(តៃប៉ិ)៖ មោទនភាពខ្លាំងណាស់ដែលកូនខ្មែរ បានបង្ហាញស្នាដៃដល់ពិភពលោកឲ្យបានស្គាល់ពីកម្រិតសមត្ថភាពដ៏អស្ចារ្យដែល អាយ.អេ.អឹម.អេ កម្ពុជាបានជ្រើសរើស និងបញ្ជូនកុមារតំណាងកម្ពុជា ៣០រូប មកពីសាលាអន្តរជាតិជាច្រើនពីកម្ពុជា។
ជាលទ្ធផលកុមារខ្មែរមកពីសាលាឃីងគ្លរី បានដណ្ដើមបានពានមាសច្រើនជាងគេបង្អស់ ក្នុងការប្រកួត «គណិតវិទ្យារហ័ស» លំដាប់ពិភពលោកដែលមានសិស្សចូលរួមប្រកួតចំនួនមួយពាន់នាក់មកពី ១០ប្រទេស កាលពីថ្ងៃទី២៥ សីហាកន្លងទៅនេះ ដែលរៀបចំដោយ IAMA International។
ការប្រលងនេះ សិស្សមកពីសាលាអន្តរជាតិឃីងគ្លរី មានចំនួន ១៣នាក់ បានចូលរួមប្រកួតនៅក្នុងនោះដែរ។ ជាលទ្ធផល សាលាអន្តរជាតិឃីងគ្លរី ទទួលបានជ័យលាភីពានលំដាប់ពិភពលោកចំនួន៨ ដោយសិស្សទទួលបានចំណាត់ថ្នាក់លេខ២ មានចំនួន២នាក់ ចំណាត់ថ្នាក់លេខ៣ មានចំនួន៤នាក់ និងប្រកួតជាក្រុមបានចំណាត់ថ្នាក់លេខ២ ចំនួន២ក្រុម។ ក្រៅពីនេះ ឃីងគ្លរី ក៏ទទួលបានមេដាយមាសចំនួន៧ថែមទៀត។
សូមជម្រាបថា ដើម្បីចូលរួមប្រកួត «គណិតវិទ្យារហ័ស» លំដាប់ពិភពលោកនេះ សិស្សម្នាក់ៗត្រូវឆ្លងកាត់វគ្គជម្រុះនៅតាមសាលារៀងៗខ្លួន បន្ទាប់មកក៏ត្រូវឆ្លងវគ្គប្រកួតជម្រុះថ្នាក់ជាតិម្ដងទៀត ជាមួយនឹងសិស្សសាលាដទៃ ដែលមានសិស្សសរុបចំនួន៥០០នាក់ រៀបចំដោយ IAMA Cambodia កាលពីចុងខែមិថុនាថ្មីៗនេះ។
គួរបញ្ជាក់ផងដែរថា សាលាអន្តរជាតិឃីងគ្លរី ត្រូវបានជាប់ឈ្មោះជាសាលាអន្តរជាតិមួយឈានមុខគេ ដែលមានសិស្សចូលរួមប្រកួត និងទទួលជ័យលាភីច្រើនជាងគេបំផុត ទាំងលំដាប់ជាតិ ទាំងលំដាប់ពិភពលោក ក្នុងចំណោមប្រទេសផ្សេងទៀតដែលចូលរួម ដូចជា ជប៉ុន ចិន តៃវ៉ាន់ កូរ៉េខាងត្បូង ថៃ សិង្ហបុរី ម៉ាឡេស៊ី កាណាដា ឥណ្ឌា និងហុងកុងជាដើម៕