(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់ឲ្យនាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ ចុះសួរសុខទុក្ខកងកម្លាំង នគរបាលការពារព្រំដែនគោកលេខ១០៥ ដែលកំពុងឈរជើងការពារព្រំដែន ក្នុងភូមិសាស្ត្រចំការចេក និងមុំបី ស្រុកជាំក្សាន្ត។
ក្នុងពិធីនៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ ក៏មានការចូលរួមពី ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក, ស្នងការនគរបាលខេត្តព្រះវិហារ និងថ្នាក់ដឹកនាំនគរបាលជាច្រើនរូបផ្សេងទៀតផងដែរ។
ក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ ក៏បាននាំយកអំណោយ របស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ថវិកាចំនួន២០,០០០,០០០រៀល ចែកជូន៖ ទីបញ្ជាការវរ ១០,០០០,០០០រៀល, ប៉ុស្តិ៍ចំការចេក ៥,០០០,០០០រៀល, ប៉ុស្តិ៍តេជោមរកត (មុំបី) ៥,០០០,០០០រៀល ព្រមទាំងគ្រឿងឧបភោគបរិភោគ មាន៖ ត្រីខ, ត្រីងៀត, ប្រហុក, មី, ទឹកត្រី, ទឹកស៊ីអ៉ីវ និងបន្លែស្រស់ជាច្រើនទៀត។
តាមរយៈការយកចិត្តទុកដាក់ខាងលើនេះ កងកម្លាំងនគរបាលការពារព្រំដែនមានទឹកចិត្ត សោមន្សរីករាយក្រៃលែង និងសូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានយកចិត្តទុកដាក់ដល់កងកម្លាំងនគរបាល ដែលកំពុងឈរជើងការពារព្រំដែន៕