(កោះកុង)៖ លោក ខ្លឹម គគីរ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកោះកុង កាលពីសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ បានដឹកនាំមន្ត្រីក្រោមឱវាទ និងមន្ត្រីមូលដ្ឋាន ចុះពិនិត្យស្ថានភាព កង្វះទឹកស្អាតប្រើប្រាស់ ក្រោយពលរដ្ឋបានលើកឡើងនៅក្នុងវេទិកាសាធារណៈកាលពីទី២៣ ខែសីហា ស្ថិតនៅភូមិថ្មីចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។ ប្រជាពលរដ្ឋនៅទីនោះ មិនធ្លាប់ប្រើទឹកស្អាតជាង ៣០ឆ្នាំមកហើយ។
ប្រជាពលរដ្ឋម្នាក់ បានលើឡើងថា ពួកគាត់រស់នៅភូមិស្ពានយោលនេះ អស់រយពេលជាង៣០ឆ្នាំមកហើយ មិនមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ទេពី១ឆ្នាំ ទៅ១ឆ្នាំ។ រាល់ការប្រើប្រាស់ទឹក គឺទិញពីឈ្មួញកណ្តាលក្នុងតម្លៃ១ម៉ែត្រគូប ៥០០០រៀល (ប្រាំពាន់រៀល) ហើយប្រើប្រាស់មិនគ្រប់គ្រាន់ក្នុងគ្រួសារទៀត។
លោកបានបន្តថា «ដោយមើលឃើញភាពលំបាកកង្វះទឹកស្អាតប្រើប្រាស់ទាំងបណ្តាញអគ្គិសនី រាប់ឆ្នាំមកហើយនេះ ប្រជាពលរដ្ឋទាំង៧៥គ្រួសារ បានសម្រេចលើកបញ្ហាទាំង២ចំណុចនេះ ក្នុងវេទិការសាធារណៈ ដើម្បីសុំឲ្យមន្ត្រីដែលពាក់ព័ន្ធជួយធ្វើការដោះស្រាយជូនពួកគាត់ផង ព្រោះពួកគាត់ពេលអត់ទឹកប្រើប្រាស់ត្រូវបង្ខំប្រើប្រាស់ទឹកអណ្តូងភ្លាវ-ជូរ»។
លោក ខ្លឹម គគីរ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត បានថ្លែងថា លោកពេញចិត្តចំពោះការលើកឡើងរបស់ប្រជាពលរដ្ឋពីបញ្ហាកង្វះទឹកស្អាតប្រើប្រាស់ទាំង៧៥គ្រួសារ ស្ថិតចំណុចខាងលើនេះ ព្រោះបើពួកគាត់មិនលើកឡើងទេ ក៏មន្ទីរអត់ដឹងដែរ ព្រោះអត់មានអាជ្ញាធរមូលដ្ឋារាយការណ៍ជូនខាងមន្ទីរឡើយ។
លោកបានបន្ថែមថា ក្រោយពីទទួលបានព័ត៌មានភ្លាម លោកបានធ្វើសំណើរចូលទៅក្រុមហ៊ុនរដ្ឋាករទឹកស្អាតកោះកុង ដើម្បីមានវិធានការ ឲ្យស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ជានិច្ច ចំពោះប្រជាពលរដ្ឋគ្រប់មូលដ្ឋាន និងអភិវឌ្ឍន៍គ្រប់ទីកន្លែង មានទឹក មានភ្លើង មានផ្លូវ សម្រាប់ជាចរន្ត នៃការរីកចំរើនប្រទេសជាតិ។
លោកបានបញ្ជាក់ថា «ក្រោយបានចុះពិនិត្យភាពជាក់ស្តែងឃើញថា ទុយោមេទឹកនៅចម្ងាយប្រហែល៣០០ម៉ែត្រ មិនឆ្ងាយពីភូមិរបស់គាត់ឡើយ ដូច្នេះមន្ទីរធ្វើដំណើរជូនក្រុមហ៊ុនរដ្ឋាករទឹកស្អាត កោះកុង ដើម្បីពន្លឿនឲ្យភាគីក្រុមហ៊ុនតទុយោចូលភូមិគាត់ ដើម្បីឲ្យគាត់បានទឹកប្រើប្រាស់បានរហ័ស»។ លោកសន្យាថា បងប្អូននឹងមានទឹកប្រើប្រាស់គ្រប់គ្រាន់នៅរយៈពេលដ៍ខ្លីខាងមុខនេះ៕