(ថៃ)៖ ក្រុមហ៊ុន SCG ដែលជាក្រុមហ៊ុនសាជីវកម្មឈានមុខគេមួយ នៅក្នុងអាស៊ាន បានសហការជាមួយស្ថាប័ន-ក្រុមហ៊ុនដៃគូចំនួន៤៤ មកពីស្ថាប័នរដ្ឋាភិបាល វិស័យសាធារណៈ និងវិស័យឯកជនទាំងនៅក្នុងប្រទេសថៃ និងនៅក្រៅប្រទេស រៀបចំសន្និសីទតំបន់ ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាព ដោយផ្ដោតលើបញ្ហាសំរាមផ្លាស្ទិក នៅក្នុងតំបន់អាស៊ាន។
សន្និសីទតំបន់ ស្ដីពី ការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំនេះ គឺជាគម្រប់ខួបទី១០ឆ្នាំ និងប្រព្រឹត្តទៅក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការដើម្បីសកម្មភាព» ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ ពីគ្រប់វិស័យ ដែលនឹងក្លាយជាកម្លាំងជំរុញសម្រាប់ការបង្កើតសេដ្ឋកិច្ចវិលជុំ នៅក្នុងប្រទេសថៃ និងដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាព។
សន្និសីទនេះ មានអ្នកចូលរួមជាង១,៥០០នាក់ ដោយរួមមាន ប្រធានក្រុមហ៊ុន និងមន្ត្រីជាន់ខ្ពស់មកពីជួររដ្ឋាភិបាល សហគ្រាសខ្នាតមធ្យម និងខ្នាតធំ បញ្ញវន្តអង្គការ ក្រៅរដ្ឋាភិបាល និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។ ក្នុងនោះ អ្នកសារព័ត៌មាន Fresh News និងអ្នកសារព័ត៌មានកម្ពុជាចំនួន៩ស្ថាប័នទៀត ក៏ត្រូវបាន SCG អញ្ជើញចូលរួម ក្នុងកម្មវិធីនេះផងដែរ។
គោលដៅនៃសន្និសីទនេះ គឺរិះគិតរកដំណោះស្រាយចំពោះវិបត្តិនៃកង្វះធនធានតាមរយៈការអនុវត្តនូវ យុទ្ធសាស្ត្រសេដ្ឋកិច្ចវិលជុំ ពោលគឺ «ការប្រើប្រាស់ធនធាន ឲ្យមានប្រសិទ្ធភាពបំផុត ការញែកសំណល់ និងការចោលសំណល់ឲ្យបានត្រឹមត្រូវ» ដើម្បីធានាប្រសិទ្ធផលនៃធនធាន នៅក្នុងអំឡុងវដ្ដផលិតកម្ម និងការប្រើប្រាស់ទាំងមូល។
កិច្ចសហប្រតិបត្តិការនេះ មានគោលបំណងបង្កើតនូវឧស្សាហកម្មមួយ ដែលមានចីរភាព ប្រយុទ្ធប្រឆាំងនឹងការបំពុលបរិស្ថាន ដោយសំរាមផ្លាស្ទិកនៅក្នុងសមុទ្រ ការលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាជន នៅតាមសហគមន៍ និងការគ្រប់គ្រងសំណល់ឧស្សាហកម្ម។
សន្និសីទស្ដីពី ការអភិវឌ្ឍប្រកបដោយចីរភាព (Sustainable Development Symposium) នេះ បានលើកឡើងអំពីដំណោះស្រាយនានា ដែលរួមមាន ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ, ការចែករំលែកចំណេះដឹង និងនវានុវត្តន៍ (ការច្នៃបង្កើតថ្មី) និងការអភិវឌ្ឍបច្ចេកវិទ្យា, និងប្រព្រឹត្តកម្មសំណល់។ សម្ព័ន្ធភាពជាដៃគូនេះ ក៏មានគោលដៅជំរុញសំណើស្ដីពីការគ្រប់គ្រងសំណល់ ឲ្យក្លាយទៅជារបៀបវារៈជាតិផងដែរ។
លោក Roongrote Rangsiyopash ប្រធាន និងជាអគ្គនាយកក្រុមហ៊ុន SCG បានលើកឡើងថា ដោយសារកំណើនប្រជាជនឥតឈប់ឈរ នៅត្រឹមឆ្នាំ២០៥០ គេរំពឹងថា ពិភពលោកនឹងមានប្រជាជនប្រហែល ៩,៧ប៊ីលាននាក់ ដែលកំណើនប្រជាជននេះ នឹងនាំឲ្យកើនឡើង នូវតម្រូវការនៃការប្រើប្រាស់ ទោះបីធនធានមានកំណត់ក្ដី។
លោកបន្ដថា «ទិន្នន័យបង្ហាញថា ប្រជាជនថៃ ផលិតសំរាមជាមធ្យមក្នុងម្នាក់ៗ គឺ១.១៥គីឡូក្រាម ហើយអត្រានៃការបង្កើតសំរាមនេះ កំពុងតែកើនឡើង។ គ្រាន់តែក្នុងឆ្នាំ២០១៨ ប្រទេសថៃ ផលិតសំណល់ប្រមាណ ២៨លានតោន»។
ប្រសិនបើគ្មានការគ្រប់គ្រងសំណល់ និងការចោលសំណល់ឲ្យបានត្រឹមត្រូវទេនោះ សំណល់ទាំងឡាយនឹងហូរចូលទៅក្នុងសមុទ្រ ដែលនឹងបង្កឲ្យបាត់បង់ជីវចម្រុះសមុទ្រ ដែលថ្មីៗនេះ បញ្ហានេះស្ដែងឲ្យឃើញ តាមរយៈការស្លាប់កូនជ្រូកទឹក ឈ្មោះ Mariam ដោយសារសំរាមផ្លាស្ទិក។ នេះជាការបញ្ជាក់បន្ថែម របស់លោក Roongrote Rangsiyopash។
លោកថា «ដូច្នេះហើយ គោលគំនិតនៃសេដ្ឋកិច្ចវិលជុំ គឺជាដំណោះស្រាយមួយ ដើម្បីជួយសម្រាលបញ្ហាទាំងនេះ ពីព្រោះគោលគំនិតនេះ ជំរុញនូវគោលការណ៍ ផលិត-ប្រើប្រាស់-ចៃប្រើប្រាស់ ឡើងវិញ។ គោលគំនិតនេះ ក៏រួមបញ្ចូលនូវគោលការណ៍ប្រើប្រាស់ធនធាន ប្រកបដោយប្រសិទ្ធភាពបំផុត ការញែកសំណល់ និងការចោលសំណល់ ឲ្យបានត្រឹមត្រូវផងដែរ ដើម្បីអភិរក្សធនធានធម្មជាតិ សម្រាប់មនុស្សជំនាន់ក្រោយ»។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ SCG បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៨ SCG បានបំលែងសំណល់ឧស្សាហកម្មប្រមាណ ៣១៣,០០០តោន ក្នុងមួយឆ្នាំទៅជាវត្ថុធាតុដើម ដែលអាចកកើតឡើងវិញបាន និងបានបំលែង សំណល់ឧស្សាហកម្ម ១៣១,០០០តោន ក្នុងមួយឆ្នាំ ទៅជាថាមពលជំនួសឥន្ធនៈ។
នៅឆ្នាំ២០១៩នេះ SCG បានបន្តសមាហរណកម្មគោលការណ៍ «សេដ្ឋកិច្ចវិលជុំ» ទៅក្នុងខ្សែសង្វាក់ផលិតរបស់ខ្លួន និងបានដាក់ចេញនូវទិសដៅ កាត់បន្ថយការផលិតផ្លាស្ទិក ដែលប្រើប្រាស់បានតែម្ដង ពី ៤៦% មកនៅត្រឹម២០% នៅត្រឹមឆ្នាំ២០២៥ និងបង្កើនអត្រានៃការផលិតផ្លាស្ទិក ដែលអាចច្នៃប្រើប្រាស់ឡើងវិញបាន អាចច្រើនដង និងដែលអាចរលាយដោយមិនប៉ះពាល់បរិស្ថាន ឲ្យបានដល់ ១០០% ត្រឹមឆ្នាំ២០២៥។
សូមជម្រាបថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ SCG បានបានបង្កើតកិច្ចសហប្រតិបត្តិការ ជាមួយដៃគូជាច្រើន ដើម្បីសម្រេចនូវគោលការណ៍សេដ្ឋកិច្ចវិលជុំ និងដោះស្រាយបញ្ហាសំណល់និងសំរាម ។
កិច្ចសហប្រតិបត្តិការទាំងនោះ រួមមានដូចជា ១៖ កិច្ចសហប្រតិបត្តិការ ដើម្បីឧស្សាហកម្មដែលមានចីរភាព, ២៖ កិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយសំរាមនៅក្នុងសមុទ្រ, ៣៖ កិច្ចសហប្រតិបត្តិការ ដើម្បីគុណភាពជីវិតប្រសើរឡើង របស់ប្រជាជននៅតាមសហគមន៍, និង ៤៖ កិច្ចសហប្រតិបត្តិការ ដើម្បីការគ្រប់គ្រងសំណល់ឧស្សាហកម្ម ។