(ស្រីលង្កា)៖ លោក Maithripala Sirisena ប្រធានាធិបតី នៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា បានអរគុណចំពោះ ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ដែលបានអញ្ជើញបំពេញទស្សនកិច្ច នៅប្រទេសស្រីលង្កា ហើយក៏បានផ្ដាំផ្ញើនូវពាក្យថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជារាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា ដែលបានទទួលលោកដោយភាពកក់ក្តៅជាទីបំផុត ក្នុងឱកាសដែលលោកបានបំពេញទស្សនកិច្ច នៅប្រទេសកម្ពុជានាពេលថ្មីៗកន្លងទៅនេះ។
ការថ្លែងអំណរគុណនេះ ធ្វើឡើងក្នុងឱកាសដែល លោក Maithripala Sirisena ទទួលជួបគណៈប្រតិភូកម្ពុជា ដែលដឹកនាំដោយ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៅឯវិមានប្រធានាធិបតី នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ។
ថ្លែងក្នុងឱកាសនោះ ប្រធានាធិបតីបានអបអរសាទរចំពោះប្រជាជនកម្ពុជា និងសូមកោតសរសើរដោយស្មោះ ចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានបញ្ចប់សង្រ្គាម និងវិបត្តិនយោបាយដ៏រ៉ាំរ៉ៃនៅកម្ពុជា លោកពិតជាមានសេចក្តីរំភើបរីករាយក្រៃលែង ជាមួយនឹងការរីកចម្រើនរបស់កម្ពុជា នាពេលបច្ចុប្បន្ននេះ។
លោកប្រធានាធិបតី បានលើកឡើងទៀតថា ក្នុងដំណើរទស្សនកិច្ចរបស់លោក មកកាន់ប្រទេសកម្ពុជា នាពេលកន្លងទៅថ្មីៗនេះ លោកបានជួបពិភាក្សា ជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី លើបញ្ហាអាកាសចរណ៍ និងការទូតរវាងប្រទេសទាំងពីរ។
ប្រធានាធិបតីស្រីលង្កា បានគូសបញ្ជាក់បន្ថែមថា លោកពិតជាមានការសប្បាយរីករាយ ដែលបានទស្សនកិច្ចនៅប្រទេសកម្ពុជា ហើយក៏កាន់តែសប្បាយរីករាយថែមទៀត នៅពេលដែលបានលឺថា ទេសរដ្ឋមន្ត្រី អូស្មាន់ ហាស្សាន់ អញ្ជើញទស្សនកិច្ចនៅប្រទេសស្រីលង្កា។ លោកបន្ថែមថា ប្រទេសទាំងពីរមានវប្បធម៌ អរិយធម៌ប្រហាក់ប្រហែលគ្នា ហើយលោកបានប្ដេជ្ញាបន្តរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើគ្រប់វិស័យឲ្យកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេសវិស័យវិនិយោគតែម្តង។
នៅក្នុងជំនួបនោះ ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ក៏បានលើកឡើងផងដែរ អំពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ លោកថាប្រទេសទាំងពីរ គួរពិចារណា និងសិក្សាទៅលើលទ្ធភាពជាក់ស្ដែង ដើម្បីឈានទៅរកការបង្កើតស្ថានកុងស៊ុលប្រចាំនៅទីក្រុងកូឡុំបូ និងទីក្រុងភ្នំពេញ។
ចំណែកឯជើងហោះហើរ ជំហានដំបូងអាច Transeat នៅប្រទេសក្បែរខាងរបស់កម្ពុជា រួមមានទីក្រុងបាងកក ប្រទេសថៃ, ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ និងទីក្រុងកួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី៕