(ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៃកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ និងជាប្រធានប្តូរវេនរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន បានដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន លើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខេត្តសៀមរាប។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមរបស់រដ្ឋមន្រ្តីសុខាភិបាល នៃប្រទេសសមាជិកអាស៊ានទាំង១០ អាស៊ានបូកបី (ចិន ជប៉ុន កូរ៉េ) អគ្គលេខាធិការអាស៊ាន និងប្រតិភូអមដំណើរសរុបប្រមាណ៣០០នាក់។
កិច្ចប្រជុំនេះត្រូវបានរៀបចំរៀងរាល់ពីរឆ្នាំម្តង ជាលក្ខណៈប្តូរវេន ដែលរួមមាន ១៖ កិច្ចប្រជុំត្រៀមឧត្តមមន្រ្តីសុខាភិបាលអាស៊ាន អាស៊ានបូកបី និងអាស៊ាន-ចិន និង ២៖ កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន អាស៊ានបូកបី និងអាស៊ាន-ចិន ក្រោមប្រធានបទ «លើកកម្ពស់សុខភាពប្រជាជនអាស៊ានទាំងមូល»។
កិច្ចប្រជុំនេះប្រារព្ធពិធីបើកជាផ្លូវការ ក្រោមអធិបតីភាពរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ សម្តេចបានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ និងផ្តល់អនុសាសន៍ដល់អង្គប្រជុំទាំងមូល សម្រាប់អនុវត្តបន្ត។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចពិជ័យសេនា ទៀ បាញ់ តំណាងឲ្យសម្តេចតេជោ ហ៊ុន សែន៖
* សម្តេចពិជ័យសេនា ទៀ បាញ់ កោតសរសើរ ចំពោះក្រសួងសុខាភិបាលកម្ពុជា ដែលបានបំពេញភារកិច្ចដោយជោគជ័យ និង ជាទីមោទនៈ ក្នុងនាមជាប្រធានប្តូរវេនសុខាភិបាលអាស៊ាន និង ការដឹកនាំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់សុខាភិបាលអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធនានា ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ។
* សម្តេចពិជ័យសេនា ទៀ បាញ់ សូមវាយតម្លៃខ្ពស់ចំពោះក្រសួងសុខាភិបាល ជាពិសេសលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានដឹកនាំអនុវត្តគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្តីអំពីការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និង អន់គុណភាពហើយបានដាក់ចេញនូវយន្តការអនុវត្តច្បាប់ និង បទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ព្រមទាំងខិតខំបន្តតាមដាន ត្រួតពិនិត្យការផលិត ឬ លំហូរចូលនៃឱសថក្លែងក្លាយ និង អន់គុណភាព។
* សម្តេចពិជ័យសេនា មានប្រសាសន៍ថា កម្ពុជា ពិតជាមានកិត្តិយសដ៏ឧត្តុងឧត្តមក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ស្របពេលនឹងការប្រារព្ធខួបលើកទី៥០ឆ្នាំ នៃការបង្កើតអាស៊ាន ដែលប្រទេសសមាជិកអាស៊ានទាំងអស់ បានខិតខំប្រឹងប្រែងរួមគ្នាដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥។
* សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ក៏ត្រូវបានពង្រីកការគ្របដណ្តប់ដល់មន្ត្រីសាធារណៈ, អតីតមន្រ្តីរាជការ និង អតីតយុទ្ធជន ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភដល់កុមារក្នុងគ្រួសារក្រីក្រ ចាប់តាំងពីកូនក្នុងផ្ទៃ រហូតដល់អាយុពីរឆ្នាំ ដើម្បីជំរុញការលូតលាស់,
ទាំងកាយសម្បទា និង បញ្ញាស្មារតី ។
* សម្តេច ទៀ បាញ់ បានថ្លែងថា នៅទូទាំងពិភពលោកប្រជាជនប្រមាណ ១៥០លាននាក់ ទទួលរងនូវវិបត្តិហិរញ្ញវត្ថុជារៀងរាល់ឆ្នាំ ដែលនៅក្នុងនោះ មានប្រជាជនប្រមាណ១០០លាននាក់ ស្ថិតនៅក្រោមខ្សែបន្ទាត់នៃភាពក្រីក្រដោយសារតែចំណាយលើសេវាសុខភាព។
* សម្តេចពិជ័យសេនា ទៀ បាញ់ ដែលតំណាងឲ្យសម្តេចតេជោ បានថ្លែងថា បញ្ជាឱសថក្លែងក្លាយ និង អន់គុណភាព គឺជាបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរ ដែលប្រទេសសមាជិកអាស៊ានទាំងអស់ ត្រូវរួមគ្នាដោះស្រាយជាបន្ទាន់, ទាំងនៅក្នុងប្រទេស តំបន់ និង សកលលោក ។
* សម្តេចពិជ័យសេនា មានប្រសាសន៍សង្កត់ធ្ងន់ថា ប្រសិនបើយើងប្រើប្រាស់ឱសថអន់គុណភាពព្យាបាលជំងឺ អាចធ្វើឱ្យជំងឺកាន់តែធ្ងន់ធ្ងរ ហើយអាចប៉ះពាល់ដល់អាយុជីវិត និង ធ្វើឱ្យខាតបង់ថវិកាផ្ទាល់ខ្លួន ក៏ដូចជាខាតបង់ថវិការដ្ឋផងដែរ ។
* សម្តេច ទៀ បាញ់ មានប្រសាសន៍ថា ឱសថក្លែងក្លាយ និង អន់គុណភាព បានបង្កគ្រោះថ្នាក់ខ្ពស់ដល់សុខភាព, សុវត្ថិភាពសង្គម និង ធ្វើឱ្យរាំងស្ទះដល់កំណើនសេដ្ឋកិច្ចជាតិ។ បច្ចុប្បន្ន, បញ្ហាឱសថក្លែងក្លាយ និង អន់គុណភាព កំពុងរីករាលដាលគួរឱ្យព្រួយបារម្ភទាំងនៅក្នុងតំបន់ និង ពិភពលោក ជាពិសេសការផ្សព្វផ្សាយលក់ឱសថ តាមប្រព័ន្ធអនឡាញ គ្មានប្រភពច្បាស់លាស់ និងមិនមានការចុះបញ្ជីកាត្រឹមត្រូវ។
សម្តេចពិជ័យសេនា តំណាងឲ្យសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និង ការអភិវឌ្ឍសង្គម ជាមួយនឹងទិសដៅសម្រាប់អនាគតនៃសុខុមាលភាពសហគមន៍អាស៊ាន គឺទាំងអស់គ្នាមានសុខភាព កាន់តែល្អប្រសើរ សម្តេចសូមចែករំលែកនូវអនុសាសន៍មួយចំនួនដល់អង្គពិធី ដូចខាងក្រោម៖
ទី១៖ ប្រទេសសមាជិកអាស៊ានទាំងអស់ ត្រូវរួមគ្នាលើកកម្ពស់ និង ជំរុញការអនុវត្តសកម្មភាព ដើម្បីធ្វើសុខដុមនីយកម្មវិស័យសុខាភិបាល នៅក្នុងតំបន់អាស៊ានទាំងមូលឱ្យកាន់តែល្អប្រសើរ តាមរយៈការកាត់បន្ថយគម្លាតផ្នែកគុណភាពសេវាសុខាភិបាល។
ទី២៖ អាស៊ានត្រូវរួមគ្នាត្រៀមលក្ខណៈឆ្លើយតបទៅនឹងគ្រោះមហន្តរាយផ្នែកសុខភាពសាធារណៈ ជាពិសេសការ ផ្ទុះឡើងនៃជំងឺឆ្លង នៅក្នុងតំបន់អាស៊ាន និងគ្រោះមហន្តរាយនានា ដែលបង្កឡើងដោយសារការផ្លាស់ប្តូរអាកាសធាតុ។
ទី៣៖ អាស៊ានត្រូវរួមគ្នាកាត់បន្ថយគម្លាតនៃបច្ចេកវិទ្យាវេជ្ជសាស្ត្រតាមរយៈការជួយបំពេញឱ្យគ្នាទៅវិញទៅមកនូវចំណុចខ្វះខាត, ជួយកសាងសមត្ថភាពបច្ចេកទេស បច្ចេកវិទ្យាទំនើប និង ធនធានមនុស្ស ជាពិសេសត្រូវបំពាក់បំប៉ននូវចំណេះដឹង និង ជំនាញបច្ចេកទេស សមស្របតាមនិយាមអន្តរជាតិ និង បច្ចេកវិទ្យាទំនើប ដើម្បីផ្តល់សេវាជូនប្រជាជនប្រកបដោយប្រសិទ្ធភាពខ្ពស់ និង ភាពជឿជាក់។
ទី៤៖ អាស៊ានត្រូវចូលរួមជាមួយភាគីពាក់ព័ន្ធទាំងអស់ នៃវិស័យសុខាភិបាល, ចែករំលែកនូវព័ត៌មានចំណេះដឹងបទពិសោធន៍ បច្ចេកវិទ្យា និង បច្ចេកទេសជាប្រចាំ ដើម្បីរិះរកវិធីសាស្ត្រនឹងតម្រូវការចាំបាច់សម្រាប់អនុវត្តរមគ្នា ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយនានា នៅក្នុងប្រទេសអាស៊ាន និងនៅក្នុងតំបន់។
ទី៥៖ អាស៊ានត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និង អន់គុណភាព តាមរយៈកិច្ចសហប្រតិបត្តិការអន្តរវិស័យ, ការបន្តពង្រឹងក្របខណ្ឌច្បាប់, ការលើកកម្ពស់សមត្ថភាពមន្ត្រីបច្ចេកទេស តាមដានស្រាវជ្រាវជាប់ជាប្រចាំ,និង ការបន្តពង្រឹងយន្តការអភិបាលកិច្ចល្អ។
ទី៦៖ អាស៊ានត្រូវរួមគ្នាជាមួយដៃគូអភិវឌ្ឍ និង អង្គការសុខភាពពិភពលោក ដើម្បីជំរុញការអនុវត្តយន្តការថ្នាក់តំបន់ និង សកលលោក ដែលមានស្រាប់ និង បង្កើតយន្តការ ឬ គោលការណ៍ណែនាំថ្មីៗបន្ថែមទៀត សម្រាប់ការធ្វើសុខដុមនីយកម្មវិស័យសុខាភិបាល ព្រមទាំងជួយគាំទ្រផ្នែកបច្ចេកទេស និង ថវិកា សម្រាប់ការទប់ស្កាត់ឱសថក្លែងក្លាយនិង អន់គុណភាព។
* សម្តេចពិជ័យសេនា បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៨៖៣៨នាទីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩៕