(ពោធិ៍សាត់)៖ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី អគ្គនាយកប្រតិបត្តិក្រុមហ៊ុនម៉េងលី ជេ.គួច អេខ្យូខេសិន តាមរយៈមូលនិធិ ម៉េងលី ជេ. គួច បានផ្តល់ជូនកៅអីភ្នាក់ដៃបត់ចំនួន៩០ ដល់សាលាបឋមសិក្សាកោះរកគោ ស្ថិតក្នុងភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ការប្រគល់នេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩។ សាលាបឋមសិក្សានេះ មាន៣បន្ទប់ ខណៈសិស្សមានចំនួនជាង ៨០នាក់។
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានឲ្យដឹងថា នេះជាលើកទីពីរហើយ ដែលមូលនិធិ ម៉េងលី ជេ. គួច ចែកអំណោយសប្បុរសធម៌ ជាសម្ភារសិក្សាដល់សិស្ស នៅតំបន់ដាច់ស្រយ៉ាលមួយនេះ។ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ លោកបានឧបត្ថម្ភម៉ាស៉ីនបូមទឹក១ ក្តារខៀន៣ និងសម្ភារសិក្សាមួយចំនួន ព្រមទាំងឯកសណ្ឋានសិស្សផងដែរ។
អគ្គនាយកប្រតិបត្តិក្រុមហ៊ុនម៉េងលី ជេ.គួច អេខ្យូខេសិន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងនៅរៀបចំបន្តទៀត គឺអាចជួយសាងសង់សាលារៀនទៀតផង។ ពេលនេះមានលិខិតសុំមកខ្ញុំ ជាង១០សាលាហើយ។ រាល់ថ្ងៃខ្ញុំជួយបាន ២សាលា... ហើយសាលានេះ គេកំពុងស្នើសុំដែរ ដែលសាលានីមួយៗ អស់ប្រហែល ១០ម៉ឺនដុល្លារអាមេរិក ទៅ១៥ម៉ឺនដុល្លារអាមេរិក»។
លោកបន្តថា «ឥឡូវមុននឹងសង់ឲ្យ យើងឧបត្ថម្ភសម្ភារខ្វះខាតសិន ព្រោះរាល់ដងយើងជួយមិនមែនតែសាលាទេ យើងផ្តល់ឧបករណ៍រៀន សម្ភាររៀន អណ្តូងទឹក បង្គន់ សួនច្បារ ផ្ទាំងគំនូរ និងបណ្ណាល័យជាដើម។ យើងមានបញ្ជីតាមដានជាប្រចាំ ឧបត្ថម្ភជាប្រចាំថា ខ្វះអ្វីផ្សេងៗទៀត»។
រៀងរាល់រដូវវស្សា សិស្សសាលាបឋមសិក្សាកោះរកគោ ត្រូវជួបបញ្ហាលំបាកជាច្រើន តួយ៉ាងផ្លូវធ្វើដំណើរមកសាលាឆ្ងាយ និងរអិល។ ពេលកំពុងរៀន អាចនឹងត្រូវទឹកភ្លៀង ប្រសិនបើធ្លាក់ភ្លៀង។ សាលារៀននេះ ពុំទាន់មានបន្ទប់ទឹក និងអាងទឹកនោះឡើយ។ មិនតែប៉ុណ្ណោះ ក៏ពុំទាន់មានភ្លើងអគ្គិសនីប្រើប្រាស់នោះដែរ។
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបញ្ជាក់បន្ថែមថា «ភាគច្រើនយើងសង់ទាំងមូលតែម្តង ថែមទាំងបណ្ណាល័យ សម្ភារប្រើប្រាស់ តុ ទូ ក្តារខៀន បន្ទប់ទឹក អណ្តូងទឹក សួន ផ្ទាំងគំនូរ ផ្លូវ។ ឥឡូវធ្វើបាន ២សាលាហើយ មានសាលា១០កំពុងសុំខ្ញុំ ព្រោះគោលដៅខ្ញុំ ចង់ឲ្យមួយខេត្តមានមួយសាលា គឺសាលាដែលខ្វះខាតខ្លាំង»។
សូមបញ្ជាក់ថា តំបន់ភូមិសាស្ត្រ នៅសាលាបឋមសិក្សាកោះរកគោនេះ ពុំទាន់បែងចែកជាភូមិទាំងអស់នោះឡើយ ព្រោះវាធំខ្លាំងពេក ពោលវាមានចម្ងាយ រហូតដល់ទៅប្រមាណ ៥៤គឺឡូម៉ែត្រពីសាលាឃុំសំរោង ក្នុងស្រុកភ្នំក្រវាញនេះ។ ក្រោយលើកកៅអីតុចំនួន៩០ ដាក់ចូលក្នុងបន្ទប់សិក្សា នៃសាលាបឋមសិក្សារួចមក ក្រុមការងារបានជជែកបន្ត លើគម្រោងសាងសង់បន្ទប់ទឹកប្រុស និងស្រី ជាមួយនាយកសាលា និងមេឃុំ ដើម្បីឱ្យដឹងពីគម្រោងថវិកា ត្រូវចំណាយលើការសាងសង់៕