(ថៃ)៖ ក្រុមហ៊ុនផលិតស៊ីម៉ងត៍ឈានមុខគេមួយ នៅក្នុងអាស៊ាន បានរៀបចំព្រឹត្តិការណ៍ជុំរុំពហុវប្បធម៌មួយ ដែលមានឈ្មោះថា «SCG ចែករំលែកក្ដីសុបិនអាស៊ាន» ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ សីហា ២០១៩ នៅក្នុងប្រទេសថៃ ដោយមាននិស្សិតចូលរួមជាង ៧០នាក់ មកពី៧ប្រទេស គឺ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វ៊ីលីពីន ថៃ និងវៀតណាម។ ព្រឹត្តិការណ៍នេះ ធ្វើឡើងដើម្បីផ្ដល់ចំណេះដឹង និងការអភិវឌ្ឍយុវជន ដល់និស្សិតដែលចូលរួម។
ក្នុងអំឡុងពេល ៥ថ្ងៃ និស្សិតមកពីបណ្ដាប្រទេសអាស៊ានទាំងនេះ បានធ្វើទស្សនកិច្ចនៅឯទីស្នាក់ការកណ្ដាលរបស់ SCG ដែលនៅទីនោះ ពួកគេបានស្ដាប់បទបាឋកថា របស់ប្រធាន និងអគ្គនាយក SCG ស្ដីពីភាពជាអ្នកដឹកនាំ និងទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនសាជីវកម្ម ។ ទន្ទឹមនឹងនេះ និស្សិតទាំង ៧៣នាក់ ក៏បានចូលរួមសិក្ខាសាលាស្ដីពី «ការស្គាល់ខ្លួនឯង» និង «ការអភិវឌ្ឍភាពជាអ្នកដឹកនាំ» ព្រមទាំងបានទៅទស្សនកិច្ចគម្រោងអភិវឌ្ឍន៍សង្គមនានារបស់ SCG នៅខេត្តរ៉ាក់យ៉ង ចម្ងាយប្រហែល ១៨០គីឡូម៉ែត្រពីទីក្រុងបាងកក ផងដែរ ។
នៅឯខេត្តរ៉ាក់យ៉ង និស្សិតអាស៊ានទាំងនេះ មិនត្រឹមតែបានរៀនសូត្រ និងស្វែងយល់អំពីសកម្មភាពអភិវឌ្ឍន៍សង្គម ដែល SCG បានជួយដល់ជីវភាពរបស់សហគមន៍មូលដ្ឋានប៉ុណ្ណោះនោះទេ ប៉ុន្តែ ក៏បានចូលរួមធ្វើសកម្មភាពសហគមន៍ ដោយផ្ទាល់ផងដែរ ដូចជា ការសង់«ផ្ទះជម្រកត្រី» ដោយប្រើសំណល់បំពង់ផ្លាស្ទិក ។
ចំពោះនិស្សិតកម្ពុជា កញ្ញា ឆន ចន្ទពិសី នេះជាលើកដំបូងបង្អស់ហើយ របស់កញ្ញា ដែលបានជួបជុំជាមួយមិត្តភក្ដិមកពីប្រទេសអាស៊ាន នៅក្នុងព្រឹត្តិការណ៍ជុំរុំថ្នាក់តំបន់បែបនេះ ។ កញ្ញា ពិសី ស្ថិតក្នុងចំណោមនិស្សិត ១០នាក់ មកពីកម្ពុជា ដែលបានទទួលអាហារូបករណ៍ពី SCG និងបានមកចូលរួមព្រឹត្តិការណ៍ជុំរុំ ៥ថ្ងៃ នៅទីក្រុងបាងកក និងនៅខេត្តរ៉ាក់យ៉ង ប្រទេសថៃនេះ។
កញ្ញា ពិសី និយាយ ថា «នេះជាបទពិសោធន៍ដ៏អស្ចារ្យដែលមិនអាចបំភ្លេចបានសម្រាប់ខ្ញុំ ។ ខ្ញុំរៀនសូត្របានច្រើនពីជុំរុំនេះ ដូចជា ជំនាញភាពជាអ្នកដឹកនាំ ការចែករំលែកវប្បធម៌ជាមួយមិត្តភក្ដិអាស៊ាន ការទៅទស្សនាសកម្មភាព អភិវឌ្ឍន៍សហគមន៍របស់ SCG នៅខេត្តរ៉ាក់យ៉ង និងការធ្វើបទបង្ហាញពីគម្រោងអភិវឌ្ឍន៍សហគមន៍ ដែលយើងបានផ្ដួចផ្ដើមជាគំនិតឡើង» ។ ដូចគ្នានឹងកញ្ញា ពិសី ដែរ យុវនិស្សិត ខាន់ សំណាង ដែលបច្ចុប្បន្នសិក្សាផ្នែកវិស្វកម្មស៊ីវិល ក្រោមអាហារូបករណ៍របស់ SCG ក៏មានក្ដីរំភើបអំពីការចូលរួមព្រឹត្តិការណ៍ជុំរុំនេះដែរ ។
យុវជន សំណាង និយាយយ៉ាងដូច្នេះ «ជាបទពិសោធន៍លើកដំបូងបង្អស់សម្រាប់ខ្ញុំ។ ខ្ញុំបានដើរទស្សនាទីក្រុងបាងកក បានឃើញហេដ្ឋារចនាសម្ព័ន្ធដ៏អស្ចារ្យរបស់គេ។ ហើយអ្វីដែលខ្ញុំចូលចិត្តបំផុត គឺបាឋកថាស្ដីពីភាពជាអ្នកដឹកនាំ ដែលផ្ដល់ដោយប្រធានក្រុមហ៊ុន SCG ការចុះទៅមើលសកម្មភាពសង្គមនៅខេត្តរ៉ាក់យ៉ង ដែលគេច្នៃសំណល់បំពង់ផ្លាស្ទិកធ្វើជាផ្ទះត្រី ជួយដល់ជីវភាពសហគមន៍នេសាទនៅក្នុងមូលដ្ឋាន ។ និងទៅមើលចម្ការចេក ដែល SCG ជួយដល់ជីវភាពគ្រួសារជនពិការនៅទីនោះ»។
ទាំងកញ្ញា ពិសី និងយុវជន សំណាង និយាយថា ពួកគេនឹងយកបទពិសោធន៍និងចំណេះដឹងដែលបានរៀនសូត្រពីព្រឹត្តិការណ៍ជុំរុំនៅថៃនេះ ទៅចែករំលែកជាមួយមិត្តភក្ដិនៅកម្ពុជា ។ កញ្ញា ពិសី និយាយដូច្នេះថា «ខ្ញុំនឹងចែករំលែកជាមួយមិត្តភក្ដិអំពីវប្បធម៌ប្រទេសផ្សេងៗ និងផ្នត់គំនិតរបស់ជនជាតិមកពីប្រទេសផ្សេងៗ ដែលខ្ញុំបានជួបនៅក្នុងការបោះជុំរុំនេះ»។ រីឯយុវជន សំណាង វិញ បន្ថែមថា «ខ្ញុំនឹងខិតខំយកអ្វីដែលបាន រៀនសូត្រពីព្រឹត្តិការណ៍នេះ ទៅអនុវត្ត ជាពិសេស ការកែច្នៃសំរាម ប្រែក្លាយវាទៅជារបស់ដែលមានតម្លៃ» ។
និស្សិតមកពី ៧ប្រទេសនេះ បានចងក្រងគ្នាជាបណ្ដាញ នៅទូទាំងអាស៊ាន សម្រាប់កិច្ចអភិវឌ្ឍន៍ប្រកបចីរភាព នៅក្នុងតំបន់។ នៅក្រោយព្រឹត្តិការណ៍ជុំរុំនេះ និស្សិតអាស៊ានទាំង ៧៣នាក់ ដែលមកពី ៧ប្រទេសនេះ ក៏បានចូលរួមនៅក្នុងសន្និសីទតំបន់ស្ដីពីការអភិវឌ្ឍដោយចីរភាព ដែលរៀបចំដោយ SCG នៅក្នុងទីក្រុងបាងកក ផងដែរ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ។
នៅក្នុងសន្និសីទនេះ ពួកគេបានស្ដាប់អំពីគោលគំនិតសេដ្ឋកិច្ចវិលជុំ (circular economy) និងការគ្រប់គ្រងសំណល់ ព្រមទាំងត្រូវបានផ្ដល់ឱកាស ឲ្យចែករំលែកកង្វល់របស់ពួកគេអំពីបញ្ហាបរិស្ថាន ទៅដល់មេដឹកនាំធុរកិច្ច តំណាងរដ្ឋាភិបាល អង្គការអន្តររដ្ឋាភិបាល និងអង្គការសហប្រជាជាតិ ដែលចូលរួមនៅក្នុងសន្និសីទនេះផងដែរ៕