(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ បានថ្លែងនូវការកោតសរសើរដល់លោក យន្ដ មីន អតីតអភិបាលខេត្តព្រះសីហនុ ថាធ្វើបានល្អជាងអភិបាលក្រុងប៉ារីស ប្រទេសបារាំង ដែលហ៊ានសុំលាលែងពីដំណែង ក្រោយមានការហេតុការណ៍បាក់រលំអគារ បណ្ដាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅយប់ថ្ងៃនេះ លោក ឈឹម ផលវរុណ អគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានឲ្យដឹងថា ការកោតសរសើររបស់សម្ដេចតេជោ ហ៊ុន សែន ចំពោះលោក យន្ដ មីន ត្រូវបានធ្វើឡើងនៅក្នុងប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីពិនិត្យការងាររយៈពេលមួយឆ្នាំនៃស្ថាប័នមួយនេះ សម្រាប់រកចំណុចកែលំអរ និងជំរុញប្រសិទ្ធភាពការងាររបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។
បើទោះបីមិនបានចាំនូវសម្ដីដើមរបស់សម្ដេចតេជោ ហ៊ុន សែន ក៏ពិតមែនប៉ុន្ដែលោក ឈឹម ផលវរុណ គ្រាន់តែអាចបញ្ជាក់បានថា សម្ដេចតេជោនាយករដ្ឋមន្ដ្រី ពិតជាបានកោតសរសើរលោក យន្ដ មីន អតីតអភិបាលខេត្តព្រះសីហនុ ប្រាកដមែន ដែលហ៊ានលាលែងពីដំណែង ខណៈអភិបាលក្រុងប៉ារីស មិនហ៊ានធ្វើបែបនេះឡើយ។
គួរជម្រាបថា ក្រោយមានការហេតុការណ៍បាក់រលំអគារកម្ពស់៧ជាន់ កាលពីទាបភ្លឺថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសរាប់សិបនាក់នោះ លោក យន្ដ មីន ដែលនៅក្នុងដំណែងជាអភិបាលខេត្តព្រះសីហនុនៅពេលនោះ បានស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីលាលែងចេញពីដំណែងក្នុងន័យទទួលស្គាល់កំហុសដែលបានកើតឡើង។
បន្ទាប់ពីយល់ព្រមឲ្យ លោក យន្ដ មីន លាលែងពីដំណែងហើយនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្រេចតែងតាំងលោក គួច ចំរើន ដែលពេលនោះនៅកាន់តំណែងជាអភិបាលខេត្តកំពង់ចាម ឲ្យមកជាអភិបាលខេត្តព្រះសីហនុវិញ។ ដោយឡែក លោក យន្ដ មីន ត្រូវបានសម្ដេចតេជោ តម្លើងឋានន្ដរស័ក្ដិថ្នាក់ នាយឧត្តមសេនីយ៍ និងមានតួនាទីជា រដ្ឋលេខាធិការក្រសួងការពារជាតិ៕