីសិក្ខាសាលា បានផ្ដល់បទពិសោធន៍ដ៏អស្ចារ្យមួយ។ កម្មវិធីនេះគឺលំបាកហើយយើងធ្វើការឥតឈប់ឈរ ប៉ុន្តែខ្ញុំមិនធ្លាប់បានសង្វាតរៀនសូត្រច្រើនដល់ម្លឹងនោះទេក្នុងរយៈពេលដ៏ខ្លីបែបនេះនៅក្នុងជីវិតរបស់ខ្ញុំឡើយ»។
និស្សិតរូបនោះ បានបន្តថា «នេះជាបទពិសោធមួយ ដែលខ្ញុំនឹងតែងតែចងចាំជានិច្ច ដោយមានការរៀនសូត្រពីជំនាញគ្រប់គ្រងអារម្មណ៍ និងជំនាញភាពជាអ្នកដឹកនាំ ក៏ដូចជាជួបមនុស្សល្អៗ និងអ្នកជំរុញការបណ្ដុះគំនិត។ ខ្ញុំពិតជាសប្បាយចិត្ត និងត្រេចអរណាស់ដែលត្រូវបានជ្រើសរើសចូលរួមកម្មវិធីនេះ ហើយនឹងព្យាយាមប្រើប្រាស់ជំនាញដែលខ្ញុំបានរៀននៅពេលអនាគត»។
វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី SmartEdu USDP រដូវកាលទី២ និងពិធីប្រគល់រង្វាន់កាលពីម្សិលមិញ ត្រូវបានធ្វើឡើងក្រោមវត្តមានរបស់បណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា, លោក Edleen Husaini Mohd. Hashim ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា និង លោកបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា។ គំនិតដំណោះស្រាយរបស់ក្រុមទាំងអស់ ទទួលបានការស្ងើចសសើរ និងជូនពរឲ្យពួកមានសំណាងល្អពីភ្ញៀវកិត្តិយសទាំងអស់។
បេក្ខជន ដែលត្រូវបានជ្រើសរើសពីសាកលវិទ្យាល័យចំនួន ១៦ នៅទូទាំងប្រទេសកម្ពុជា និងក្រៅប្រទេស រួមជាមួយនឹងនិស្សិតកម្ពុជាថ្នាក់បរិញ្ញាបត្រចំនួន៤៨នាក់។ ដំបូងឡើយពួកគេ ត្រូវបានចែកជា៨ក្រុម ដើម្បីចូលរួមកម្មវិធីបណ្ដុះបណ្ដាលនៅសណ្ឋាគារសុខាក្នុងខេត្តសៀមរាប។ ពួកគេទទួលបានការបំពាក់បំប៉នជំនាញទំនាក់ទំនង គំនិតច្នៃប្រឌិត និងជំនាញត្រិះរិះពិចារណា និងជំនាញគ្រប់គ្រងអារម្មណ៍។ បេក្ខជនទាំងអស់ បានចូលរួមក្នុងការប្រកួតប្រជែងទាក់ទងទៅនឹងអាជីវកម្មបែបឌីជីថល សិក្ខាសាលា និងការពិសោធន៍ជាច្រើន ដោយពួកគេត្រូវបានជំរុញឲ្យបញ្ចេញសមត្ថភាពឲ្យអស់ និងផ្ដល់មតិយោបល់ដល់គ្នាទៅវិញទៅមក។
ក្នុងឱកាសនោះ លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានបង្ហាញអំពីរបៀបដែលកម្មវិធី SmartEdu USDP សមស្របទៅនឹងចក្ខុវិស័យរបស់ក្រុមហ៊ុនក្នុងការផ្ដល់ជំនាញដល់អនាគតអ្នកដឹកនាំ និងអ្នកមានទេពកោសល្យផ្នែកបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍។
លោកបានថ្លែងថា «សិក្ខាសាលានៃកម្មវិធី SmartEdu USDP ផ្តល់នូវឱកាសជាច្រើនដល់និស្សិតតាមសាកលវិទ្យាល័យនៅកម្ពុជា ឲ្យទទួលយកតួនាទីភាពជាអ្នកដឹកនាំក្នុងបរិយាកាសដែលត្រូវបានរៀបចំឲ្យ។ កម្មវិធីនេះផ្ដល់ជំនាញដោះស្រាយបញ្ហាផ្ទាល់ និងបញ្ហាជីវិតពិត។ ខ្ញុំពិតជាមិនអាចមិនកោតសរសើរពីគំនិត និងការខិតខំប្រឹងប្រែងរបស់ពួកគាត់បានទេ។ យើងមានមោទនភាពដែលបានជួយដល់អ្នកមានទេពកោសល្យទាំងនេះ ហើយខ្ញុំទន្ទឹងរង់ចាំមើលអ្វីដែលពួកគេនឹងទទួលបាននៅក្នុងពិភពឌីជីថលនាពេលអនាគត»។
កម្មវិធី SmartEdu USDP ត្រូវបានដាក់ឲ្យដំណើការកាលពីខែតុលា ឆ្នាំ២០១៨ ជាផ្នែកមួយនៃអនុស្សារណៈយោគយល់គ្នាជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ដោយ ក្រុមហ៊ុន Smart បានប្តេជ្ញាវិនិយោគទឹកប្រាក់ចំនួន១លាន ៥សែនដុល្លារ សម្រាប់រយៈពេល៣ឆ្នាំ ទៅក្នុងកម្មវិធីចំនួន២នៃ SmartEdu រួមមាន កម្មវិធីអាហារូបករណ៍ SmartEdu និងកម្មវិធីអភិវឌ្ឍន៍និស្សិតសកលវិទ្យាល័យ SmartEdu (USDP)៕