(ភ្នំពេញ)៖ ដើម្បីរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរចិន និងបង្ហាញឲ្យអ្នកទេសចរចិនបានយល់ដឹងអំពីវប្បធម៌ប្រពៃណី ទំនៀបទម្លាប់ និងតំណមទាំងឡាយរបស់ប្រជាជនកម្ពុជា។ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានចេញផ្សាយនូវគោលការណែនាំ ឬ «ត្រីវិស័យសម្រាប់ប្រជាពលរដ្ឋចិនមកកាន់ប្រទេសកម្ពុជា»ជូនដល់ពលរដ្ឋចិនដែលមកកំសាន្តនៅកម្ពុជា។
ការដាក់ចេញនូវ«ត្រីវិស័យសម្រាប់ប្រជាពលរដ្ឋចិនមកកាន់ប្រទេសកម្ពុជា»នេះ គឺដើម្បីឆ្លើយតបទៅការកើនឡើងនៃចំនួនភ្ញៀវទេសចរចិនមកកាន់ប្រទេសកម្ពុជា ដែលស្ថានទូតចិនរំពឹងថា ភ្ញៀវទេសចរណ៍ចិន អាចនឹងមកកម្ពុជាកើនដល់៣លាននាក់នៅក្នុងឆ្នាំ២០២០ខាងមុខ។
កំរង«ត្រីវិស័យសម្រាប់ប្រជាពលរដ្ឋចិនមកកាន់ប្រទេសកម្ពុជា» ត្រូវបានលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនរំពឹងថា ភ្ញៀវទេសចរចិននឹងធ្វើដំណើរមកកម្ពុជាដោយថ្លៃថ្នូរ និងគោរពតាមទំនៀមទំលាប់ប្រពៃណីរបស់ម្ចាស់ប្រទេសសាម៉ី និងសង្ឃឹមថាភ្ញៀវទេសចរចិន នឹងអាចដើរតួរជា «ភ្នាក់ងារមិត្តភាព» ជម្រុញអោយទំនាក់ទំនងវប្បធម៏ និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ កាន់តែមានភាពជិតស្និតថែមទៀត បង្កើតជា «នាមប័ណ្ណប្រទេសចិនមួយ» ក្នុងនោះរួមមាន ភាពថ្លៃថ្នូរ ការយោគយល់គ្នានិងការជឿជាក់លើខ្លួនឯង និងបង្កើតបានជា «មុខមាត់ដ៏ស្រស់ស្អាតនៃប្រទេសចិន»។
ជាមួយគ្នានេះលោក វ៉ាង វិនធាន ក៏បានជម្រុញឲ្យភ្ញៀវទេសចរចិនមកកំសាន្ត និងវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើនឡើងផងដែរ «ប្រទេសចិនក៏តែងតែលើកទឹកចិត្តដល់ទេសចរណ៍ក៏ដូចជាអ្នកវិនិយោគិនចិនកាន់តែច្រើនមកទស្សនាប្រទេសកម្ពុជា ហើយយើងក៏លើកទឹកចិត្ត និងសុំណុំពរដល់ពួកគាត់ឲ្យគោរពច្បាប់ក៏ដូចជាទំនៀមទម្លាប់ ក៏ដូចជាសាសនា របស់ប្រទេសកម្ពុជា ដើម្បីទៅធ្វើជាបេសកជនមិត្តភាពរវាងចិននិងកម្ពុជា ឲ្យកាន់តែល្អប្រសើរថែមទៀត»។
ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនលើកឡើងបែបនេះនៅក្នុងកម្មវិធីសេចក្ដីថ្លែងការណ៍ «ស្តីពីថ្ងៃនៃសេវាកម្មកិច្ចការកុងស៊ុល និង «ត្រីវិស័យសំរាប់ប្រជាពលរដ្ឋចិនដែលមកកាន់ប្រទេសកម្ពុជា» ដែលធ្វើឡើងនៅសាលអាកាសយាន្តដ្ឋានអន្តរជាតិ នាល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩។ ដោយមានការអញ្ជើញចូលរួមពីលោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជាផងដែរ។
ជាការឆ្លើយតបទៅនិងការកើនឡើងនៃចំនួនភ្ញៀវទេសចរ និងការផ្សព្វផ្សាយបន្ថែមរបស់ស្ថានទូតចិនប្រចាំប្រទេសកម្ពុជា លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា កម្ពុជាសាទរ និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការត្រៀមទទួលភ្ញៀវទេសចរចិន ដែលកើនឡើងជាលំដាប់។ ការត្រៀមចាំទទួលភ្ញៀវទេសចរចិននេះ ត្រូវបានក្រសួងទេសចរណ៍រៀបចំតាំងពីឆ្នាំ២០១៦មកម្ល៉េះ ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរចិនមកកំសាន្តនៅកម្ពុជា។
លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បញ្ជាក់បន្ថែមថា៖ ចាប់តាំងពីឆ្នាំ២០១៦ យើងបានរៀបសៀវភៅ«ស» ដែលមានឈ្មោះថា China Ready សម្រាប់ទេសចរណ៍កម្ពុជាថាតើយើងត្រូវធ្វើដូចម្ដេចដើម្បីទាក់ទាញភ្ញៀវទេសចរចិននៅក្នុងឆ្នាំ២០១៨, ២០១៩ និង២០២០ ដែលកាលននោះយើងគ្រោងតែ២លាននាក់ប៉ុណ្ណោះ។ ប៉ុន្តែក្រោយយើងត្រៀមរៀបចំតាំងពីឆ្នាំ២០១៦មក ដោយបានរៀបចំឲ្យមានអ្នកមគ្គុទេសទេសចរណ៍ជាភាសារចិន ដែលត្រូវការការបណ្ដុះបណ្ដាលគាត់ ដែលមានទាំងចំណេះដឹងភាសារចិន និងជំនាញខាងមគ្គុទេសទៀត។
ចំណែកឯកបុគ្គលិកនៅតាមសណ្ឋាគារ ភោជនីយដ្ឋាន ក៏ត្រូវចេះភាសារចិនដែរ ហើយរហូតដល់សម្ថកិច្ចនៅតាមច្រកទ្វារ ក៏ត្រូវចេះភាសារចិនដូចគ្នាទោះមិនចេះលម្អិត យ៉ាងហោចណាស់ក៏ចេះនិយាយស្វាគមន៍ ដែលជារបៀបក្នុងការបដិសណ្ឋារកិច្ចខ្លីៗ ដែលជាការផ្ដល់ភាពកក់ក្ដៅដល់ភ្ញៀវទេសចរ។ ដូច្នេះចំនួនភ្ញៀវទេសចរចិន៣លាននាក់ក្នុងឆ្នាំ២០២០ គឺមិនច្រើនលើសលប់ទេ ហើយយើងក៏ទទួលភ្ញៀវទេសចរចិន និងគ្រប់ប្រទេសទាំងអស់ ហើយយើងនឹងមានកិច្ចសហប្រតិបត្តិការខ្ពស់ជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា»។
ក្រោយពីការត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលភ្ញៀវទេសចរចិនតាំងពីឆ្នាំ២០១៦ និងការមានទំនាក់ទំនងកាន់តែល្អប្រសើរឡើងរវាងកម្ពុជា និងចិន បានធ្វើឲ្យកម្ពុជាសម្រេចបាននូវកំណើនក្នុងអត្រាប្រមាណ១១% ជាមួយនឹងការមកដល់នៃភ្ញៀវទេសចរអន្តរជាតិជាង៦.២លាននាក់ និងបាននាំប្រាក់ចំណូលប្រមាណ ៤.៣៥៦លានដុល្លារអាមេរិកដល់សេដ្ឋកិច្ចជាតិនៅក្នុងឆ្នាំ២០១៨។ ដែលនៅក្នុងនោះមានភ្ញៀវទេសចរចិនជាង២លាននាក់ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិសរុប។
ហើយនៅក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៩នេះ កម្ពុជាបានទទួលភ្ញៀវទេសចរចិនប្រមាណ២.៦លាននាក់ ហើយភ្ញៀវទេសចរចិននឹងកើនដល់៣លាននាក់នៅក្នុងឆ្នាំ២០២០ ដែលជាតួលេខមួយលើសពីការគ្រោងទុក។ ហើយនៅឆ្នាំ២០២៥គេបានគ្រោងទុកថាភ្ញៀវទេសចរចិនមកកម្ពុជា នឹងឈានដល់៥លាននាក់ និងប្រមាណ៨លាននាក់នៅក្នុងឆ្នាំ២០៣០៕