(ចិន)៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងគណៈប្រតិភូ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ បានបន្តទស្សនកិច្ច និងពិភាក្សាការងារ ជាមួយលោកសាស្ត្រាចារ្យ ដុង ជានកាន នាយកសាកលវិទ្យាល័យអាកាសចរនៃប្រទេសចិន និងថ្នាក់ដឹកនាំសាកលវិទ្យាល័យ។
ដំណើរទស្សនកិច្ចនេះ ដើម្បីសិក្សាស្វែងយល់អំពីដំណើរបង្កើត សាកលវិទ្យាល័យអាកាសចរស៊ីវិល ដកស្រង់បទពិសោធន៍នៃការគ្រប់គ្រង និងស្វែងរកលទ្ធភាពបញ្ជូនមន្ត្រីជំនាញ និងមន្ត្រីវ័យក្មេងកម្ពុជា មកសិក្សាពង្រឹងសមត្ថភាព នៅសាកលវិទ្យាល័យនេះផងដែរ។
លោកបណ្ឌិតបានលើកឡើងថា ការបណ្តុះបណ្តាលធនធានមនុស្ស វិស័យអាកាសចរស៊ីវិល គឺជាអត្ថិភាពចម្បង សម្រាប់ការបន្តវេនជំនួសមន្ត្រីជំនាញ ដែលនឹងចូលនិវត្តន៍ និងឆ្លើយតបតម្រូវការ រីកចម្រើនយ៉ាងខ្លាំង នៃវិស័យអាកាសចរស៊ីវិលនៅកម្ពុជា ក្រោមការដឹកនាំ និងណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមបញ្ជាក់ថា សាកលវិទ្យាល័យអាកាសចរស៊ីវិលចិន គឺជាសាកលវិទ្យាល័យជាតិ ដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយផ្ទាល់ ពីរដ្ឋបាលអាកាសចរស៊ីវិលចិន។ សាកលវិទ្យាល័យនេះ បង្កើតឡើងតាំងពីឆ្នាំ១៩៥១ មានបុគ្គលិកសាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវជាង៣ពាន់នាក់ និងបង្រៀនគ្រប់មុខវិជ្ជាទាំងអស់ ពាក់ព័ន្ធវិស័យអាកាសចរស៊ីវិល ចាប់ពីថ្នាក់ជំនាញបច្ចេកទេស ដល់កម្រិតថ្នាក់បណ្ឌិត។
ក្រោមកិច្ចសហប្រត្តិការគ្រប់ជ្រុងជ្រោយ ពីវិស័យអាកាសចរស៊ីវិលកម្ពុជា និងចិន អាចរៀបចំបញ្ជូននិស្សិតកម្ពុជា មកសិក្សានៅសាកលវិទ្យាល័យអាកាសចរស៊ីវិលនេះ ជាបន្តបន្ទាប់៕