(ភ្នំពេញ)៖ លោក នោ ហ្យន់ជូន (Rho Hyun-Jun) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) ប្រចាំការិយាល័យប្រទេសកម្ពុជា នៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ បានចូលរួមក្នុងពិធីលៀងសាយភោជន៍នៅ Palace Gate Hotel & Resort ជាមួយភ្ញៀវជាតិ និងអន្តរជាតិ ដែលចូលរួមក្នុងសន្និសីទអន្តរជាតិលើកទី១ ដែលមិនធ្លាប់មានពីមុន ក្រោមប្រធានបទ «អំពើប្រល័យពូជសាសន៍ ការចងចាំ និងសន្តិភាព» នៅក្នុងប្រទេសកម្ពុជា។
ថ្លែងនៅក្នុងពិធីលៀងសាយភោជន៍នោះ លោក នោ ហ្យន់ជូន (Rho Hyun-Jun) បានគូសបញ្ជាក់ថា «តាងនាមឲ្យក្រុមការងារ ទីភ្នាក់ងារកយកាទាំងមូល ដែលរួមមានទាំង ទីស្នាក់ការកណ្តាលកយកា និងការិយាល័យប្រចាំប្រទេសកម្ពុជា ខ្ញុំមានកិត្តិយស និងមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានមកចូលរួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់គ្នា ក្នុងការទទួលទានអាហារពេលល្ងាច នៃសន្និសីទអន្តរជាតិស្តីពី អំពើប្រល័យពូជសាសន៍ ការចងចាំ និងសន្តិភាព»។
លោក នោ ហ្យន់ជូន ក៏បានលើកឡើងផងដែរថា គម្រោងស្តីពី ការអភិរក្ស និងបញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងទៅក្នុងប្រព័ន្ធកុំព្យូទ័រ មានអត្ថន័យពិសេស មិនត្រឹមតែចំពោះទស្សនវិស័យ របស់ទីភ្នាក់ងារកយកាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ស្ថិតនៅក្នុងទស្សនវិស័យរបស់រដ្ឋាភិបាលកូរ៉េផងដែរ ពីព្រោះគម្រោងនេះ មានអត្ថន័យពិសេស ចំពោះប្រវត្តិសាស្រ្តដ៏ជូរចត់របស់ប្រទេសកម្ពុជា។
លោក នោ ហ្យន់ជូន (Rho Hyun-Jun) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចំាប្រទេសកម្ពុជា បានកត់សម្គាល់ថា វាមិនត្រឹមតែជា ទុក្ខសោក និងបន្ទុករបស់ប្រជាជនកម្ពុជា តែម្នាក់ឯងនោះទេ រដ្ឋាភិបាល និងប្រជាជនកូរ៉េ សូមចែករំលែក ទុក្ខសោក និងការឈឺចាប់នេះ ជាមួយប្រជាជនកម្ពុជា តាមរយៈគម្រោងនេះ ហើយប្រទេសកូរ៉េ នឹងតែងតែជួយដល់ប្រទេសកម្ពុជា ក្នុងការជំនះការលំបាក និងឆ្ពោះទៅមុខនៅជាមួយគ្នា នៅថ្ងៃអនាគត។
គម្រោងនេះ ក៏មានអត្ថន័យដ៏ពិសេសផងដែរថា វាអាចជាមូលដ្ឋានគ្រឹះមួយ សម្រាប់ការអប់រំមនុស្សជំនាន់ក្រោយ ឲ្យចងចាំអំពីប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត និងដើម្បីការពារប្រទេសកម្ពុជា ពីសោកនាដកម្មប្រភេទនេះ៕