Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះដល់ថ្ងៃ០៣ ខែកញ្ញា កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ច្រើន សូមពលរដ្ឋប្រុងប្រយ័ត្ន ចំពោះបាតុភូតខ្យល់ ផ្គររន្ទះ និងជំនន់ទឹកភ្លៀង

29-08-2019 07:02

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីអំពីបញ្ហាអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ ដោយបញ្ជាក់ថា នៅរយៈពេលនេះ កម្ពុជានឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ពិសេសខេត្តជាប់មាត់សមុទ្រ។

ក្រសួងធនធានទឹកបានបញ្ជាក់ថា ដោយសារតែមានឥទ្ធិពលនៃបាតុភូតធម្មជាតិ និងព្យុះទី១២ នឹងធ្វើឲ្យ៖

១៖ បណ្តាខេត្តជាប់មាត់សមុទ្រ មានដូចជាខេត្តកោះកុង និងព្រះសីហនុ នឹងអាចមានភ្លៀងធ្លាក់ច្រើន នៅលើផ្ទៃសមុទ្រមានខ្យល់ និងរលកបក់បោកខ្លាំង។
២៖ ខេត្តកំពត ខេត្តកែប កំពង់ស្ពឺ តាកែវ កណ្តាល និងរាជធានីភ្នំពេញ នឹងអាចមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ។
៣៖ បណ្តាលខេត្តដទៃទៀត នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងបរិមាណពីបង្គួរទៅច្រើន ក្នុងនោះមានផ្នែកមួយចំនួនមានភ្លៀងធ្លាក់ខ្លាំង។

ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះ បាតុភូត ភ្លៀង ខ្យល់ ផ្គរ រន្ទះ និងជំនន់ដែលបណ្តាលមកពីភ្លៀងខ្លាំង ក៏ដូចជាជំនន់នៃទន្លេមេគង្គដែលបន្តហក់ឡើង៕