(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ បាននិងកំពុងបើកកិច្ចពិភាក្សាគ្នាស្ដីពី ការកំណត់ប្រាកឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងកម្ពុជា សម្រាប់ឆ្នាំ២០២០ ។
កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើង នៅទីស្ដីការក្រសួងការងារ ក្រោមអធិបតីភាព លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលខាងភាគីនយោជក គេឃើញមានវត្តមាន លោក វ៉ាន់ សូអៀង ប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ចំណែកខាងសហជីព មានលោក សោម អូន ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា និងលោក អាត់ ធន់ ប្រធាន សម្ព័ន្ធ សហជីព ប្រជាធិបតេយ្យ កម្មករ កាត់ ដេរ កម្ពុជា (ស៊ី ខៅ ឌូ) រួមទាំងតំណាងនយោជក និងសហជីពជាច្រើនទៀត។
បើតាមការប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ការបើកកិច្ចប្រជុំចុងក្រោយ នៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមា ដើម្បីសម្រេចប្រាក់ឈ្នួលអប្បរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២០ នឹងធ្វើឡើងនៅខែតុលា ឆ្នាំ២០១៩ ហើយកាលបរិច្ឆេទចូលជាធរមានប្រាក់ឈ្នួលអប្បរមា នឹងចាប់ផ្តើមអនវុត្តពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០តទៅ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយដំឡើងប្រាក់ឈ្នួលអប្បរមា ដល់កម្មករនិយោជិក ក្នុងវិស័យកាត់ដេរ ជារៀងរាល់ឆ្នាំមិនដែលខាន ចាប់តាំងពីឆ្នាំ២០១៣ រហូតមក។ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត ក្នុងឆ្នាំ២០១៩នេះ បានកើនដល់ ១៨២ដុល្លារ នៅក្នុងមួយខែ ដែលឆ្នាំ២០២០ ខាងមុខនេះ អាចនឹងកើនឡើងមួយចំនួនថែមទៀត៕